លោក សម រង្ស៊ី ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់អន្ទាក់​ខ្លួនឯង ក្នុងការ​កាត់ទោស កឹម សុខា
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់អន្ទាក់​ខ្លួនឯង ក្នុងការ​កាត់ទោស កឹម សុខា
20, Jan 2020 , 11:11 am        
រូបភាព
ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន កំពុង​ទាល់ច្រក​ដោយសារ​ករណី​លោក កឹម សុខា ។ លោក សម រង្ស៊ី ចំអក​ថា សម្ដេច ហ៊ុន សែន កំពុង​ជាប់អន្ទាក់​ខ្លួនឯង​។ ផ្ទុយ​ពី​ការលើកឡើង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន ចាត់ទុក​សម្តី​លោក សម រង្ស៊ី ថា ជាការ​ឆក់​ឱកាស​វាយប្រហារ​មកលើ​រដ្ឋាភិបាល និង​ប្រព័ន្ធយុត្តិធម៌​ប៉ុណ្ណោះ​។



​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​ចំអក​ឱ្យ​មេដឹកនាំ​កម្ពុជា​ថា សម្ដេច ហ៊ុន សែន ជាប់អន្ទាក់​ខ្លួនឯង ក្នុងការ​កាត់ទោស កឹម សុខា ។ លោក សម រង្ស៊ី ថា នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​ទាល់ច្រក ដោយ​ទៅមុខ​ក៏​មិន​រួច និង​ថយក្រោយ​ក៏​មិន​រួច ដោយសារ​ករណី​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។​
 
​ត្រង់ចំណុច​នេះ​លោក សម រង្ស៊ី បាន​ពន្យល់​ពី​ពាក្យ «​ទៅមុខ​មិន​រួច​» នេះ ក្នុងន័យ​ថា តុលាការ មិនអាច​រក​ភស្តុតាង​អ្វី​ពិតប្រាកដ ដែល​បង្ហាញថា កឹម សុខា ក្បត់ជាតិ​មែន​នោះឡើយ​។​
 
​ចំណែក​ពាក្យ «​ថយក្រោយ​មិន​រួច​»​នេះ​វិញ គឺ​ត្រូវបាន​លោក សម រង្ស៊ី ពន្យល់ថា បើ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​មកលើ កឹម សុខា មានន័យថា ត្រូវតែ​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ពីព្រោះ​គណបក្ស​ដែល​ត្រូវ​រំលាយ កាលពី​ឆ្នាំ ២០១៧​កន្លងមក ដោយ​ឈរលើ​ការចោទប្រកាន់​ដ៏​រវើរវាយ និង​គ្មាន​មូលដ្ឋាន​មកលើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់នៅ​ក្រៅប្រទេស ដោយសារ​រឿង​ក្តីក្ដាំ​ច្រើន​រូបនេះ បាន​សរសេរ​រៀបរាប់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងការ​ថយក្រោយ​វិញ​នេះ ហ៊ុន សែន ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ហើយ​ពេលនោះ គណបក្ស ហ៊ុន សែន នឹង​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​កាលពី​ឆ្នាំ ២០១៣ បើ​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​»​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​សម្តី​លោក សម រង្ស៊ី ជា​ពាក្យ​គ្មាន​ន័យ​។ លោក ផៃ ស៊ី​ផាន យល់ឃើញថា ការលើកឡើង​របស់​មេ​ដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ គឺ​គ្រាន់តែ​ឆក់យក​ឱកាស​វាយប្រហារ​មកលើ​រដ្ឋាភិបាល និង​ប្រព័ន្ធយុត្តិធម៌ ខណៈដែល​តុលាការ​កំពុងដំណើរកា​រ​នីតិវិធី​ច្បាប់​លើ​លោក កឹម សុខា​។​សម្រាប់​លោក ផៃ ស៊ី​ផាន ពាក្យសម្តី​របស់លោក សម រង្ស៊ី គ្រាន់តែ​ចង់​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​ឆ្លើយតប​ការពារ​រដ្ឋាភិបាល​វិញ​ដូច្នេះ​ថា​៖«​លោក សម រង្ស៊ី គ្រាន់តែ​ឆក់យក​ឱកាស ឬ​ប្លន់​យក​បរិយាកាស​ដំណើរការ​យុត្តិធម៌​របស់​តុលាការ​កម្ពុជា​តែប៉ុណ្ណោះ អាស្រ័យ​តុលាការ​កម្ពុជា​បានធ្វើ​នីតិវិធី​របស់ខ្លួន ដោយ​ឈរលើ​មូលដ្ឋាន​ពីរ គឺ​អង្គហេតុ​(​ភស្តុតាង​) និង​អង្គច្បាប់​។ ហើយ​វា​មិនមែនជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​លោក សម រង្ស៊ី ចង់​បង្កើត​សាច់រឿង​ឱ្យគេ​យល់ច្រឡំ​ថា ជា​រឿង​នយោបាយ​…​។ 
 
​កាលពី​ថ្ងៃទី​១៥ មករា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពីបទ​«​គប់គិត​ជាមួយ​បរទេស​» តាំងពី​អំឡុង​ឆ្នាំ​២០១៣ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល តាម​ពាក្យបណ្ដឹង​របស់​មេធាវី​រដ្ឋាភិបាល​។ សវន​ការ​នេះ គ្រោង​ដំណើរការ​នីតិវិធី​រយៈពេល​៣​ខែ ទើប​អាច​បញ្ចប់ ក្រោម​ហេតុផល​វា​ជា​រឿងក្តី​ធំ​។​
 
​តែ​យ៉ាងណា​លោក កឹម សុខា ដែល​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​នីតិវិធី​បើក​សវ​នារ​បស់​តុលាការ​នេះ បាន​ច្រានចោល​ទាំងស្រុង​រាល់​ការចោទប្រកាន់​មកលើ​ខ្លួន និង​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ទាំងនោះ​។ ក្នុង​គ្រា​ដែល​តុលា​ការផ្ដើម​សវនាការ កាលពី​ថ្ងៃទី​១៥ មករា​នោះ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖« «​ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​»​។​
 
​លោក កឹម សុខា បាន​អះអាង​ទៀតថា សកម្មភាព​របស់លោក​កន្លងមក គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ។ ចំណែក​សកម្មភាព​នយោបាយ​របស់លោក​វិញ គឺ​ផ្តោតលើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​
 
​សវនាការ​សំណុំរឿង​លោក កឹម សុខា បានធ្វើឱ្យ​សហគមន៍​អន្តរជាតិ ថ្លែង​សារ​អន្តរាគមន៍​ជា​បន្តបន្ទាប់​។ ក្នុងនោះ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ទាមទារ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ការចោទប្រកាន់​ចេញពី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ផ្តល់​សិទ្ធិ​ពេញលេញ​ជូន​ប្រធាន​អតីត​បក្សប្រឆាំង​រូបនេះ ដើម្បី​អាចឈាន​ចូល​ឆាកនយោបាយ​វិញ​។ ចំណែក​ខាង​ក្រុម​អ្នក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា «​ការជំនុំជម្រះ​ក្តី​លើ​លោក កឹម សុខា មិនមាន​គុណភាព​អាច​ទទួលយក​បានឡើយ​»៕

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com