ក្រសួងបរិស្ថាន​៖ គុណភាព​ខ្យល់​នៅ​កម្ពុជា បាន​វិល​មក​ល្អប្រសើរ​វិញ​
ជាតិ
ក្រសួងបរិស្ថាន​៖ គុណភាព​ខ្យល់​នៅ​កម្ពុជា បាន​វិល​មក​ល្អប្រសើរ​វិញ​
20, Jan 2020 , 5:15 pm        
រូបភាព
​ភ្នំពេញ​៖ គុណភាព​ខ្យល់​នៅ​កម្ពុជា បាន​វិល​ត្រឡប់មក​ធម្មតា​វិញ​ហើយ នៅ​ថ្ងៃទី​២០ មករា​នេះ​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​នៅ​ទូទាំងប្រទេស របស់​ក្រសួងបរិស្ថាន​។​


 
​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ស្ថានភាព​នៃ​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ដោយ​ប៉ារ៉ាម៉ែត្រ​កំហាប់​ភាគល្អិត​និចល PM2.5 បាន​ស្ថិតនៅក្រោម​កម្រិតស្តង់ដា​រ​កំណត់​។ បើតាម​ក្រសួងបរិស្ថាន​ដដែល គុណភាព​ខ្យល់​នៅតាម​បណ្តា​ខេត្ត​នានា ក៏​មានគុណ​ភាពល្អ​ផងដែរ​។​
«​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​នៅតែ តាមដាន​បន្តទៀត លើ​ស្ថានភាព​គុណភាព​ខ្យល់​នេះ​។ ប្រសិនបើ​មាន​អ្វី​ប្រែប្រួល ក្រសួងបរិស្ថាន​នឹង​ជម្រាបជូន​ដំណឹង​ភ្លាមៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងបរិស្ថាន​។​
 
​កាលពីពេល​ថ្មីៗ​នេះ ស្ថានភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ ជាពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM10 និង PM2.5 មានការ​កើនឡើង​លើស​កំណត់​ស្ដង់ដារ ដែលជា​ហានិភ័យ​បង្ក​ការប៉ះពាល់ ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​។​
 
​បើតាម​ក្រសួងបរិស្ថាន  ប្រភព​និង​សកម្មភាព​សំខាន់ៗ ដែលជា​ហេតុ​បង្កឱ្យមាន​កំហាប់​ភាគល្អិត​និចល PM10 និង PM2.5 កើនឡើង​នេះ មានដូចជា ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម ពី​យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ពី​ចំហេះ​ឥន្ទ​នៈ​ផ្សេងទៀត​, ពី​ភ្លើង​ឆេះ​ព្រៃ ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅតាម​ទី​ចំហ និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​ជាដើម ។ ក្រសួងបរិស្ថាន ក៏បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ជួយ​ទប់ស្កាត់​លើ​បញ្ហា​ទាំងអស់នេះ​៕

Tag:
 គុណភាព​ខ្យល់​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com