អន្តរជាតិ
កូរ៉េខាងត្បូង ត្រៀម​ជម្លៀស​ប្រជាជន​របស់ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន​
28, Jan 2020 , 9:39 pm        
រូបភាព
​កូរ៉េខាងត្បូង នា​ថ្ងៃទី​២៨ ខែមករា បានប្រកាស​ត្រៀម​ជម្លៀស​ប្រជាជន​របស់ខ្លួន ដែលមាន​វត្តមាន​នៅក្នុង​ក្រុង​វូ​ហាន តាមរយៈ​ការបញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​នៅក្នុង​សប្តាហ៍​នេះ ខណៈ​កូ​រ៉ូ​ណាវី​រុស កំពុង​ផ្ទុះឡើង​ជាច្រើន​ករណី និង​សាយភាយ​ទៅ​តំបន់​ផ្សេងទៀត​។ ជាមួយគ្នានេះដែរ ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក៏បាន​សន្យា​ជួយ​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​ថ្មី​នេះ​ផងដែរ​។​


 
​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បន្ទាន់​មួយ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Chung Sye-kyun កូរ៉េខាងត្បូង បាន​បញ្ចេញ​គម្រោង​ជម្លៀស​ប្រជាជន​របស់ខ្លួន​ជាច្រើន​នាក់ ចេញពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី កូរ៉េខាងត្បូង នឹង​អនុវត្ត​ភារកិច្ច​របស់ខ្លួន ក្នុងការ​ការពារ​ពល​រដ្ឋ​របស់ខ្លួន ដែល​ស្នាក់នៅ​បរទេស ហើយ​សុវត្ថិភាព​របស់​អ្នក​ទាំងនោះ គឺ​សំខាន់បំផុត​។  
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ប្រតិបត្តិ​ការជម្លៀស​ជ​ន​ជាតិ​កូរ៉េខាងត្បូង​ចេញពី​ក្រុង​វូ​ហាន នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ និង​ទី​៣១ ខែមករា ខាងមុខនេះ​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បារម្ភ​ពី​សុវត្ថិភាព​ប្រជាជន​របស់ខ្លួន និង​បន្ទាប់ពី​ករណីនេះ​បាន​រីក​សាយភាយ​ប្រមាណ ៤៥១៥​ករណី និង​អ្នកស្លាប់​កើន​ដល់​ជាង​១០០​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Yonhap​។ 
 
​ចំណែក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន​ឯណោះ​វិញ បានចេញ​ផ្ញើលិខិត​មួយច្បាប់​ទៅ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ផងដែរ​។ នៅក្នុង​ខ្លឹមសារ​នៃ​លិខិត​នោះ លោក​មូ​ន បាន​សន្យា​គាំទ្រ​គ្រប់​កាលៈទេសៈ​ទាំងអស់ ចំពោះ​ចិន ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស​។ ជា​សារ​ឆ្លើយតប​ទៅនឹង​លិខិត​ជូនពរ​របស់លោក ស៊ី សម្រាប់​ថ្ងៃកំណើត លោក មូ​ន បាន​អះអាងថា រដ្ឋាភិបាល​របស់លោក សន្យា​គាំទ្រ និង​សហប្រតិបត្តិការ​ជាមួយ​ចិន ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​កូ​រ៉ូ​ណាវី​រុស​។ ជាពិសេស​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​រូបនេះ ក៏បាន​ជូនពរ​ឲ្យ​ចិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឆាប់ៗ​ផងដែរ​។​
 
​ក្រៅពី​កូរ៉េខាងត្បូង នៅមាន​ប្រទេស​មួយចំនួនទៀត ក៏​បានចេញ​វិធានការ ត្រៀម​ជម្លៀស​ប្រជាជន​របស់ខ្លួន​ផងដែរ ក្នុងនោះ​រួមមាន ជប៉ុន អាមេរិក ថៃ បារាំង​ជាដើម​៕  

Tag:
 ចិន​
  កូរ៉េខាងត្បូង​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com