អន្តរជាតិ
COVID-19៖ ៧​នាក់​ហើយ​ដែល​ស្លាប់​នៅ​កូរ៉េខាងត្បូង ខណៈ​អ្នកជំងឺ​ឡើងដល់​៧៦៣​នាក់​
24, Feb 2020 , 9:26 am        
រូបភាព
ប្រភពរូប៖ The Korea Herald
ប្រភពរូប៖ The Korea Herald
ដោយ:
​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ១៦១​នាក់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​២៤ ខែកុម្ភៈ​។ តួលេខ​ថ្មី​នេះ ធ្វើ​ឲ្យ​អ្នកជំងឺ​សរុប​ទូទាំងប្រទេស​កូរ៉េខាងត្បូង​ឡើងដល់ ៧៦៣​នាក់​។


 
​ក្នុង​សេចក្តីថ្លែងការណ៍ មជ្ឍមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​២​នាក់​ថ្មី​ទៀត ដែល​បង្កើន​អ្នកស្លាប់​ព្រោះ COVID-19 នៅ​កូរ៉េខាងត្បូង​ឡើងដល់ ៧​ករណី​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ក្នុងចំណោម​អ្នក​ឆ្លង​COVID-19​ថ្មី​ទាំង​១៦១​នាក់ អ្នកជំងឺ ១៤២​នាក់ គឺ​ស្ថិតក្នុង​ទីក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី សេ​អ៊ូ​ល​។ ហើយ​ចំណែក ៤ ករណី​ផ្សេងទៀត ត្រូវបាន​រាយការណ៍​ថា រកឃើញ​ក្នុង​ទីក្រុង សេ​អ៊ូ​ល ។ 
 
​អ្នក​ឆ្លង​នៅ​ក្រុង Daegu ភាគច្រើន​គឺជា​ប់​ពាក់ព័ន្ធ​នឹង​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ក្នុង​ក្រុង Daegu ភាគខាងត្បូង​នៃ​ប្រទេស​កូ​រ៉​ខាងត្បូង​។ អភិបាលក្រុង Daegu ក្រុង​ធំ​បំផុត​លំដាប់​ទី​៤​របស់​កូរ៉េខាងត្បូង ជាមួយ​ប្រជាជន​ជាង​២,៨​លាន​នាក់ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​សម្ងំ​ក្នុងផ្ទះ និង​បញ្ចៀស​ការដើរ​ហើរ ប្រសិនបើ​មិនចាំបាច់​។​
 
​សូមបញ្ជាក់ថា នា​ថ្ងៃអាទិត្យ​ទី​២៣ ខែកុម្ភៈ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​លើកឡើងថា COVID-19 គួរតែ​ដោះស្រាយ​ដោយ​វិធានការ​ម៉ត់ចត់​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹង​ដំឡើង​កម្រិត​ប្រកាសអាសន្ន​របស់​ប្រទេស ជុំវិញ​COVID-19 ទៅ​«​កម្រិត​ខ្ពស់បំផុត​» ដោយ​ផ្អែក​ទៅតាម​ការផ្តល់​អនុសាសន៍​របស់​ក្រុម​អ្នកជំនាញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com