អន្តរជាតិ
ឥណ្ឌូណេស៊ី ឃាត់​ទូក​នេសាទ​ខុសច្បាប់​វៀតណាម​ក្នុង​ដែនទឹក​របស់ខ្លួន​
06, Mar 2020 , 8:29 am        
រូបភាព
កងកម្លាំងឥណ្ឌូណេស៊ី ឃាត់ខ្លួនជនជាតិវៀតណាម, រូបភាព៖ AFP
កងកម្លាំងឥណ្ឌូណេស៊ី ឃាត់ខ្លួនជនជាតិវៀតណាម, រូបភាព៖ AFP
​ឥណ្ឌូណេស៊ី បាន​ឃាត់ទុក​ទូក​នេសាទ​វៀតណាម និង​កង​នាវិក​ជាច្រើន​នាក់ ដែល​បាន​ចូលមក​នេសាទ​ក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី​ខុសច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃទី​៥ ខែមីនា​។


 
​ទូក​នេសាទ​ចំនួន​៥ និង​នាវិក​ចំនួន ៦៨​នាក់ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ទុក បន្ទាប់ពី​ចូលមក​នេសាទ​ខុសច្បាប់ ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone) ក្បែរ​ប្រជុំ​កោះ​ណា​ទុ​ណា (Natuna) របស់​ឥណ្ឌូណេស៊ី​។ ចំណាត់ការ​ឃាត់ទុករ​បស់​ឥណ្ឌូណេស៊ី​នេះ​ធ្វើឡើង បន្ទាប់ពី​ទូក​នេសាទ​របស់​វៀតណាម​មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។ 
 
​កាល​ឆ្នាំមុន​ឥណ្ឌូណេស៊ី និង​វៀតណាម​ក៏បាន​ប៉ះ​ទ​ង្គិ​ត​គ្នា​ដែរ ជុំវិញ​ការឃាត់​ទូក​នេសាទ​នេះ​។ កាលនោះ​នាវា​យាមល្បាត​របស់​វៀតណាម​ពីរ​គ្រឿង បាន​បើក​បុក​នាវា​យាមល្បាត​ឥណ្ឌូណេស៊ី​មួយគ្រឿង ដើម្បី​ការពារ​ទូក​នេសាទ​រប​ស់​ខ្លួន​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស់​យ៉ាងខ្លាំង​រវាង​ភាគី​វៀតណាម និង​ឥណ្ឌូណេស៊ី​។ 
 
​ជា​ប្រទេស​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី បាន​ការពារ​ដែនដីរ​បស់​ខ្លួន​យ៉ាងខ្លាំង​។ នា​ខែមករា ឆ្នាំ ២០២០​កន្លងទៅ ឥណ្ឌូណេស៊ី បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​ជាច្រើន​គ្រឿង ដើម្បី​បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់​ទូក​នេសាទ​ចិន និង​នាវា​យាមល្បាត​ចិន ដែល​បានធ្វើ​សកម្មភាព​នៅក្នុង​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា​។ ចុងក្រោយ​ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន បាន​ចាក​ចេញពី​តំបន់​នេះ ដើម្បី​បញ្ចប់​ជម្លោះ​ភាគី​ទាំងពីរ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com