ជាតិ
សង្គមជាតិ
ខ្មែរពីរនាក់ទៀតនៅត្បូងឃ្មុំ បានជាពីជំងឺកូវីដ-១៩ និងអនុញ្ញាតឲ្យទៅផ្ទះវិញ
24, Mar 2020 , 3:32 pm        
រូបភាព
ក្រុមការងារឆ្លេីយតបបន្ទាន់របស់មន្ទីរសុខភិបាលខេត្តត្បូងឃ្មុំ និង ការិយាល័យសុខាភិបាលប្រតិបត្តិស្រុកតំបែរ  បានចុះប្រមូលសំណាករបស់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយប្រយោលលេីអ្នកមានកូវីដ១៩  នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកតំបែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ (រូបពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)
ក្រុមការងារឆ្លេីយតបបន្ទាន់របស់មន្ទីរសុខភិបាលខេត្តត្បូងឃ្មុំ និង ការិយាល័យសុខាភិបាលប្រតិបត្តិស្រុកតំបែរ បានចុះប្រមូលសំណាករបស់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយប្រយោលលេីអ្នកមានកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកតំបែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ (រូបពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)
ក្រុមគ្រូពេទ្យ បានយកសំណាកពលរដ្ឋខ្មែរ៤នាក់ ដែលឆ្លងកូវីដ-១៩ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ទៅធ្វើតេស្រ្តឡើងវិញ នៅវិទ្យាស្ថានប៉ាស្ទ័រក្នុងរាជធានីភ្នំពេញ ហើយលទ្ធផលដែលបង្ហាញ គឺក្នុងចំណោមអ្នកទាំង៤នោះ មាន២នាក់ ទទួលបានលទ្ធផលអវិជ្ជមាន មានន័យថា អស់មេរោគ និងបានជាសះស្បើយវិញ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ដូច្នេះថា៖«បច្ចុប្បន្ន ក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យពួកគាត់ទាំង២នាក់ វិលត្រឡប់ទៅគេហដ្ឋានវិញហើយ»។ អ្នកទាំង២នោះ ជាបុរស ដោយម្នាក់ មានអាយុ៥៣ឆ្នាំ នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ និង ម្នាក់ទៀត មានអាយុ៥៦ឆ្នាំ នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក។ 

ចំណែក២នាក់ទៀត ដែលត្រូវបានយកសំណាកទៅធ្វើតេសឡើងវិញដែរនោះ ពុំមានការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនោះទេ តែទំនងជាមិនទាន់ចេញលទ្ធផល ឬក៏អាចថា លទ្ធផលវិជ្ជមានដដែល។ មកដល់ពេលនេះ សម្រាប់ខេត្តត្បូងឃ្មុំ មានពលរដ្ឋខ្មែរតែ៤នាក់នេះទេ ដែលរកឃើញថា ឆ្លងកូវីដ-១៩។ 

វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា​ ចំពោះបុរសខ្មែរទាំងពីរនាក់ ដែលជាសះស្បើយពីជំងឺកូវីដ-១៩នោះ ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះវិញ កាលពីព្រឹកមិញ (ថ្ងៃទី២៤ ខែមីនា)។ លោក អះអាងថា សំណាករបស់អ្នកទាំង២ គឺឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ឡើងវិញ ដល់ទៅ៣ដង ហើយលទ្ធផល គឺត្រឡប់មកអវិជ្ជមានវិញទាំង៣ដង។ 

លោក រៀបរាប់ថា ធ្វើតេស្រ្តលើកទី១ ពេលលទ្ធផលចេញមកអវិជ្ជមាន ក្រុមគ្រូពេទ្យ មិនទាន់ហ៊ានអនុញ្ញាតឲ្យពួកគេ ត្រឡប់ទៅផ្ទះទេ គឺឲ្យពួកគេ បន្តសម្រាកនៅមន្ទីរពេទ្យដដែល។ លោក បន្ថែមថា រហូតដល់លទ្ធផល២លើកទៀត បានចេញមកអវិជ្ជមាន ទើបគ្រូពេទ្យសម្រេចឲ្យពួកគេ ទៅផ្ទះវិញ។ 

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ បានណែនាំពួកគេ ឲ្យថែសុខភាពឲ្យបានល្អ​ ពេលទៅដល់ផ្អះ។ លើសពីនេះ លោក និយាយថា ក្រុមគ្រូពេទ្យ​ អាចទាក់ទងពួគេ តាមទូរស័ព្ទ ដើម្បីសួរនាំពីសុខភាព ឬពួកគេ អាចហៅទូរស័ព្ទទៅក្រុមគ្រូពេទ្យវិញ បើមានបញ្ហាសុខភាព។ 

នៅថ្ងៃទី២២ ខែមីនា មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងថា បុរសខ្មែរ២នាក់ ដែលមានកូវីដ-១៩ ដែរនោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ ត្រូវបានក្រុមគ្រូពេទ្យ យកសំណាកទៅធ្វើឡើងវិញ២ដង ហើយលទ្ធផល គឺអវិជ្ជមានទាំង២ដង។ យ៉ាងណា មន្ទីរសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារ មិនទាន់ហ៊ានប្រកាសថា ពួកគេទាំង២នាក់ បានជាដាច់១០០ភាគរយនោះទេ ហើយក៏មិនទាន់ហ៊ានឲ្យទៅផ្ទះដែរ។ 

បើតាមមន្ទីរសុខាភិបាលខេត្តព្រះវិហារ សំណាករបស់អ្នកទាំង២ ត្រូវបានបញ្ជូនទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ម្តងទៀត (លើកទី៣)។ មកដល់ពេលនេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ មិនទាន់បានផ្តល់ព័ត៌មានពីការធ្វើតេស្តលើកទី៣នេះឡើយ។ 

អត្ថបទទាក់ទង



រីឯបុរសខ្មែរម្នាក់ទៀតនៅខេត្តសៀមរាប ដែលមានកូវីដ-១៩ ត្រូវបានលោក​ ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អះអាងថា មានលទ្ធផលអវិជ្ជមានដែរ ក្រោយក្រុមគ្រូពេទ្យ យកសំណាករបស់គាត់ ទៅធ្វើតេស្តឡើងវិញ។ បុរសខ្មែរនៅខេត្តសៀមរាប ក៏ដូចបុរសខ្មែរទាំង២នាក់ នៅខេត្តព្រះវិហារដែរ គឺក្រុមគ្រូពេទ្យ មិនទាន់ហ៊ានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យឡើយ។

ក្រៅពីជនជាតិខ្មែរ ជនបរទេស២នាក់ទៀត គឺបុរសជនជាតិចិន និង ស្រ្តីជនជាតិអង់គ្លេស ក៏ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលឲ្យជាសះស្បើយដែរ។ បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅកម្ពុជា មាន៨៣នាក់៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com