COVID-19
ជាតិ
គណៈសង្ឃ​៖ បរិស័ទ​នៅតែ​អាច​យក​ចង្ហាន់​ទៅ​វត្ត​បាន តែ​ត្រូវ​ទៅ​ចំនួន​មនុស្ស​តិច​
13, Apr 2020 , 8:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​ស​ង្រា្ក​ន្ត​តាម​ខេត្ត និង​តាម​ទី​វត្ត​អារាម​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ  ប៉ុន្តែ​ពលរដ្ឋ​នៅតែ​អាច​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន និង​អាច​យក​ចង្ហាន់​ទៅ​វត្ត​អារាម​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជាធម្មតា តែ​ក្នុង​លក្ខខណ្ឌ​មាន​ចំនួន​គ្នា​តិច​។

  
​ស្របតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​បានដាក់​កំហិត​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ចាប់ពី​យប់​ថ្ងៃទី​៩ ដល់​យប់​ថ្ងៃទី​១៦ ខែមេសា និង​ហាម​ឲ្យ​ពលរដ្ឋ​ជួបជុំគ្នា ជប់លៀង រាំ​កម្សាន្ត​តាម​ទីសាធារណៈ វត្ត​អារាម សហគមន៍ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​អនុវត្ត​ឡើង​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​កម្មវិធី​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ត្រូវបាន​លើកលែង​។ 
 
​គណៈសង្ឃ​នាយក​បានចេញ​សេចក្តីប្រកាស​ណែនាំ​ដល់​ពុទ្ធបរិស័ទ​កុំ​មានការ​ប្រមូល​ផ្តុំគ្នា​មក​វត្ត​នៅពេលដែល​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ ដែល​អាចមាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ សម្តេចព្រះ​សង្ឃនាយក បាន​ណែនាំ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​គ្រប់រូប រៀបចំ​គ្រឿង​សក្ការបូជា ថ្វាយ​ព្រះ​រតនត្រ័យ រៀបចំ​ចំណី​និង​ផ្លែឈើ ជាដើម ជូន​មាតាបិតា ត្រកូល​រៀមច្បង ព្រមទាំង​រៀបចំ​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន តាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​។ 
 
​យ៉ាងណា​ពុទ្ធបរិស័ទ​ក៏​នៅតែ​អាច​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​ធម្មតា​។ ត្រង់ចំណុច​នេះ លោក សេង សុ​មុនី អះអាងថា មុនពេល​ពលរដ្ឋ​មក​វត្ត​នោះ ពលរដ្ឋ​ទូទៅ​ត្រូវតែ​កាត់បន្ថយ ចំនួន​សមាជិកគ្រួសារ​ដែល​ធ្លាប់តែ​ទៅ​គ្នាច្រើន ត្រូវ​កំណត់​មក​ត្រឹម​គ្នា​តិច​វិញ និង​កំណត់​ពុទ្ធបរិស័ទ ត្រឹម​ប៉ុន្មាន​នាក់ អញ្ជើញ​ចូល​ប្រគេន​ម្ហូបអាហារ នំចំណី និង​ភេសជ្ជៈ​សម្រាប់​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​ចែក​ឋាន​ទៅ និង​កំណត់​ព្រះសង្ឃ​សូធ្យធម៌​ឲ្យ​គង់នៅ​ឆ្ងាយ​ពី​ពុទ្ធបរិស័ទ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយនឹង​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក សេង សុ​មុនី  បាន​រៀបរាប់​ដូច្នេះ​ថា​៖«​នៅតាម​ទីវ​ត្ត​អារាម នៅតែមាន​ព្រះសង្ឃ​ចាំ​ទទួល​ចង្ហាន់​ជាធម្មតា​។ ប៉ុន្តែ​ឲ្យ​មាន​លក្ខណៈ​តិច និង​ត្រូវ​ឲ្យ​មាន​យន្តការ​ដល់​ពលរដ្ឋ កុំទៅ​បែប​ទ្រង់ទ្រាយ​ធំ​។ ពលរដ្ឋ​ទូទៅ​អាច​ទៅ​វត្ត​បាន​ធម្មតា មិន​ជាការ​ទាស់ខុស​អ្វី​ទេ​»​។ 
 
​ទាក់ទង​នឹង​វិធានការ​នៅតាម​ទី​វត្ត​អារាម​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​បាន​បញ្ជាក់ថា នៅតាម​ទីវ​ត្ត​អារាម​នានា​ទូទាំងប្រទេស បាន​ត្រៀមលក្ខណៈ​ការពារ​រួចជាស្រេច​ហើយ ពោលគឺ​បានរៀបចំ​អាល់កុល និង​ពាក់​ម៉ាស់​គ្រប់​ពេលដែល​ព្រះសង្ឃ​ប្រតិបត្តិ​ធម៌​តាម​ព្រះពុទ្ធសាសនា​។​
 
​លោក សេង សុ​មុនី​ប្រាប់​ដូច្នេះ​ថា​៖«​ខាង​ផ្នែក​សាសនា បាន​អនុវត្ត​ទៅតាម​ការគិតគូរ​រប​ស់​ប្រមុខ​រដ្ឋាភិបាល​។ កន្លងមក​តាម​ទីវ​ត្ត​អារាម នៅ​ថ្ងៃសីល​អីហ្នឹង ក៏បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ ខាង​គណៈធម្មយុត្តិកនិកាយ មានការ​ណែនាំ​អស់ហើយ ទាំង​ការ​លាងដៃ ទាំង​ការ​អង្គុយ​ឆ្ងាយ​ពីគ្នា នៅពេលដែល​លោក​សូធ្យធម៌​។ ទាំងនេះ​ជាការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត សម្រាប់​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​»​។​
 
​បើតាម​លោក សេង សុ​មុនី នៅតាម​ទីវ​ត្ត​អារាម នៅតែ​អាច​រៀបចំ​ពិធី​បែប​ប្រពៃណី​តាម​សាសនា ដូច​ជាការ​ស្រង់​ព្រះ និង​ពូន​ភ្នំខ្សាច់ ប៉ុន្តែ​ការរាំរែក លេងល្បែង​ប្រជាប្រិយ​ត្រូវបាន​ហាមឃាត់​។ លោក ប្រាប់​ដូច្នេះ​ថា​៖«​យើង​អាស្រ័យ​លើ​ព្រះសង្ឃ​តាម​វត្ត​នីមួយៗ ដែល​អាច​រៀបចំ​ពិធី​ស្រង់​ព្រះ​បាន ទៅតាម​មនុស្ស​ពីរ ឬ​បីនាក់​ទៅ តែ​កុំ​ឲ្យ​មានការ​ជុំគ្នា​ច្រើន​»​។ 
 
​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​រូបនេះ បាន​ណែនាំ​ឲ្យ​គ្រប់​វត្ត​អារាម​ទូទាំងប្រទេស និង​ពលរដ្ឋ​រក្សា​អនាម័យ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ ទន្ទឹមនឹងនេះ លោក សេង សុ​មុនី បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ទូទៅ​ប្រគេន​ជា​របស់​ប្រើប្រាស់​ដែល​អាច​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​ដល់​វត្ត​អារាម​ផងដែរ​៕
 
 
   

Tag:
 ​ចូលឆ្នាំ​ខ្មែរ​
 ​វត្ត​អារាម​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com