COVID-19
ជាតិ
សង្គមជាតិ
ឆ្នាំនេះ​មិន​ដឹក​ពលរដ្ឋ​ទៅតាម​ខេត្ត តែ​អ្នកបើក​រថយន្តក្រុង​សាធារណៈ ក៏​មិនបាន​ទៅ​ស្រុកកំណើត​ដែរ​
14, Apr 2020 , 8:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ រៀង​រាល់វេលា​ចូលឆ្នាំ​ខ្មែរ អ្នកបើកបរ​រថយន្ត​ក្រុង​សាធារណៈ តែង​មមាញឹក​ដឹក​ពលរដ្ឋ​ទៅតាម​បណ្តា​ខេត្ត ដែល​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ពេល​ទៅលេង​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត​។ ឆ្នាំនេះ ក៏​មិន​ខុសពី​ឆ្នាំមុន​ដែរ អ្នកបើកបរ​រថយន្ត​ក្រុង​សាធារណៈ មិនបាន​ទៅ​ស្រុកកំណើត​ឡើយ បើទោះជា​បុណ្យចូលឆ្នាំ​ត្រូវ​ផ្អាក​ក៏ដោយ​។ ទោះ​សេវាកម្ម​រថយន្តក្រុង​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ផ្អាក ក៏​ពួកគាត់​នៅ​បំពេញការងារ​នៅ​កន្លែង​ជាធម្មតា​។​

 
​លោក អ៊ុច សំបុក អ្នកបើក​រថយន្តក្រុង​សាធារណៈ មិនបាន​ទៅ​ស្រុកកំណើត​នៅ​ខេត្តតាកែវ ឡើយ​នៅ​ឆ្នាំនេះ ដោយសារ​ត្រូវ​ប្រចាំការ​នៅ​កន្លែងធ្វើការ​។ តាមពិតទៅ  លោក​គ្រោង​ទៅ​ជួបជុំ​គ្រួសារ​នៅ​ឆ្នាំនេះ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​បានចេញ​ប្រកាស​ឲ្យ​បុគ្គល​រដ្ឋ និង​ឯកជន​ធ្វើការ​ធម្មតា​វិញ​។ លោក អ៊ុច សំបុក បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ឆ្នាំនេះ ខ្ញុំ​មិនបាន​ទៅ​ស្រុកកំណើត​ទេ ដោយ​ឆ្នាំនេះ​ខ្ញុំ​នៅ​យាម​។ សម្រាប់​ខ្ញុំ ចូលឆ្នាំ ឬ​មិន​ចូលឆ្នាំ វា​មិនមាន​បញ្ហា​អ្វី​ឡើយ ដោយសារ​ខ្ញុំ​ត្រូវមាន​បេសកម្ម​កន្លងទៅ ក៏​ខ្ញុំ​អត់​មាន​ពេល​ឈប់​នៅ​ថ្ងៃ​ចូលឆ្នាំ​។ ដល់​ចូលឆ្នាំ​ហើយ ទើបបាន​ឈប់សម្រាក​»​។  
  
ពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើដំណើរតាម​រថយន្តក្រុងសាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋ​បាលរាជធានីភ្នំពេញ កាលពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៩ 

​ចំណែក​អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ​ម្នាក់ទៀត គឺ​លោក សយ សុវណ្ណ​។ រាល់​ឆ្នាំ លោក សុវណ្ណ មមាញឹក​ដឹក​ពលរដ្ឋ​ទៅតាម​ខេត្ត គឺ​ខេត្តកំពត កែប កំពង់ស្ពឺ និង​ព្រះសីហនុ​។ សម្រាប់​ឆ្នាំនេះ ទោះ​មិនមាន​ការងារ​ដឹក​ពល​រដ្ឋ​ទៅតាម​ខេត្ត​ក៏ដោយ លោក​នៅបាន​សម្រេច​ថា​មិន​ទៅ​ស្រុកកំណើត​តែម្តង​នៅ​ឆ្នាំនេះ ព្រោះ​លោក​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ផង​។ លោក សយ សុវណ្ណ ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ដោយសារតែ​ខ្ញុំ​ខ្លាច​ឆ្លង​ជំងឺ​ហ្នឹង អ៊ីចឹង​ខ្ញុំ​អត់​ហ៊ាន​ទៅ​ស្រុក​ទេ​។ ខ្ញុំ​ភ័យ ដោយ​ឃើញ​មាន​ករណី​ឆ្លង​ច្រើន​អ៊ីចឹង​។ ពេល​ចូលឆ្នាំ​ខ្ញុំ​នឹង​ទៅ​ប្រចាំការ​នៅ​កន្លែង​វិញ​។ ពេល​មាន​បទបញ្ជា​អី​ថ្មី យើង​នៅតែ​ធ្វើការ​របស់​យើង​ធម្មតា​ទៅ​»​។ ខ្ញុំ​តែងតែ​ទៅលេង​គាត់ ពេល​គាត់​តេ​មក ថា​គាត់​ឈឺ​អ៊ីចឹង ខ្ញុំ​ក៏​ទៅ​មើល​គាត់ មិនមែន​ចាំតែ​ពេល​បុណ្យទាន​ទេ​»​។​
 
​មិនបាន​ជុំ​គ្រួសារ នៅឯ​ស្រុក​ក្នុងអំឡុង​ចូលឆ្នាំ​នេះ តែ​លោក សយ សុវណ្ណ ពេញ​ចិត្តនឹង​វិធានការ​រាជរដ្ឋាភិបាល ដែល​ផ្អាក​ពិធី​ចូលឆ្នាំ​ខ្មែរ ក៏ដូចជា​ការផ្អាក​សេវា​ដឹកជញ្ជូន​ពលរដ្ឋ ទៅតាម បណ្តា​ខេត្ត ដោយ​ពួកគេ​យល់ថា វិធានការ​នេះ នឹង​ជួយ​រួមចំណែក​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩៕
 
អត្ថបទទាក់ទង
 
 
 
 


 

Tag:
 ​អ្នកបើកបរ​
 ​ រថយន្តក្រុង​
 ​ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com