COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ធ្វើតេស្ត​មនុស្ស​ជាង​២​ម៉ឺន​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ឆ្លង COVID-19 នៅ​តំបន់ Itaewon
14, May 2020 , 11:53 am        
រូបភាព
តំបន់ Itaewon។ រូបភាព៖ Yonhap
តំបន់ Itaewon។ រូបភាព៖ Yonhap
​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បានធ្វើ​តេស្ត​មនុស្ស​ច្រើនជាង ២​ម៉ឺន​នាក់ ដែលមាន​ពាក់ព័ន្ធ​នឹង​តំបន់​ពហុវប្បធម៌ Itaewon ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19)​។ បើតាម​ការអះអាង​រប​ស់​អភិបាលក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃទី​១៤ ខែឧសភា ការធ្វើ​តេស្ត​ក្នុង​អត្រា​ដ៏​ច្រើន​បែបនេះ គឺធ្វើឡើង​ក្រោម​គោលការណ៍ «​ធ្វើតេស្ត​សេរី និង​សម្ងាត់​» ចំពោះ​បុគ្គល​ដែល​ធ្លាប់បាន​ទៅ​ក្លិប​កម្សាន្ត​ក្នុង​តំបន់ Itaewon ។

 
​តំបន់​ពហុវប្បធម៌ ​Itaewon ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ចាត់ទុកថា​ជា​តំបន់​ផ្ទុះ​ថ្មី​នៃ COVID-19​។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែឧសភា ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស ​ទាក់ទង​នឹង​ក្លិប​កម្សាន្ត​ក្នុង​តំបន់ Itaewon បាន​កើន​ដល់ ១២០​ករណី ​​ក្នុងនោះ​សេ​អ៊ូ​ល​មាន ៧២​ករណី។ ករណី​ឆ្លង​នេះ ត្រូវបាន​គេ​ចាត់ទុក​ករណី​ឆ្លង​លើក​ទី​២ (Secondary Infection) នៅក្នុង​កូរ៉េខាងត្បូង ។ 
 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ Yonhap ដោយ​ព្រួយបារម្ភ​ពី​ការរីក​សាយភាយ COVID-19 ជាថ្មី អាជ្ញាធរ​កូរ៉េខាងត្បូង បាន​ព​ន្លឿ​ន​ការធ្វើ​តេស្ត​យ៉ាងខ្លាំង ​លើ​បុគ្គលដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​តំបន់ Itaewon​។ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ TBS អភិបាលក្រុង​សេ​អ៊ូ​ល លោក Park Won-soon​បាន​បញ្ជាក់ថា​៖«​ចំនួន​នៃ​ការធ្វើ​តេស្ត ដែល​ទាក់ទង​នឹង​ការផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ នៅក្នុង​តំបន់ Itaewon បាន​កើន​ដល់​ចំនួន ២៤ ០៨២​ហើយ​»​។ 
 
​ការធ្វើ​តេស្ត​ដ៏​ច្រើន​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានអនុម័ត​គោលការណ៍ «​ធ្វើតេស្ត​ដោយ​សេរី និង​សម្ងាត់​» ចំពោះ​អ្នក​ដែលមាន​ជាប់​ពាក់ព័ន្ធ​ក្លិប​កម្សាន្ត ក្នុង​តំបន់​ពហុវប្បធម៌​មួយ​នេះ​។ មូលហេតុ ដែល​នាំ​ឲ្យ​បង្កើត​គោលការណ៍​នេះ គឺ​ដោយសារ​មនុស្ស​មួយចំនួន ដែល​បាន​ចូល​កម្សាន្ត​ក្នុង​ក្លិប​ស្រលាញ់​ភេទ​ដូចគ្នា មិន​ចង់​ចេញមុខ​ឡើយ​អំឡុងពេល COVID-19 ។ 
 
​បើតាម​ការបញ្ជា​ក់​រ​បស់​លោក​អភិបាលក្រុង រដ្ឋាភិបាលគ្មានគម្រោងបញ្ចេញតួលេខ​ដែលមាន​ពាក់ព័ន្ធ​នឹង​គោលការណ៍​សម្ងាត់​នេះទេ ​ ព្រោះ​វា​ជាការ​ធ្វើតេស្ត​ដោយ​សម្ងាត់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អភិបាលក្រុង ក៏បាន​ព្រមាន​ដែរ​ថា ជន​ទាំងឡាយណា ដែល​មិន​គោរព​តាម​បញ្ជា​ធ្វើតេស្ត​នេះ ត្រូវ​ប្រឈម​នឹង​ប្រាក់​ពិន័យ​រហូតដល់​ជាង ១៦០០​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា តួលេខ ​COVID-19 សរុប​របស់​កូរ៉េខាងត្បូង បាន​កើន​ឡើងដល់ ១០ ៩៩១​ករណី អ្នកស្លាប់​ចំនួន ២៦០​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៩ ៧៦២​ករណី ដោយ​គិត​ត្រឹម​ថ្ងៃទី​១៤ ខែឧសភា​៕ 
 
 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com