ថៃ រង់ចាំ​ចម្លើយ​ពី​កម្ពុជា​ទាក់ទង​ការបាត់​ខ្លួន​សកម្មជន Wanchalearm
សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ រង់ចាំ​ចម្លើយ​ពី​កម្ពុជា​ទាក់ទង​ការបាត់​ខ្លួន​សកម្មជន Wanchalearm
11, Jun 2020 , 9:57 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ។ រូបភាព AFP
រដ្ឋមន្ត្រីការបរទេស​ថៃ ដុន ប្រា​មុដ​វី​ណៃ (Don Pramudwinai) បាន​និយាយ​នៅ​ថ្ងៃទី​១០ ខែមិថុនា ថា រដ្ឋាភិបាល​ថៃ​រង់ចាំ​ចម្លើយ​ពី​ភាគី​កម្ពុជា​ទាក់ទង​ការស៊ើបអង្កេត​លើ​ការបាត់​ខ្លួន​សកម្មជន​ឈ្មោះ Wanchalearm Satsaksit ។ ថ្លែង​ក្នុង​កិច្ចប្រជុំសភា លោក ដុន បន្តថា ដោយសារ Wanchalearm មិនមាន​ឥទ្ធិពល​ធំដុំ​ក្នុង​កិច្ចការ​អន្តរជាតិ ថៃ​មិនបាន​ចាត់ទុក​រូបគេ​ជាការ​គំរាមកំហែង​សន្តិសុខ​ជាតិ​ឡើយ​។​

 
​អំឡុងពេល​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១០ ខែមិថុនា ក្រុម​សមាជិកសភា​បក្សប្រឆាំង​របស់​ថៃ បាន​សួរនាំ​រដ្ឋមន្ត្រីការបរទេស ដុន ប្រា​មុដ​វី​ណៃ ពី​ការបាត់​ខ្លួន​សូន្យឈឹង​របស់​សកម្មជន​ឈ្មោះ Wanchalearm Satsaksit ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា​។ សមាជិកសភា​ថៃ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពី​ការបាត់​ខ្លួន​របស់​សកម្មជន​ដែល​តែង​រិះគន់​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ។​
 
 
​លោក ដុន ប្រាប់​សមាជិកសភា​ថា Wanchalearm មិនមាន​ឋានៈ​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ​ឡើយ ដូចនេះ​អ្វីដែល​រដ្ឋាភិបាល​ថៃ​អាច​ធ្វើបាន​ពេលនេះ គឺ​រង់ចាំ​កម្ពុជា​បញ្ចប់​ការស៊ើបអង្កេត​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។ ប្រមុខ​ការទូត​ថៃ​រូបនេះ​បន្តថា បើ​យោងតាម​ក្រសួងការបរទេស​ថៃ Wanchalearm ក៏​មិន​ស្ថិតក្នុង​បញ្ជី​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស (UNHCR) ខ្លួន​ដែរ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដដែល លោក ដុន បន្ថែមថា សកម្មជន​រូបនេះ​មានតម្លៃ​តិចតួច​ប៉ុណ្ណោះ​ផ្នែក​កិច្ចការ​អន្តរជាតិ និង​សន្តិសុខ ដូចនេះ​រូបគេ​មិនត្រូវ​បានចាត់ទុក​ជាកា​រ​គំរាម​សម្រាប់​ថៃ​ឡើយ​។ ទាក់ទង​នឹង​ការបាត់​ខ្លួន​វិញ លោក ដុន បញ្ជាក់ថា កម្ពុជា​កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ហើយ​អ្វីដែល​រដ្ឋាភិបាល​អ​ថៃ​អាច​ធ្វើបាន​ពេលនេះ គឺ​ស្នើ​ឲ្យ​កម្ពុជា​បន្ត​តាមដាន​ករណី​នេះដែរ​។​
 
«​យើង​មិនអាច​សន្និដ្ឋាន​ពី​ទីតាំង​របស់គាត់​ឡើយ​រហូត​ទទួលបាន​ចម្លើយ (​ពី​កម្ពុជា​)​។​» រដ្ឋមន្ត្រីការបរទេស​ថៃ បញ្ជាក់​បែបនេះ​។​
 
​កន្លងទៅ មន្ត្រីប៉ូលិស​កម្ពុជា​និយាយថា ខ្លួន​បាន​បើក​ស៊ើបអង្កេត​លើ​ករណី​បាត់​ខ្លួន​របស់ Wanchalearm ។ រូបភាព​កា​ម៉េ​រា​សុវត្ថិភាព និង​សាក្សី​បញ្ជាក់ថា រូបគេ​ត្រូវបាន​មនុស្ស​មួយក្រុម​ចាប់​ញាត់​ចូល​ឡាន​នៅខាងមុខ​កន្លែង​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ មកដល់​ថ្ងៃនេះ គេ​មិនទាន់​រកឃើញ​ពន្លឺ​អ្វី​នៅឡើយ​៕ 
 
 

Tag:
 ថៃ​
  កម្ពុជា​
  Don Pramudwinai
  Wanchalearm Satsaksit
© រក្សាសិទ្ធិដោយ thmeythmey.com