ជាតិ
មេ​សហជីព និង​អ្នកសេដ្ឋកិច្ច ចង់​ឲ្យ​រដ្ឋាភិបាល​បន្ថែម​យុទ្ធសាស្ត្រ ជួយ​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ
30, Jun 2020 , 10:13 am        
រូបភាព
ពលរដ្ឋប្រកបអាជីវកម្មលក់ដូរនៅខេត្តព្រះសីហនុ និង អ្នកធ្វើការសេវាកម្មកម្សាន្ត (រូបពីគណនីហ្វេសប៊ុករបស់លោក អ៊ី សុខឡេង និង ThmeyThmey)
ពលរដ្ឋប្រកបអាជីវកម្មលក់ដូរនៅខេត្តព្រះសីហនុ និង អ្នកធ្វើការសេវាកម្មកម្សាន្ត (រូបពីគណនីហ្វេសប៊ុករបស់លោក អ៊ី សុខឡេង និង ThmeyThmey)
​ភ្នំពេញ​៖ មេ​សហជីព អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង សង្គម​ស៊ីវិល មើលឃើញ ភាពខ្វះ​ចន្លោះ ក្នុង​យុទ្ធសាស្ត្រ​រដ្ឋាភិបាល ចំពោះ​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​។ ពួកគេ ជំរុញ​ឲ្យ​រដ្ឋាភិបាល បន្ថែម​យុទ្ធសាស្ត្រ ជួយ​ដល់​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំងនោះ​។ តែ​មន្ត្រី​រដ្ឋាភិបាល តប​ថា រដ្ឋាភិបាល ខិតខំ​ជួយ​ហើយ​។ 


​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៨ ខែមិថុនា​ថា រដ្ឋាភិបាល​គួរ​ចុះ​ស្រង់​ស្ថិតិ​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ ធ្វើ​បណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​បណ្ណ​សមធម៌​។ លើសពីនេះ លោក យល់ថា រដ្ឋាភិបាល​គួរ​កំណត់​ឲ្យ​មានការ​ពន្យារពេល​សង​ប្រាក់​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​ទាំង​ការប្រាក់​និង​ដើម​។ លោក ថែមទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ជួយ​សម្រួល​ដល់​ការលក់ដូរ​របស់​អ្នក​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ និង​ធ្វើយ៉ាងណា​ឲ្យ​មានការ​បញ្ចុះតម្លៃ​តូប​ឬ​ទីតាំង​ជួល​៥០​ភាគរយ​។ 
 
​យ៉ាងណាក៏ដោយ មេ​សហជីព​រូបនេះ បាន​ថ្លែងថា​៖ «​កន្លងមក គោលការណ៍​របស់​រដ្ឋា​ភិ​បាល​បាន​ជួយ​ដល់​អ្នក​ក្រៅ​ប្រព័ន្ធ​យើង​តិចតួច​ប៉ុណ្ណោះ លើ​ការរៀបចំ​ឥណទាន​ឡើងវិញ​និង​ចុះ​បណ្ណ​ធ្វើ​បណ្ណ​សមធម៌​។ ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​ទេ ដូច​ការរៀបចំ​ឥណទាន​ឡើងវិញ​ឲ្យ​បង់​តែ​ការប្រាក់ អ្នក​ក្រៅ​ប្រព័ន្ធ​ខ្លះ​គ្មាន​លុយ​បង់​ការប្រាក់​ទៀត ហើយ​ការចុះឈ្មោះ​ធ្វើ​បណ្ណ​សមធម៌​ក៏​មិនទាន់មាន​ប្រសិទ្ធ​ដែរ​»​។ 
 
​លោក បញ្ជាក់ថា អ្នក​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ​ដូច​អ្នករត់ម៉ូតូឌុប មូ​តូ​កង់​បី និង​អ្នកធ្វើការ​តាម​ផ្ទះ​ខ្លះ​បានធ្វើ​បណ្ណ​មូលនិធិ​សមធម៌​ហើយ ប៉ុន្តែ​មិនទាន់​ទទួលបាន​កញ្ចប់​ថវិកា​នៅឡើយ​ទេ​។ លោក អះអាងថា ភាគច្រើន​នៃ​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​មិនបាន​ធ្វើ​បែបបទ​សុំ​បណ្ណសម​ធម៌​ទេ ដោយសារ​មិនឃើញ​មាន​អាជ្ញាធរ​ចុះសាកសួរ​។ 
 
​ចំណែក អ្នកជំនាញ​សេដ្ឋកិច្ច លោក ឆេង គីម​ឡុង ក៏​សង្កេតឃើញ​ដែរ​ថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល មិនទាន់មាន​ប្រសិទ្ធភាព​ធំ​ទូលាយ​នៅឡើយ​ទេ សម្រាប់​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​។ ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ ពិសេស​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ លោក ឆេង គីម​ឡុង យល់ថា  រដ្ឋាភិបាល​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​មិនផ្ទាល់ គឺ​គួរ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​។ 
 
​អ្នកសេដ្ឋកិច្ច​រូបនេះ ពន្យល់​ពី​យុទ្ធសាស្ត្រ​មិនផ្ទាល់ ដូច្នេះ​ថា​៖«​ទេសចរណ៍​ទាំងអស់​នៅក្នុង​ស្រុក​ត្រូវ​រក្សា​ការពារ​សុវត្ថិ​ភាពជា​ចម្បង សន្តិសុខ​លើ​ផ្នែក​សុខភាព​មានន័យថា ត្រូវ​រៀបចំ​អនាម័យ​ដើម្បី​ពលរដ្ឋ​ក្នុងស្រុក​មាន​ទំនុកចិត្ត​អាច​ដើរ​ទស​ន្សា​បាន ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​ងើបឡើង​វិញ​»​។ 
 
​លោក បន្ថែមថា រដ្ឋាភិបាល​ក៏ត្រូវ​មើល​លើ​ផ្នែក​សិប្បកម្ម​ផ្សេងៗ​ផងដែរ ដូច​សិប្បកម្ម​តម្បាញ ម្ហូបអាហារ ដែលជា​ផ្នែក​មួយ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​។ លោក សង្កត់ធ្ងន់ថា វិស័យ​ទាំងអស់នេះ គួរតែ​ទទួលបាន​ការឧបត្ថម្ភ និង​ការយកចិត្តទុកដាក់​។ 
 
​យ៉ាងណាក៏ដោយ លោក ទទួលស្គាល់ថា កន្លងមក​រដ្ឋាភិបាល គាំទ្រ​វិស័យ​សិប្ប​កម្មនេះ និង​ជួយឧបត្ថម្ភ​ហើយ​ទុកជា​អាទិភាព​ផងដែរ ប៉ុន្តែ​នៅ​ខ្វះចន្លោះ​។ ដូច្នេះ ការ​ផ្ដោតលើ​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដើម្បី​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ងើបឡើង​វិញ​។ 
 
​លោក គីម​ឡុង ក៏​យល់​ដូចគ្នា​នឹង លោក វន់ ពៅ ដែរ ថា​គួរតែ​ពន្យារពេល​សង់​ប្រាក់​ត្រឡប់​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​វិញ​។ ទន្ទឹមនឹងនេះ លោក ចង់​ឲ្យ​រដ្ឋាភិបាល ធ្វើ​អន្តរាគមន៍​បន្ធូរបន្ថយ​ពន្ធ​ផ្សេងៗ ដល់​ស្ថាប័នឯកជន​បន្ថែម​ទៀតផង​ដែរ ក្នុងដំណាក់កាល​កូ​វីដ​-១៩​។ 
 
​រីឯ លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (CENTRAL) ស្នើ​ឲ្យ​រដ្ឋាភិបាល កាត់បន្ថយ​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង ជាដើម​។ លោក ក៏​ចង់​មានការ​ពន្យា​ពេល​សងបំណុល​ធនាគា​រដែ​រ និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​អ្នកគ្មានការងារ​ធ្វើ​។ 
 
​លោក សង្កេតឃើញថា រដ្ឋាភិបាល ក៏បាន​ប្រឹងប្រែង​ដែរ ក្នុង​ការជួយ​ដល់​អ្នក​បាត់បង់​ការងារ និង​ទប់​មិន​ឲ្យ​តម្លៃ​សាំង​ឡើង​ខ្ពស់ ព្រមទាំង​បន្ធូរ​បន្ថយពន្ធ ដល់​វិស័យ​មួយចំនួនទៀត ដែល​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ​-១៩​។ ប៉ុន្តែ សម្រាប់​លោក ការប្រឹងប្រែង​នេះ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​
 
​ផ្ទុយ​ពី​អ្នក​ទាំង​៣​ខាងលើ លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និយាយថា រដ្ឋាភិបាល​បាន​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជាពិសេស​ជន​ងាយ​រងគ្រោះ​ដោយផ្ទាល់​និង​បន្ទាន់​ជា​បណ្ដើរៗ​ហើយ ទោះ​មិនទាន់​ល្អ​១០០​ភាគរយ​ក្តី​។ លោក មានប្រសាសន៍ថា​៖«​យើង​បានធ្វើ​ហើយ ដូចជា​បុគ្គលិក កម្មករ ដែល​គាត់​បានទទួល​ផល​ពី​ការដោះស្រាយ គឺ​គាត់​បានទទួល​បណ្ដើរៗ​ហើយ នូវ​ប្រាក់បៀវត្ស​មួយផ្នែក​ពី​រដ្ឋាភិបាល​និង​និយោជក​»​។ 
 
​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូបនេះ អះអាង​ទៀតថា ពលរដ្ឋ​ក្រីក្រ​និង​រង​ផលប៉ះពាល់​នៅ​អំឡុង​ពេ​លេ​ជំងឺ​កូ​វីដ​-១៩​នេះ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​តាម​ការចុះ​ស្រង់​ទិន្ន័យ​របស់​ក្រសួងផែនការ​។ 
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល ចាប់ផ្តើម​បើ​សាច់ប្រាក់ ជូន​ដល់​ជនក្រីក្រ​ដែលមាន​បណ្ណសម​ធម៌​ហើយ​។ ពលរដ្ឋ​ក្រីក្រ​ដែល​ក្រសួងផែនការ​ចុះ​ស្រង់​ទិន្ន័យ​ជុំ​ទី​១ មាន​ប្រមាណ​២,៣​លាន​នាក់ ក្នុងនោះ​មាន​ប្រមាណ​៦០​ម៉ឺន​គ្រួសារ​។ ក្រសួងផែនការ នឹង​បន្ត​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ ក្នុង​ជុំ​ទី​២​បន្ថែមទៀត​៕ 
 
 

Tag:
 អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com