អាជ្ញាធរ​ខេត្តសៀមរាប ចង់ឱ្យ​តំបន់​ដទៃទៀត ហាម​អាជីវកម្ម​ទិញ​-​លក់ «​សាច់​ឆែ្ក​»​ដែរ​
ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាប ចង់ឱ្យ​តំបន់​ដទៃទៀត ហាម​អាជីវកម្ម​ទិញ​-​លក់ «​សាច់​ឆែ្ក​»​ដែរ​
10, Jul 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្តសៀមរាប បានចេញ​បម្រាម​ធ្វើ​អាជីវកម្ម​ទិញ​-​លក់​សត្វ​ឆ្កែ ធ្វើជា​ម្ហូបអាហារ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ខេត្ត ជាពិសេស​បញ្ហា​សុខភាព​ពលរដ្ឋ​។ អាជ្ញាធរ​ក៏​ជំរុញ​ឲ្យ​តំបន់​ដទៃទៀត អនុវត្ត​វិធានការ​បែបនេះ​ដែរ​។​

 
​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការហាម​ប្រាម​អាជីវកម្ម​ទិញ​-​លក់​សាច់សត្វ​ឆ្កែ​នៅ​ខេត្តសៀមរាប ដោយសារតែ​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​បែប​វប្បធម៌ ដែល​មិនអាច​ឲ្យ​មាន​អាជីវកម្ម​បែប​អនាធិបតេយ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ឡើយ​។ 
 
​ការអនុវត្ត​វិធាន​ការហាម​ឲ្យ​មាន​អាជីវកម្ម​ទិញ​-​លក់ និង​បរិភោគ​សាច់សត្វ​ឆ្កែ​នេះ លោក ទា គឹម​សុទ្ធ ចង់​ឲ្យ​ពលរដ្ឋ​គោរព​ស្រឡាញ់​សត្វ​ឆ្កែ ដែលជា​សត្វ​ស្មោះត្រង់​នឹង​មនុស្ស និង​ជាស​ត្វ​ដែល​មានគុណ​តម្លៃ​សម្រាប់​បម្រើ​នៅក្នុង​វិស័យ​យោធា​។   
 
​លោក ក៏​ណែនាំ​ឲ្យ​ពលរដ្ឋ​ឈប់​បរិភោគ​សាច់សត្វ​ឆ្កែ ដើម្បី​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​បញ្ឈប់​សកម្មភាព​នេះ​ផងដែរ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង​អំពាវនាវ​ឲ្យ​គាត់​ឈប់​បរិភោគ​សាច់សត្វ​ឆ្កែ​។ បើ​គាត់​ឈប់​បរិភោគ ក៏​ឈប់​លក់​ដែរ​។ យើង​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​រក​ប្រកបមុខរបរ​ណាមួយ​គួរសម​ស្រប​នឹង​ច្បាប់​។ ខេត្ត​ដទៃទៀត បើ​ឃើញថា​គំរូ​នេះ​ល្អ គួរតែ​អនុវត្តតាម​ដែរ​»​។​
 
​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​រូបនេះ ចាត់ទុក​សកម្មភាព​ទិញ​-​លក់ និង​បិ​រ​ភោគ​សត្វ​ឆ្កែ ជាការ​ធ្លាក់ចុះ​នៃ​ក្រមសីលធម៌ គុណធម៌ របស់​មនុស្ស និង​ជា​ប្រភព​ចម្លង​នូវ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេងៗ​ទៀតផង​ដែរ​។ 
 
​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី សង្កេតឃើញថា ការជួញដូរ​សត្វ​ឆ្កែ​ធ្វើជា​ម្ហូបអាហារ មានការ​កើនឡើង​នៅ​ស្រុក​បន្ទាយស្រី និង​ចែកចាយ​ទៅ​បណ្តា​ខេត្ត​ដទៃទៀត ដែលជា​សកម្មភាព​មួយ​ប៉ះពាល់​ដល់​កិត្តិយស​ខេត្តសៀមរាប​។ 
 
 
​អភិបាលស្រុក​បន្ទាយស្រី​រូបនេះ សង្ឃឹមថា ម្ចាស់​អាជីវករ​ទាំងអស់​នឹងចូលរួម​សហការ និង​បញ្ឈប់​សកម្មភាព​ទាំងនេះ និង​ងាក​ទៅ​ប្រកបមុខរបរ​ថ្មី​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការផ្សព្វផ្សាយ​ជាមុន​នេះ ចាត់ទុកជា​ជំហរ​ទន់ភ្លន់​មួយ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន ដើម្បី​ទុកឱ្យ​អាជីវករ​ទាំងអស់​ស្ម័គ្រចិត្ត​រៀបចំ​អនុវត្តតាម​ការតម្រូវ​នៃ​ច្បាប់​ដោយ​ខ្លួនឯង មុននឹង​រដ្ឋបាល​ស្រុក​អនុវត្ត​នីតិវិធី​រដ្ឋបាល​»​។​
 
​ទាក់ទង​នឹង​ការហាម​ប្រាម​អាជីវកម្ម​ទិញ លក់ និង​ពិឃាតសត្វ​ឆ្កែ​នេះ លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ក្រសួង​មិនទាន់​អាចអនុវត្ត​ការហាម​ឲ្យ​បិទ​អាជីវកម្ម​នេះ​ទាំងស្រុង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ឡើយ​។ ក្នុងន័យនេះ លោក​គ្រាន់តែ​បញ្ជាក់ថា ការដើរ​ទាក់ ទិញ លក់ និង​ពិឃាតសត្វ​សុនខ​នៅតាម​បណ្តោយ​ផ្លូវ ឬ​តាម​រមណីយដ្ឋាន​ផ្សេងៗ ណា​ដែល​គ្មាន​ការសុំ​ការអនុញ្ញាត​ពី​ក្រសួងកសិកម្ម និង​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​បសុព្យាបាល​ទេ អាជីវកម្ម​នោះ​នឹងត្រូវ​ប្រឈម​នឹង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​តាម​មាត្រា​១១២,១១៣ និង​១១៥ ។ 
 
​ក្នុងករណី​ដែល​ម្ចាស់​ជីវ​កម្ម​នៅតែ​បន្ត​លក់ និង​ទិញ​ដោយ​មិន​ស្របច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​មិន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​បសុព្យាបាល​នោះទេ ជន​នោះ​នឹងត្រូវ​រង​ពិន័យ​បង់​ជា​ទឹកប្រាក់​ទៅតាម​អំពើ​ដែល​បុគ្គល​ប្រព្រឹត្ត តាម​មាត្រា​១១២ នឹងត្រូវ​បង់ប្រាក់​៧​លាន​រៀល តាម​មាត្រា​១១៣ ត្រូវ​បង់​ថវិកា​១០​លាន​រៀល  និង​មាត្រា​១១៥ ត្រូវ​បង់​ពី​១០​លាន​រៀល ទៅ​៥០​លាន​រៀល និង​ត្រូវ​ជាប់ពន្ធនាគារ​ពី​២ ទៅ​៥​ឆ្នាំ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស្រី វុ​ឌ្ឍី​។​
 
​បើតាម​ការស៊ើបអង្កេត​របស់​អង្គការ FOUR PAWS អន្តរជាតិ នៅ​កម្ពុ​ជាមាន​សត្វ​ឆ្កែ​ប្រមាណ ៣​លាន​ក្បាល ត្រូវបាន​សម្លាប់ និង​បរិភោគ ជា​រៀងរាល់ឆ្នាំ​។ ក្នុងចំណោម​សត្វ​ដែល​គេ​បរិភោគ​នោះ គឺជា​ឆ្កែ​អនាថា និង​ត្រូវបាន​គេ​លួច​។ តម្លៃ​ឆ្កែ​រស់​មួយ​ក្បាល ចន្លោះ​ពី ២​ដុល្លារ ទៅ​៣​ដុល្លារ ក្នុង​មួយ​គីឡូក្រាម​។ 
 
​បើតាម​របាយការណ៍រ​បស់​អង្គការ FOUR PAWS អន្តរជាតិ​ដដែល សម្រាប់​នៅ​ខេត្តសៀមរាប​មាន​ភោ​ជី​យ​ដ្ឋា​ន​សាច់​ឆ្កែ​ចំនួន​២០​កន្លែង ហើយ​សត្វ​ឆ្កែ​ចន្លោះ​ពី​៤​ទៅ​៦​ក្បាល​ក្នុង​មួយថ្ងៃ ត្រូវបាន​សម្លាប់​យក​ធ្វើជា​ម្ហូប នៅតាម​ភោជនីយដ្ឋាន​នីមួយៗ​។​បើ​គិត​ជា​ខែ​វិញ គឺមាន​សត្វ​ឆ្កែ​ប្រមាណ​២,៩០០​ក្បាល​ត្រូវបាន​សម្លាប់ ហើយ​ជា​ឆ្នាំ គឺមាន​៣៥,០០០​ក្បាល​។ 
 
​កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​ចេញ​បម្រាម​ធ្វើ​អាជីវកម្ម​សត្វ​ឆ្កែ យកទៅ​ធ្វើជា​ម្ហូបអាហារ​ដែរ ប៉ុន្តែ​គេ​នៅតែ​ប្រទះឃើញ​កន្លែង​លក់​-​ដូរ​សាច់​ឆ្កែ រីក​ស្គុសស្គាយ និង​មាន​ភ្ញៀវ​ចូល​ពេញៗ​ហាង​ទៀតផង​។​
​របាយការណ៍​ដែល​ចុះផ្សាយ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បញ្ជាក់ថា​៖«​សម្រាប់តែ​ក្នុង​រាជធានី​ភ្នំពេញ អង្គការ FOUR PAWS បាន​រកឃើញ​ហាង​ជាង​១១០​ទីតាំង​ដែល​លក់​សាច់​ឆ្កែ ហើយ​ភាគច្រើន​បើកទ្វារ​ក្នុងពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​»៕ 
 
 
 
 
 
 

Tag:
 អាជីវកម្ម​
 ​សត្វ​ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com