កំណាព្យ
ជាតិ
កវី អ៊ីវ ហួត​៖ បាន​អាន មាន​ប្រាជ្ញា បាន​សិក្សា មាន​វិជ្ជា​ (៣)
15, Jul 2020 , 5:36 pm        
រូបភាព
កំណាព្យ​ភាគច្រើន​របស់​កវី អ៊ីវ ហួត មិនបាន​ចងក្រង​ជា​សៀវភៅ​នោះឡើយ ដោយ​ព្រឹទ្ធាចារ្យ​ គ្រាន់តែ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ប៉ុណ្ណោះ​។ ក្នុង​សំណួរ​ទី​៣​នៃ​បទ​សម្ភាស​ជា​កំណាព្យ លោក អ៊ឹង ចំរើន នៃ​សារព័ត៌មាន​ថ្មីៗ បានស្នើ​ឲ្យ​កវី​ដង​ប៉ាកកា​ប្រាក់​រូបនេះ រៀបរាប់​ពី​ស្នាដៃ​សៀវភៅ «​ល្បែង​ពាក្យ​» (Jeux de Mots) ដែល​បាន​បោះពុម្ពផ្សាយ​លើក​ទី​១​នៅ​ឆ្នាំ​២០១២ ដោយ​គ្រឹះស្ថាន​បឹង​ទន្លេសាប​។



អត្ថបទទាក់ទង


សំណួរ​ទី​៣៖ លោក​អ៊ំ​ចងក្រង​--​ចេញ​ជា​កម្រង​--​សៀវភៅ "​ល្បែង​ពាក្យ​"
​ឬ Jeux de Mots--​ទំនោរ​ប្រកៀក​--​ឃ្លាឃ្លោង​ជ្រែក​ច្រៀក
​ប្រឡាក់​ក្រឡា​។​

​ស្នាដៃ​មួយ​នេះ​--​ផ្តល់​ការ​ត្រិះរិះ​--​ដល់​កម្រិតណា​
​សូម​អ៊ំ​សង្ខេប​--​បទ​បែប​ខ្លឹមសារ​--​ក្មួយៗ​យល់​ការណ៍
​រក​ជាវ​ទុក​អាន​។​


​កវី អ៊ីវ ហួត​៖ '​បាន​អាន​មាន​ប្រាជ្ញា បាន​សិក្សា​មាន​វិជ្ជា​'

១. ខ្ញុំ​មាន​បញ្ហា​--​មធ្យម​ប្រាជ្ញា​--​ប្រាថ្នា​ចារ​ជ័យ​
'​មេកាព្យ​'​ឆាប​ចិត្ត​--​ដិត​ស្និទ្ធ​សិរី​--​អ្នកអាន​ប្រុស​ស្រី
​មេត្រី​កាព្យ​ខ្មែរ​។​

២. '​អាន​មាន​ប្រាជ្ញា​'--​ចេញ​ជា​ចេតនា​--​ច្បារ​ច្បាស់​ហូរហែ​
​ចិត្ត​ចង់​តែង​បាន​--​ចំណាន​ឋាន​ស្នេហ៍​--​គ្រប់​តែ​កូន​ខ្មែរ
​បែរមករ​ករៀន​។​

៣. ព្រោះ​មាន​អារម្មណ៍​--​ថា​គ្រា​ណា​ខំ​--​សន្សំ​និទាន​
​ចង់​សាក​សរសេរ​--​រិះរេ​គ្នេរ​ហ៊ាន​--​ចេះ​គិត​ជា​ស្ពាន
​បង្រៀន​ខ្លួនឯង​។​

៤. ដូច​ក្នុង​យល់សប្តិ​--​ប្រាណ​ប្រែ​ប្រសប់​--​ប្រសព្វ​សព្វ​ស្តែង​
​ជា​កវី​ប្រាជ្ញ​--​អង់អាច​ចារចែង​--​រៀបចំ​កន្លែង
​រមែង​រែង​រស់​។​

៥. រៀប​មន្ត​ខន្តី​--​ក្មេង​ចាស់​ប្រុស​ស្រី​--​លៃ​លាភ​ជ្រាប​យស​
​កាព្យ​ខ្មែរ​ប្រែ​ប្រាណ​--​បាន​ថែ​កេរ្តិ៍ឈ្មោះ​--​រៀប​ពាក្យ​ពិគ្រោះ
​ពីរោះ​ល្បះ​ល្បែង​។​

៦. សុបិន​ឃើញ​គ្រូ​--​មក​ស្និទ្ធ​គិតគូរ​--​ស៊ូ​ប្រាប់​ក្តែ​ងៗ​
'​អាន​មាន​ប្រាជ្ញា​'--​ចេះ​ចារ​ខ្លួនឯង​--​សន្សំ​ពុំ​ក្រែង
'​ល្បែង​ពាក្យ​'​ច្រៀក​ពេចន៍​។​

៧. រៀប​ពាក្យ​ខ្លីៗ​--​ជា​ឃ្លា​ទារ​ទ័យ​--​លៃ​ផ្សំ​រំលេច​
​ពាក្យ​ចួន​ស្ទួន​ណាស់​--​ភ្លឺ​ច្បាស់​ដូច​ពេជ្រ​--​ភ្លេ​កៗ​ជានិច្ច
​សេចក្តី​ន័យ​ល្បែង​។​

៨. ចួន​ហើយ​ណែងណង​--​ហ៊ាន​សាក​ច្រើនដង​--​ក្រង​ចិត្ត​ឥត​ក្រែង​
​ចង់​ល្អ​ប្រវាស់​--​ប្តូរផ្លាស់​កន្លែង​--​បង្ក​ប្រជែង
​លែង​ខ្លាច​ខន្តី​។​

៩. ពេល​រៀប​ពាក្យ​ចួន​--​ប្រាថ្នា​ចារ​ស្ទួន​--​ពួន​អង្រួន​ទ័យ​
​បណ្តែត​តាម​ពេចន៍​--​រំលេច​សេចក្តី​--​អារម្មណ៍​ឃើញ​ថ្មី
​ន័យ​រត់​មក​ផ្សំ​។​

១០. រឿង​ធំចម្បង​--​ពិស្តារ​សាសង​--​ចងក្រង​ជា​ក្រុម​
​ចំនួន​ពាក្យ​ឃ្លា​--​ទារ​កើន​រីក​ធំ​--​បួន​ឃ្លាល្បះ​ផ្តុំ
​ន័យ​ពុំបាន​ព្រាង​។​

១១. ចេញពី​ពាក្យ​មួយ​--​ឃ្លា​បួន​បោះពួយ​--​រញ្ជួយ​ទាំង​រាង​
​តាម​ពាក្យ​បង្កៀ​ក​--​វិភាគ​ផ្ទឹមផ្ទៀង​--​ជួន​ស្រស់ស្អាត​ជាង
​កៀង​រក​ភស្តុតាង​។​

(ខាងក្រោម​នេះ ជា​ល្បះ​ខ្លះៗ​ដកស្រង់​ចេញពី​សៀវភៅ​'​ល្បែង​ពាក្យ​' រក្សា​ទុកជា​ឧទាហរណ៍​ជាក់ស្តែង​

១- កម្លាំងកាយ នៅ​អាយ​កម្លាំងចិត្ត​
​កម្លាំង​គំនិត ឋិត​ជិត​កម្លាំង​ប្រាជ្ញា​
​កម្លាំង​សៀវភៅ នៅជាប់​ពិសោធន៍​សាវតារ​
​កម្លាំង​ស្នេហា​ស្ថាបនា​សង្ខារលោក​និង​បរលោក​។​

២- ខំប្រឹង នឹង​គំនិត​
​ខំ​ប្រព្រឹត្ត ពិនិត្យ​លទ្ធផល​
​ខំព្យាយាម ត្រៀម​ដើរទៅ​ដល់​
​ខំ​ពន្យល់ យោបល់​ជា​ស្ពាន ឈាន​ឆ្លង​ដង​ទន្លេ​ពិសោធន៍​។​

៣- គិត​ខុស ចុះមក​ខាត​
​គិត​មិន​ស្អាត ប្រមាទ​ប្រយោជន៍​ធំ​
​គិត​ស្ទាក់ស្ទើរ ទង្វើ​ស្ទូច​ឥត​សូវ​ចំ​
​គិត​លាយឡំ មិន​សំណំ​មាន​លាភ​សោះឡើយ​។​

៤- គូររូប​ខ្លា បង្ការ​គោ​ព្រើល​
​គូររូប​មើល ស្រមើល​ស្រមៃ​
​គូររូប​ស្រី​ស្រស់ ស្រណោះ​ទាំង​ថ្ងៃ​
​គូររូប​ចរណៃ អាល័យ​ជាប់ចិត្ត​..​ចង់​ជួប​។​

៥- ឃើញ​ល្មុត ស្លុតចិត្ត​ល្មោភ​
​ឃើញ​ថាស​ម្ហូប ស្រូប​ក្លិន​សិន​
​ឃើញ​បាយ​ខ្លោច អាណោច​បាន​ឆ្អិន​
​ឃើញ​បាយបិណ្ឌ មិន​បោះបង់​ចាយ​បាត្រ​។​..

១២. ល្បះ​លើក​ខ្លះៗ​(​នៃ​'​ល្បែង​ពាក្យ​')
​បញ្ជាក់​ពុំ​ច្បាស់ ដេរដាស​សំណាង​
​ទម្រាំ​រកឃើញ អញ្ជើញ​អំ​ណា​ង​
​មក​ស្នេហ៍​ក្បែរ​ខាង ត្រដាង​'​ស្នាដៃ​'​។​

១៣. ពិត​ពុំ​ងាយ​សោះ​
​ខន្តី​ដូរ​ដោះ ស្មោះសរ​ចរ​ច្នៃ​
​ប្រាជ្ញា​មធ្យម ទោះ​ភ្ជុំ​ស្មារតី​
​ខ្ញុំ​ពុំ​ស្រមៃ​
​ថា​ថ្ងៃនេះ​មាន​។​

១៤. ហ៊ាន​ក្តោប​ឧបសគ្គ​
​មករា​រាំង​ស្ទាក់ ថ្នាំងថ្នាក់​វិញាណ​
​ភារៈ​អ្នកប្រាជ្ញ អង់អាច​និទាន​
​កវី​ជា​ស្ពាន ហ៊ាន​ចារឹក​ទុក​។​

១៥. ប្រាជ្ញា​ប្រាណ​តិច​
​ធ្វើ​ម្ត៉េ​ច​អាច​ថ្ពេច រំលេច​ក្តី​សុខ​
​ដូច​កាល​អង្គរ បង្ក​ទំនុក​
​ចារឹក​នាំមុខ សម្បុក​វប្បធម៌​។​

១៦. ឥន្ទ្រ​ទេវី​
​បញ្ញា​សម្ភី សព្វ​ទីប​ង្ក​
​ទាំង​កា​ព្យា​ដែរ ស្និទ្ធស្នេហ៍​ស្មោះសរ​
​វិទ្យា​ទារ​..​ត អង្គរ​ទ្រ​លោក​។​

១៧. ខ្ញុំ​កោតស្ញប់ស្ញែង​
​គោរព​ក្រៃលែង បែង​ចិត្ត​គិត​ជោគ​
​តើ​ធ្វើយ៉ាងណា ប្រាជ្ញា​ជួយ​ចូក​
​គំនិត​ជា​ស្នូក គរគោក​លទ្ធផល​។​

១៨. ហេតុ​កោសល្យ​តិច​
​ពិនិត្យ​ជានិច្ច ដាំ​ពេជ្រ​យោបល់​
​ផ្នែក​អក្សរសិល្ប៍ រមិល​ដិតដល់​
​ស្វែង​រកឃើញ​ថ្នល់ តម្កល់​សិរី​។​

១៩. ណឺរ៉ូន​ខួរក្បាល​
​ពេល​កើត​ដុះដាល ត្រកាល​រាល់​ន័យ​
​ទង្វើ​វិចិត្រ ជីវិត​គិត​ច្នៃ​
​ណឺរ៉ូន​កើន​ថ្មី គប្បី​ប្រើ​ត្រូវ​។​

២០. បើ​ប្រើ​ត្រូវ​ហើយ​
​ណឺរ៉ូន​មិន​ស្បើយ រើ​យៗ​ដើរទៅ​
​តាម​បទបញ្ជា គ្រប់​គ្រា​តម្រូវ​
​យុទ្ធសាស្ត្រ​ឆ្លាស់​នៅ ជា​ផ្លូវ​ទម្លាប់​។​

២១. មាន​ទម្លាប់​ល្អ​
​ទង្វើ​បង្ក ប្រសើរ​ជាប់លាប់​
​ហេតុ​មាន​ពិសោធន៍ គួរ​កោត​គិត​គាប់​
​លទ្ធផល​រើស​រាប់ ធ្លាប់​ស្វ័យប្រវត្តិ​។​

២២. សង្កេតឃើញ​ដែរ​
​កំណាព្យ​ល្អ​ខ្មែរ ច្រើនតែ​ទៀងទាត់​
​សម្តី​កវី ស្រមៃ​មូល​មាត់​
​គិត​ស្និ​ទ្ឌ​ដើរ​រត់ ឥត​ភ្លាត់​ភ្លេច​ចួន​។​

២៣. ចួន​មិនតិច​ទេ​
​បាន​អាន​គិត​គ្នេរ រឹតតែ​រេ​ខ្លួន​
​រំភើប​ស្រើបស្រាល ត្រអាល​អោប​ស្ងួន​
​វិធី​មាំមួន ពួន​ជិត​កោសល្យ​។​

២៤. កវី​ល្បីឈ្មោះ​
​ច្រើន​តែង​ពីរោះ ជា​យស​ប្រាណ​យល់​
​កំណាព្យ​ឆាប​ចិត្ត និម្មិត​ឥ​ទ្ធ​ពល​
​សម្បូរ​កុសល សំគាល់​សព្វ​ទី​។​

២៥. រឿង​ពីរោះ​ហ្នឹង​
​បើ​ស្យ​ង់​ជញ្ជឹង ដឹង​ថ្លឹង​មូល​មីរ​
​កើត​ពី​ពាក្យ​ចួន អង្រួន​នាទី​
​អារម្មណ៍​សំភី ជីវិត​ចូលចិត្ត​។​

២៦. យល់ដឹង​ដូច្នេះ​
​បន្ត​ត្រិះរិះ ចេះ​ចង់​ប្រណីត​
​សាកល្បង​តែង​កាព្យ ឆាប​ចិត្ត​មិត្ត​ស្និទ្ធ​
​ឃើញ​លទ្ធផល​ពិត ពិនិត្យ​ល្អិតល្អ​។​

២៧. '​ចួន​'​លើក​ជា​ទិស​
​រឿង​ពាក្យ​រៀប​រើស ជ្រើស​លើស​បន្ត​
​រៀបរៀង​ផ្ទៀង​ន័យ ជ័យ​ចាំ​កំដរ​
​ខន្តី​ស្មោះសរ បវរ​ផល​ជុំ​។​

២៨. សន្សំ​ពិសោធន៍​
​បាន​ច្រើន​អន់​ឆោត កោត​កវី​ធំ​
​កោសល្យ​.​ចំណេះ ស្រែះ​ស្រោប​ឧ​ត្ត​ម​
​ស្នាដៃ​សក្តិសម ពុំ​សាប​ម្តងណា​។​

២៩. ពាក្យ​ចួន​ណែងណង​
​កាព្យ​លោក​ចម្លង ក្រង​ចាំ​ផ្តាំ​សារ​
​ចេញពី​កោសល្យ យល់​ស្និទ្ធ​ពិចារណ៍​
​កើតរឿង​អស្ចារ្យ អាណាចក្រ​ខ្មែរ​។​

៣០. កោសល្យ​ខ្ញុំ​អន់​
​ខន្តី​លៃ​ទាន់ មិន​ភាន់​ទី​ស្នេហ៍​
​រៀប​ពាក្យ​នឹង​ក្បាល ដុះដាល​ហូរហែ​
​មួយ​ល្បះ​ឆ្លាស់​កែ ទាល់តែ​ពេញចិត្ត​។​

៣១. រឿង​រៀប​ពាក្យ​រៀង​
​ពិនិត្យ​ល្អិត​ផ្ទៀង ពុំ​រាង​ប្រព្រឹត្ត​
​ប្រែជា​ទម្លាប់ ចាប់​ជាប់​រាប់​ឫទ្ធ​
​ក្នុង​ចិត្ត​ដិត​ស្និទ្ធ ឥត​ខ្លាច​អាច​ទៀត​។​

៣២. ពី​តិច​ទៅ​ច្រើន​
​ល្បែង​ល្បះ​ដាស់តឿន ក្រើន​ចិត្ត​គិត​ឆ្លៀត​
​អំ​ណាន​ជា​គ្រូ ពូកែ​វាស់​វាត​
​វិជ្ជា​មាយា​ទ ឥត​ឃ្លាត​ស្មេរ​ស្មោះ​។​

៣៣. គ្មាន​ពី​កំណើត​
'​កាព្យ​'​បាន​បង្កើត មិន​ឆើត​ឥត​ទាស់​
​ចរចា​ចែចូវ ត្រូវ​កែ​សម្ផស្ស​
​តុបតែង​ឲ្យ​ស្រស់ ពុំ​អស់ចិត្ត​ទេ​។​

៣៤. ជា​រឿង​ពាក្យ​រើស​
​ខ្លាច​លើស​ឬ​ទើស មិន​ល្មើស​ជ្រើស​កេរ​
​គន់​គិត​ស្និទ្ធ​កែ ហូរហែ​ថែ​ទ្វេ​
​គុណភាព​គន់​គ្នេរ បុព្វេ​ផ្ទេរ​ន័យ​។​

៣៥. ហេតុតែ​ផ្ចិតផ្ចង់​
​តម្រូវ​តម្រង់ សាងសង់​ក្នុង​ទ័យ​
​ទម្លាប់​ល្អ​ហ្នឹង សន្ធឹង​ពឹង​លៃ​
​ខួរក្បាល​រួម​ច្នៃ និស្ស័យ​សារសព្ទ​។​

៣៦. បំណង​បញ្ជា​
​ខួរក្បាល​ពុះពារ ធានា​លំដាប់​
​ជួយ​តុបតែង​កាព្យ ឆាប​ចិត្ត​ចាំ​ស្តាប់​
​ចំណាន​បាន​គាប់ សព្វ​ទ្រព្យ​វប្បធម៌​។​

៣៧. ណឺរ៉ូន​ធ្វើការ​
​ជួយ​ពិភាក្សា សាសង​បន្ត​
​កណ្តាល​អា​ទ្រាធ ជួន​ឆ្លៀត​សាទរ​
​រើស​ពាក្យ​ត្រូវ​ល្អ កកើត​ជា​ឃ្លា​។​

៣៨. ឃ្លា​ផ្តុំ​ជា​ល្បះ​
​ពិនិត្យ​ល្អិត​ណាស់ យុទ្ធសាស្ត្រ​ច្បាស់​គ្រា​
​គុណភាព​ចម្បង ចម្លង​វិជ្ជា​
​កើត​កើន​ជា​គ្នា ទារ​ស្និ​ទ្ឌ​គិត​គាប់​។​

៣៩. ក្បាល​គិត​ចិត្ត​ចាំ​
​រាល់​ថ្ងៃខែ​ឆ្នាំ ផ្តាំ​ឲ្យ​ចារ​ជាប់​
​តិច​ឬ​ច្រើន​ដែរ ត្រូវតែ​គ្នេរ​ភ័ព្វ​
​រក​ពាក្យ​រៀបរាប់ ទម្លាប់​កើតមាន​។​

៤០. ទម្លាប់​ផ្គាប់​ខ្លួន​
​តែង​ណែងណង​ចួន ជា​'​ក្បួន​'​និទាន​
​តែង​ល្អឥតខ្ចោះ ស្មោះសរ​ជំហាន​
​រចនាបថ​ឈាន ជា​យាន​កវី​។​

៤១. លំ​ហាត់​លំហែ​
​ហ្វេ​ស​ប៊ុ​ក​ថេរ​ថែ ស្ទើរតែ​រាល់ថ្ងៃ​
​កាព្យ​ឃ្លោង​ពិ​រោះ ព្រោះ​រិះ​និស្ស័យ​
​ចារ​ជីវិត​ជ័យ ន័យ​កំណាព្យ​ខ្មែរ​។​

៤២. ចូលរួមចំណែក​
​វប្បធម៌​មួយ​ផ្អែក ពឹងផ្អែក​ចិត្ត​ស្នេហ៍​
​ពាក្យ​ខ្មែរ​ជួយ​ណាស់ ដេរដាស​មក​ក្បែរ​
​ចូក​ជួយ​ហូរហែ រាល់​តែ​ល្បះ​ល្បែង​។​

៤៣. ភាសា​ខ្មែរ​ល្អ​
​ឆ្លាក់​បាន​បវរ សាទរភាព​ស្តែង​
​សិលាចារឹក ខ្មែរ​ថ្នឹក​ចារចែង​
​គ្រាន់គ្រប់​កន្លែង ចិត្ត​ស្វែង​រក្សា​។​

៤៤. ភាសា​ចារ​ចំ​
​ចិត្ត​ចេះ​សន្សំ ព្រំ​ព្រាង​ពិចារណ៍​
​សង្កេត​ហេតុផល យល់​ដល់​សីមា​
​ជ្រួតជ្រាប​លោកា ខេមរា​គួរ​ប្រឹង​។​

៤៥. ចង់ទុក​'​កេរ​'​មួយ​
'​ល្បែង​ពាក្យ​'​ចូក​ជួយ ស្ទួយ​ផ្សំ​ដំណឹង​
​បាន​ផល​ចម្លែក ថ្ងៃស្អែក​នឹង​ដឹង​
​តែ​ចិត្ត​គិត​ថ្លឹង ស្មឹង​ស្មា​ធ​ប្រមាណ​។​

៤៦. '​អាន​មាន​ប្រាជ្ញា​'
​ជា​ទិស​ប្រាថ្នា ចារ​ចិត្ត​គិតស្មាន​
​តុបតែង​បែង​ឆ្លាស់ យុទ្ធសាស្ត្រ​សុខសាន្ត​
​ប្រាណ​ណា​ក្លាហាន ចំណាន​ចំណង់​។​

៤៧. '​អាន​មាន​ប្រាជ្ញា​'
​ណឺរ៉ូន​ធ្វើការ ជា​សារ​សាងសង់​
​ដុះដាល​ក្នុង​ក្បាល ត្រកាល​សំណង់​
​ជំនាញ​តម្រង់ ពុំ​បង់​បញ្ញា​។​

៤៨. ជាការ​សាកល្បង​
​អាន​គិត​ច្រើនដង សាសង​ចេតនា​
'​ល្បែង​ពាក្យ​'​នាំ​ចិត្ត ឲ្យ​គិត​ពិចារណ៍​
​ហេតុផល​ព្រឹត្តិការណ៍ សិក្សា​សារ​សព្វ​។​

៤៩. ចំណែក​កវី​
​គុណភាព​ជ្រាប​ទ័យ រាល់ថ្ងៃ​ប្រសព្វ​
​រៀប​ពាក្យ​ច្រៀក​ពេចន៍​
​រំលេច​ប្រសប់​
​រកឃើញ​កំណប់ រចនាបថ​ប្រាណ​។​

៥០. ខ្លួន​ជា​គ្រូ​ដែរ​
​ណែនាំ​ជួយ​កែ រឹតតែ​ចំណាន​
​កាព្យ​ឆាប​ចិត្ត​ខ្លួន មិន​ពួន​សព្វឋាន​
​ហ្វេ​ស​ប៊ុ​ក​ជា​ឋាន ហាត់ប្រាណ​ខួរ​ចារ​៕

(សូមរង់ចាំអានវគ្គ៤ វគ្គបញ្ចប់)

Tag:
 កវី អ៊ីវ ហួត
© រក្សាសិទ្ធិដោយ thmeythmey.com