COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម​៖ គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ស្ថិតក្នុង​គ្រោះថ្នាក់ COVID-19 កម្រិត​ខ្ពស់​
29, Jul 2020 , 5:09 pm        
រូបភាព
ប៉ូលិសវៀតណាម បិទភោជនីយដ្ឋានភីហ្សាមួយកន្លែង ដែលរកឃើញករណីសង្ស័យមានផ្ទុកកូរ៉ូណាវីរុស នៅក្នុងទីក្រុងហាណូយ។ រូបភាព៖ VnExpress
ប៉ូលិសវៀតណាម បិទភោជនីយដ្ឋានភីហ្សាមួយកន្លែង ដែលរកឃើញករណីសង្ស័យមានផ្ទុកកូរ៉ូណាវីរុស នៅក្នុងទីក្រុងហាណូយ។ រូបភាព៖ VnExpress
​គ្រប់​ខេត្ត និង​ក្រុង​របស់​វៀតណាម​ទាំងអស់ កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​កម្រិត​ខ្ពស់​នៃ​ការឆ្លង​COVID-19​។ នាយករដ្ឋមន្ត្រី​វៀតណាម  លោក ង្វៀន ស៊ួ​ន​ហ្វុ​ក បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៩ ខែកក្កដា ដោយ​បន្ថែមថា ស្ថានភាព COVID-19 នៅ​វៀតណាម​ក្នុង​ពេលនេះ គឺ​ខុសពី​ស្ថានភាព​COVID-19 ដែល​ផ្ទុះឡើង​នៅ​វៀតណាម កាលពីដើមឆ្នាំ​។




​ករណី​ឆ្លង COVID-19 នៅក្នុង​ទីក្រុង​ដា​ណា​ង និង​តំបន់​ជិតខាង កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ឈឺក្បាល​យ៉ាងខ្លាំង​។ មកទល់ពេលនេះ ដា​ណា​ង មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ២៩​ករណី​។  រដ្ឋាភិបាល​វៀតណាម បានចេញ​វិធានការ​មួយចំនួន ដូចជា​បិទ​ជើងហោះហើរ​ចេញចូល​ក្រុង​ដា​ណា​ង​ទាំងអស់ និង​ហាម​ការធ្វើដំណើរ​នៅក្នុង​ទីក្រុង លើកលែងតែ​ករណី​ចាំបាច់​ប៉ុណ្ណោះ​។ 
 
​ដោយ​មើលឃើញ​ពី​ករណី​ឆ្លង​ក្នុងស្រុក​ហក់​ឡើង នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក  បាន​ប្រាប់​មន្ត្រី​របស់ខ្លួន​ឲ្យ​ចាត់វិធានការ​ឲ្យ​លឿន និង​ខ្លាំង​បំផុត ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​។ ករណី​ឆ្លង​នៅ​ដា​ណា​ង បានធ្វើ​ឲ្យ​គ្រប់​ខេត្ត​ក្រុង​វៀតណាម​ទាំងអស់​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្ពស់​។ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា រលក​ឆ្លង​ថ្មី​នេះ គឺ​ខុសពី​អ្វីដែល​បាន​កើតឡើង​កាលពីដើមឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទាក់ទិន​នឹង​ករណី​ផ្ទុះ COVID-19 ថ្មី​នេះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ ប្រុងប្រយ័ត្ន និង​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់ ដើម្បី​បង្ការ COVID-19 ។ 
 
​ចំណែក​នៅ​ទីក្រុង​ហាណូយ​ឯណោះ​វិញ ករណី​ឆ្លង​COVID-19 ក៏មាន​ហានិភ័យ​ខ្ពស់​ដែរ​។ នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា អាជ្ញាធរ​វៀតណាម បាន​រកឃើញ​ករណី​សង្ស័យ​នៃ COVID-19 មួយ​នៅ​ភោជនីយដ្ឋាន​ភី​ហ្សា​មួយកន្លែង​ក្នុង​រដ្ឋធានី​ដែល​ពាក់ព័ន្ធ​អ្នក​ទើប​មកពី​ដា​ណា​ង​។ បន្ទាប់ពី​រកឃើញ​ករ​ណី​សង្ស័យ​នេះ អាជ្ញាធរ​បាន​បិទ​ភោជនីយដ្ឋាន និង​បាញ់ថ្នាំ​សម្លាប់​វីរុស ចំណែក​តំបន់​ជនសង្ស័យ​ផ្ទុក COVID-19 នេះ​រស់នៅ ក៏​ត្រូវបាន​អាជ្ញាធរ​រឹតត្បិត​ការធ្វើដំណើរ​ដែរ​។ 
 
​ទីក្រុង​ហាណូយ បានទទួល​ប្រជាជន​ដែល​ជម្លៀស​ពី​ដា​ណា​ង​វិញ​ច​ម្លោះ​ពី​១៥០០០​នាក់​ដល់​២០០០០​នាក់​។ លោក Nguyen Duc Chung ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ បាន​អំពាវនាវ​ឲ្យ​ប្រជាជន ដែល​ត្រលប់​មកពី​ដា​ណា​ង​ចាប់ពី​ថ្ងៃទី​៨ ខែកក្កដា ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង និង​រាយការណ៍​ប្រាប់​អាជ្ញាធរ​ពី​សកម្មភាព​របស់ខ្លួន​។ 
 
​បន្ថែម​ពីលើ​នោះ រដ្ឋាភិបាល​វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ឲ្យ​នាយកដ្ឋាន​សុខាភិបាល​ក្រុង​ហាណូយ ត្រៀម​សម្ភារ​ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​រ៉ូ​ណាវី​រុស​ឲ្យ​បាន​រួចរាល់​។ 
 
​នាពេល​កន្លងមក អាជ្ញាធរ​វៀតណាម អះអាងថា ករណី​ឆ្លង​COVID-19 នៅក្នុង​ទីក្រុង​ដា​ណា​ង គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​បី​កន្លែង​នៅក្នុង​ក្រុង​ដា​ណា​ង​។ លើសពីនេះ អាជ្ញាធរ​វៀតណាម ក៏បាន​សង្ស័យ​លើ ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​ចិន​ផងដែរ ថា អាច​ចម្លង​កូ​រ៉ូ​ណា​វីរុស​នៅពេល​នេះដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ វៀតណាម​មាន​ករណី COVID-19 សរុប​ចំនួន ៤៤៦​ករណី មិនមាន​អ្នកស្លាប់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៦៩​នាក់​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com