ជាតិ
លោក ឃឹម ហ្វីណង់៖ ស្រុកបន្ទាយស្រី មិនមានអាជីវកម្មសាច់ឆ្កែទៀតឡើយ សត្វឆ្កែជាច្រើនក្បាលដែលជាប់នៅក្នុងទ្រុងរបស់អាជីវករសត្វឆ្កែនៅស្រុកបន្ទាយស្រី។ រូបភាពពីលោក ឃឹម ហ្វីណង់
× ក្រោយចេញបម្រាមកាលពីខែកក្កដា និងមានអាជ្ញាធរចុះទៅណែនាំដល់អាជីវករជួញដូរសត្វឆ្កែ ឬធ្វើសត្តឃាតសត្វឆ្កែ ចំនួន១០កន្លែងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ម្ចាស់អាជីវកម្មទាំងនោះត្រូវបានបញ្ឈប់អាជីវកម្មទាំងស្រុងហើយ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ម្ចាស់អាជីវកម្មដែលជួញដូរសត្វឆ្កែ និងម្ចាស់អាជីវកម្មធ្វើសត្តឃាតសត្វឆ្កែជាចំណីអាហារជាច្រើនកន្លែងទៀតដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ត្រូវបានអាជ្ញាធរចុះទៅណែនាំ ហើយពួកគេក៏បានធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មរបស់ខ្លួនផងដែរ។
លោក ឃឹម ហ្វីណង់ បានរៀបរាប់ដូច្នេះថា៖«យើងកំពុងតែស្ថិតនៅដំណាក់កាលហាមឃាត់ជាលើកទី២ហើយ។ ឥឡូវនេះយើងព្យាយាមណែនាំឲ្យបញ្ឈប់ដោយខ្លួនឯង។ បើគាត់នៅតែមិនបញ្ឈប់ទៀតគឺយើងនឹងចុះទៅបង្ក្រាប ហើយយើងនឹងរឹបអូសយកសត្វទាំងអស់នោះតែម្តង»។
បើតាមលោក ឃឹម ហ្វីណង់ ម្ចាស់អាជីវករដែលលែងប្រកបមុខរបរជួញដូរសត្វឆ្កែនោះភាគច្រើនជាអ្នកដែលផ្លាស់មករស់នៅស្រុកបន្ទាយស្រី។ ត្រង់ចំណុចនេះលោក ឃឹម ហ្វីណង់ មានការព្រួយបារម្ភខ្លាចតែអាជីវករទាំងនោះ អាចផ្លាស់ប្តូរទៅរស់នៅកន្លែងផ្សេង ហើយចាប់យកមុខរបរនេះដដែល។
ទាក់ទងបញ្ហានេះ លោក ឃឹម ហ្វីណង់ បានជំរុញឲ្យបណ្តាខេត្តដទៃមានការហាមឃាត់ការជួញដូរសត្វឆ្កែ ដើម្បីកុំឲ្យពួកគេអាចប្រកបមុខរបរដោយខុសច្បាប់នេះតទៀត។ លោកបានរៀបរាប់ដូច្នេះ៖«ដើម្បីឲ្យការងារនេះមានប្រសិទ្ធភាព គឺទាល់តែយើងហាមទូទាំងប្រទេស។ បើមិនអ៊ីចឹងទេ គាត់នឹងរើពីកន្លែងហាម ទៅលក់នៅកន្លែងដែលមិនហាម»។
បើតាមលោកអភិបាលស្រុកបន្ទាយស្រី ក្រោយពីពួកគេឈប់ប្រកបមុខរបរនោះហើយ ពួកគេទាំងនោះ មិនទាន់មានមុខរបរថ្មីនៅឡើយទេ។ ដើម្បីដោះស្រាយដល់ជីវភាពរបស់អាជីវករទាំងនោះ លោក ឃឹម ហ្វីណង់ បានរៀបរាប់ដូច្នេះថា៖«កន្លែងដែលយើងធ្លាប់ឃើញមានការលក់សត្វឆ្កែនោះគឺយើងលែងឃើញមានលក់ទៀតហើយ។ របរថ្មីរបស់ពួកគាត់ក៏យើងអត់ទាន់ឃើញមានដែរ។ ដោយសារមុខរបរនេះជាមុខរបរខុសច្បាប់ ដូច្នេះយើងអត់មានការផ្គត់ផ្គង់នោះទេ។ ប៉ុន្តែយើងកំពុងតែធ្វើការជាមួយអង្គការសង្គ្រោះសត្វកម្ពុជា និងអង្គការ Four Paws ដើម្បីជួយរកមុខរបរដល់ពួកគាត់ ឬជួយជាការផ្តល់ប្រាក់កម្ចីដល់គាត់»។
បើតាមការស៊ើបអង្កេតរបស់អង្គការ FOUR PAWS អន្តរជាតិ នៅកម្ពុជាមានសត្វឆ្កែប្រមាណ ៣លានក្បាល ត្រូវបានសម្លាប់ និងបរិភោគ ជារៀងរាល់ឆ្នាំ។ ក្នុងចំណោមសត្វដែលគេបរិភោគនោះ គឺជាឆ្កែអនាថា និងត្រូវបានគេលួច។ តម្លៃឆ្កែរស់មួយក្បាល ចន្លោះពី ២ដុល្លារ ទៅ៣ដុល្លារ ក្នុងមួយគីឡូក្រាម។
បើតាមរបាយការណ៍របស់អង្គការ FOUR PAWS អន្តរជាតិដដែល សម្រាប់នៅខេត្តសៀមរាបមានភោជីយដ្ឋានសាច់ឆ្កែចំនួន២០កន្លែង ហើយសត្វឆ្កែចន្លោះពី៤ទៅ៦ក្បាលក្នុងមួយថ្ងៃ ត្រូវបានសម្លាប់យកធ្វើជាម្ហូប នៅតាមភោជនីយដ្ឋាននីមួយៗ។ បើគិតជាខែវិញ គឺមានសត្វឆ្កែប្រមាណ២,៩០០ក្បាលត្រូវបានសម្លាប់ ហើយជាឆ្នាំ គឺមាន៣៥,០០០ក្បាល។
កន្លងមកអាជ្ញាធររាជធានីភ្នំពេញ ក៏ធ្លាប់ចេញបម្រាមធ្វើអាជីវកម្មសត្វឆ្កែ យកទៅធ្វើជាម្ហូបអាហារដែរ ប៉ុន្តែគេនៅតែប្រទះឃើញកន្លែងលក់-ដូរសាច់ឆ្កែ រីកស្គុសស្គាយ និងមានភ្ញៀវចូលពេញៗហាងទៀតផង។
របាយការណ៍ដែលចុះផ្សាយកាលពីខែកុម្ភៈឆ្នាំ២០២០នេះបញ្ជាក់ថា៖«សម្រាប់តែក្នុងរាជធានីភ្នំពេញ អង្គការ FOUR PAWS បានរកឃើញហាងជាង១១០ទីតាំងដែលលក់សាច់ឆ្កែ ហើយភាគច្រើនបើកទ្វារក្នុងពេល២ឆ្នាំចុងក្រោយនេះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com