របាយការណ៍​អាមេរិក​៖ ចិន​សម្លឹង​ដាក់​មូលដ្ឋានទ័ព​ក្នុងប្រទេស​៤​នៅ​អាស៊ាន​
អន្តរជាតិ
របាយការណ៍​អាមេរិក​៖ ចិន​សម្លឹង​ដាក់​មូលដ្ឋានទ័ព​ក្នុងប្រទេស​៤​នៅ​អាស៊ាន​
16, Sep 2020 , 9:29 pm        
រូបភាព
​រដ្ឋាភិបាល​ចិន កំពុង​សម្លឹង​ដាក់​មូលដ្ឋានទ័ព​បន្ថែម​នៅ​បរទេស ហើយ​ក្នុងចំណោម​នោះ ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​៤ ស្ថិត​ជា​គោលដៅ​របស់​យក្ស​អាស៊ី​មួយ​នេះ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងការពារជាតិ​អាមេរិក​ផ្ញើ​ទៅកាន់​សភា ដែល​បាន​ចុះផ្សាយ​កាលពី​ដើម​ខែកញ្ញា​នេះ​។ តាម​របាយការណ៍​ដដែល គោលដៅ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ពង្រឹង​និង​រក្សា​អំណាច​យោធា​ខ្លួន​នៅក្រៅ​ទឹកដី​។ 

 
​មី​យ៉ាន់​ម៉ា ថៃ សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី ត្រូវបាន​ជាប់​ឈ្មោះ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​ផ្សេងទៀត​ដែល​ចិន​កំពុង​ពិចារណា​ដាក់​មូលដ្ឋានទ័ព​របស់​ខ្លួន​។ របាយការណ៍​កម្រាស់់​២០០​ទំព័រ ក្រោម​ចំណងជើង​ថា «​ការអភិវឌ្ឍ​សន្តិសុខ​និង​យោធា​ពាក់ព័ន្ធ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឆ្នាំ​២០២០ (Military and Security Developments Involving the People’s Republic of China 2020)» បាន​សរសេរ​បែបនេះ ។​
 
«​លើសពី​មូលដ្ឋានទ័ព​បច្ចុប្បន្ន​របស់ខ្លួន​ក្នុងប្រទេស ជី​ប៊ូ​ទី សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ទំនងជា​ពិចារណា និង​រៀបចំ​ផែនការ​រួចរាល់​ហើយ​សម្រាប់​មូលដ្ឋានទ័ព​នៅ​បរទេស​បន្ថែមទៀត ដើម្បី​គាំទ្រ​កងទ័ព​ថ្មើរជើង ជើង​អាកាស និង​ជើង​ទឹក​»​។ របាយការណ៍​របស់​ក្រសួង​ការពារ​អាមេរិក សរសេរ​បែបនេះ មុននឹង​បញ្ជាក់​ឈ្មោះ​ប្រទេស​ទាំង​៤​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ខាងលើ​។ 
 
​ក្រៅពី​ប្រទេស​ទាំង​បួន​ខាងលើនេះ របាយការណ៍​ក៏បាន​រៀបរាប់​ឈ្មោះ​ប្រទេស​មួយចំនួនទៀត ដែល​ជាប់​ឈ្មោះ​ក្នុងចំណោម​ប្រទេស​ដែល​ចិន​សម្លឹង​ដាក់​មូលដ្ឋានទ័ព​ខ្លួន រួមមាន ប៉ា​គី​ស្ថាន ស្រីលង្កា អេ​មី​រ៉ា​ត​អារ៉ាប់​រួម កេ​ន​យ៉ា សី​ស្ហែ​ល តង់​សានី អង់​ហ្គោ​ឡា និង​តា​ហ្ស៊ី​គី​ស្ថាន​។ 
 
​បន្ថែម​ពីនេះ  របាយការណ៍​ដែលមាន​៦​ជំពូក​ធំៗ​នេះ ក៏បាន​លើកឡើង​ពី​ករណី​កម្ពុជា​ពាក់ព័ន្ធ​មូលដ្ឋានទ័ព​ស​មុ​ទ្រ​រាម​ផងដែរ​។ របាយការណ៍​សរសេរ​ដូច្នេះ​ថា​៖«​កម្ពុជា​បាន​បដិសេធ​សំណើ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​ជួសជុល​អគារ​ដែល​អាមេរិក​ផ្ដល់​ឲ្យ ក្នុង​មូលដ្ឋានទ័ព​សមុទ្រ​រាម​។ ជំនួស​មកវិញ កម្ពុជា​ប្រហែល​ទទួលយក​ជំនួយ​ពី​ចិន ឬ​ប្រទេស​ដទៃ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋានទ័ព​សមុទ្រ​រាម​»​។​
 
 
​យ៉ាងណាមិញ ទាំង​ចិន និង​កម្ពុជា បាន​ច្រាល​ចោល​ជា​សាធារណៈ​ករណី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​កងទ័ពជើងទឹក​របស់​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​ការពារ​អាមេរិក​ដដែល​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ក្រសួងការពារជាតិ​
  យោធា​
  មូលដ្ឋានទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com