ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីការបរទេស​កម្ពុជា អះអាងថា អាស៊ាន​មិន​កាន់ជើង​មហាអំណាច​ណាមួយ ដែល​កំពុង​ប្រឈមមុខ​ដាក់គ្នា​ឡើយ​
11, Sep 2020 , 4:24 pm        
រូបភាព
​ភ្នំពេញ​៖ អាស៊ាន មិន​ចាប់អារម្មណ៍ និង​កាន់ជើង​មហាអំណាច​ណាមួយ ដែល​កំពុង​ប្រឈមមុខគ្នា​ឡើយ​។ លោក ប្រាក់ សុខុន ថ្លែង​បែ​បប​នេះ នៅក្នុង​បទ​អន្តរាគមន៍​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​៩ កញ្ញា​។​

 
​ក្នុង​បទ​អន្តរាគមន៍​នោះ លោក ប្រាក់ សុខុន បាន​ស្នើឱ្យ​អាស៊ាន​ធ្វើ​ការងារ​រួមគ្នា​មួយ ដោយ​ឈានទៅរក​ការបង្កើត «​ច្រករបៀង​ធ្វើដំណើរ​» (Travel Corridor) ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ធុរកិច្ច​ជា​បណ្ដើរ និង​ប្រកបដោយ​សុវត្ថិភាព ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ។ ជាពិសេស​រៀបចំ​ជា​ផែនការ​សកម្មភាព​ជាក់ស្តែង​មួយ​ឱ្យបាន​ឆាប់រហ័ស​។​
 
​ថ្លែង​បែបនេះហើយ លោក ប្រាក់ សុខុន ក៏​ស្នើឱ្យ​អាស៊ាន​ត្រូវ​ប្រកាន់ខ្ជាប់​យ៉ាងរឹងមាំ​នូវ​ស្មារតី​នៃ​ការឯកភាព និង​ម​ជ្ឈ​ភាព​អាស៊ាន ដើម្បី​អនុវត្ត​នូវ​គោលការណ៍ «​មាគ៌ា​អាស៊ាន​» ចៀសវាង​ការ​ទន់​ទោរ​ទៅ​ពួក​មហាអំណាច ដែល​កំពុង​ប្រឈមមុខ​ដាក់គ្នា​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ស្រង់​សម្តី​ប្រមុខ​ការទូត​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ដូច្នេះ​ថា​៖«​នៅក្នុង​ភាព​តានតឹង​ប្រឈម​ដាក់គ្នា​រវាង​មហាអំណាច និង​ការដើរថយក្រោយ​ពហុភាគី​និយម អាស៊ាន​មិនមាន​ចំណាប់អារម្មណ៍​ក្នុងការ​កាន់ជើង​ភាគី​ណាមួយ​ទេ​»​។​
 
​បច្ចុប្បន្ននេះ អាមេរិក​និង​ចិន កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​។ បញ្ហា​ជម្លោះ​រវាង​ភាគី​ទាំងពីរ​នេះ បាន​ផ្ទុះឡើង​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៨​។ មូលហេតុ​ដែល​នាំ​អាមេរិក និង​ចិន ប្រឈមមុខ​នឹង​បញ្ហា​ពាណិជ្ជ​កម្មនេះ ដោយសារ​លោក ដូណា​ល់​ ត្រាំ មិន​ពេញ​ចិត្តនឹង​ជញ្ជីងពាណិជ្ជកម្ម ដែល​ផ្អៀង​ទៅខាង​ចិន​ខ្លាំងពេក​។ ត្រាំ ចោទ​ចិន​ថា លួច​បច្ចេកទេស​របស់​អាមេរិក ហើយ​នាំ​ចូលផលិតផលទៅ​ប្រទេស​ខ្លួន​ច្រើន​។ ចំណែក​សំណុំរឿង​នៅ​ហុងកុង ,​ស៊ីន​ជាំ​ង , សមុទ្រ​ចិន​ខាងត្បូង និង​ជំងឺ​កូ​វីដ​-១៩ ក៏​ស្ថិតនៅក្នុង​ជម្លោះ​នោះដែរ ទើប​នាំឱ្យ ត្រាំ ចេញ​បញ្ជា​ដំឡើង​ពន្ធ​ពាណិជ្ជកម្ម​ចិន​។ ចិន​ក៏​តបត ការដំឡើង​ពន្ធ​លើ​អាមេរិក​វិញ​ដែរ​។​
 
​ភាគី​ទាំងពីរ​បានសម្រេច​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ទៅវិញទៅមក​ក្នុងតម្លៃ​ពាន់​លាន​ដុល្លារ​។ នៅ​ដើមឆ្នាំ​២០២០ កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​ដំណាក់កាល​ទីមួយ ត្រូវបាន​ចុះហត្ថលេខា សំដៅ​ដោះស្រាយ​បញ្ហា​ខ្លះ​។ ប៉ុន្តែ​រឿង​ពាណិជ្ជកម្ម​មិនទាន់​ចប់​ឡើយ ស្របពេល​លោក ត្រាំ ក៏​គ្មាន​បំណង​ជជែក​រឿង​នេះដែរ​។​
 
​បើសិនជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​នេះ នៅតែ​អូសបន្លាយ​យូរ​នោះ វា​នឹង​អាច​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ពិភពលោក​វិល​ទៅកាន់​ប្រវត្តិសាស្ត្រ​វិញ គឺមាន​ការបែងចែក​ជា​ពីរ​ប្លុក គឺ​ប្លុក​សេដ្ឋកិច្ច​ពួក​សេរី ខាង​សហរដ្ឋអាមេរិក និង​ពួក​កុម្មុយនីស្ត​ខាង​ភាគី​ចិន​។ ប៉ុន្តែ​វា​មិន​បណ្ដាល​ឲ្យ​ឈានទៅរក​សង្គ្រាមលោកលើកទី​៣​ឡើយ​។ នេះ​ជាការ​យល់ឃើញ​របស់ ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដែល​ធ្លាប់​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។​
 
​ចំណែក​ប្រទេស​ក្នុង​អាស៊ាន​វិញ បើសិនជា​មិន​រក្សា​ជំហ​រឹងមាំ​ជា​ធ្លុង​មួយ ហើយ​ទន់​ទោរ​តាម​ពួក​មហាអំណាច​នោះ អាស៊ាន​នឹង​ងាយ​ផុយ​ស្រួយ ហើយ​បែកបាក់​គ្នា​ជាមិនខាន​៕
 

Tag:
 អាស៊ាន​
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com