សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន និង​ឥណ្ឌា ឯកភាពគ្នា​បញ្ឈប់​បញ្ជូន​កងទ័ព​បន្ថែមទៀត​ទៅ​តំបន់​ព្រំដែន​
23, Sep 2020 , 11:55 am        
រូបភាព
កងទ័ពឥណ្ឌាយាមល្បាតលើដងផ្លូវទៅតំបន់ Ladakh។ រូបភាព៖ Reuters
កងទ័ពឥណ្ឌាយាមល្បាតលើដងផ្លូវទៅតំបន់ Ladakh។ រូបភាព៖ Reuters
​មេបញ្ជាការ​យោធា​ចិន និង​ឥណ្ឌា បាន​ឯកភាពគ្នា​ជាថ្មី ក្នុងការ​បញ្ឈប់​បញ្ជូន​កងទ័ព​បន្ថែម​ទៅ​តំបន់​ព្រំដែន​ជម្លោះ ដើម្បី​បន្ធូរបន្ថយ​ភាព​តាង​តឹង​ជាមួយគ្នា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ព​ឥណ្ឌា នៅ​ថ្ងៃទី​២២ ខែកញ្ញា​។



អត្ថបទទាក់ទង
 
​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ចិន និង​ឥណ្ឌា បាន​ថមថយ​ខ្លាំង បន្ទាប់ពី​មាន​ជំនួប​ប្រមុខ​ការទូត​ភាគី​ទាំងពីរ នៅ​ទីក្រុង​មូ​ស្គូ​ជុំវិញ​ព្រំដែន នៅ​ថ្ងៃទី​១០ ខែកញ្ញា​កន្លងទៅ​។ ក្នុងជំនួប​នេះ រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី ជាមួយ​សម​ភាគី​ឥណ្ឌា ស៊ូ​ប្រា​ម៉ាន់​យាំ ចេ​សាន់​កា (Subrahmanyam Jaishankar) បាន​យល់ព្រម​ដក​កងទ័ព និង​សម្ភារ​យោធា​នៅ​ទីតាំង​ប្រឈមមុខ​ដាក់គ្នា​។ 
 
​បន្ថែម​ពីលើ​ជំនួប​រដ្ឋមន្ត្រីការបរទេស មេបញ្ជាការ​យោធា​ចិន និង​ឥណ្ឌា បាន​ជួបគ្នា​ជាច្រើនលើក​លើ​បញ្ហា​ព្រំដែន ចាប់តាំងពី​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ពាក់កណ្តាល​ខែមិថុនា​។ មេបញ្ជាការ​កងទ័ព​ចិន និង​ឥណ្ឌា នៅ​ថ្ងៃទី​២១ ខែកញ្ញា បាន​ជួបគ្នា​ជាថ្មី​លើ​បញ្ហា​ព្រំដែន​នេះ​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​ឥណ្ឌា ក្នុងជំនួប​លើក​ទី​៦​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ឈប់​បញ្ជូន​កងទ័ព​រៀងៗ​ខ្លួន​បន្ថែម​ទៅ​តំបន់​ជួរមុខ បញ្ចៀស​ការផ្លាស់ប្តូរ​ស្ថានភាព​តាម​ព្រំដែន​ជា​ឯកតោភាគី និង​ជៀសវាង​ការប្រព្រឹត្ត​សកម្មភាព​ទាំងឡាយណា ដែល​នាំ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​។ 
 
​ក្រៅពី​ឯកភាព​លើ​បញ្ហា​ខាងលើ មេបញ្ជាការ​ប្រទេស​ទាំងពីរ ក៏បាន​យល់ព្រម​បញ្ចៀស​ការយល់ច្រឡំ និង​ការវាយតម្លៃ​ខុស​ផងដែរ​។ 
 
​នៅ​ដើមខែ​កញ្ញា​កន្លងមក ទីក្រុង​ប៉េកាំង និង​ទីក្រុង​ញូវដែលី បាន​ចោទ​គ្នា​ទៅវិញទៅមក លើ​ការបំពាន​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា​ក្នុង​ការរក្សាសន្តិសុខ​តាម​ព្រំដែន ដោយបាន​បាញ់​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ទៅលើ​អាកាស​។ ប៉ុន្តែ​ហេតុ​កាណ៍​នោះ មិនបាន​បង្ក​ឲ្យ​មាន​អ្នករបួស​ឡើយ​។​
 
​សូមបញ្ជាក់ថា ទីក្រុង​ប៉េកាំង និង​ឥណ្ឌា គឺមាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​សរុប ៣៤៨៨​គីឡូម៉ែត្រ ប៉ុន្តែ​ប្រទេស​ទាំងពីរ​មិនទាន់មាន​ការកំណត់​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ពោលគឺ​មានតែ​ខ្សែ​បន្ទាប់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង​ប៉ុណ្ណោះ​(LAC) ដែលជា​ហេតុ​ធ្វើ​ឲ្យ​យក្ស​អាស៊ី​ទាំងពីរ​នៅតែ​បន្ត​ប្រឈមមុខ​ដាក់គ្នា​រហូតមក​៕

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com