អន្តរជាតិ
កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូងជុំវិញការបំពានដែនទឹករបស់ខ្លួន
27, Sep 2020 , 8:29 pm        
រូបភាព
នាវាយោធារបស់កូរ៉េខាងត្បូង។_រូបភាព៖_Yonhap
នាវាយោធារបស់កូរ៉េខាងត្បូង។_រូបភាព៖_Yonhap
កូរ៉េខាងជើង នៅថ្ងៃទី២៧ ខែកញ្ញា បានបញ្ជាឲ្យកូរ៉េខាងត្បូង បញ្ឈប់ការរុករកសាកសពមន្រ្តីនេសាទនៅតំបន់ព្រំដែនសមុទ្រខាងលិចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA។ បើតាមទីក្រុងព្យុងយ៉ាង ការរុករុកសាកសពពីសំណាក់ទីក្រុងសេអ៊ូល គឺបានបំពានដែនទឹករបស់ខ្លួន។


  
មកទល់ពេលនេះ សាកសពមន្រ្តីកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានកងទ័ពកូរ៉េខាងជើងបាញ់ គឺមិនទាន់រកឃើញនៅឡើយទេ។ កូរ៉េខាងត្បូង បានចោទកូរ៉េខាងជើងថា បានដុតសាកសពបុរសម្នាក់នេះ។ ជាការឆ្លើយតប កូរ៉េខាងជើងអះអាងថា ខ្លួនបានដុតតែសម្ភារ ដែលនៅជាប់ខ្លួនបុរសនោះតែប៉ុណ្ណោះ ចំណែកសាកសពវិញ គឺអណ្តែតនៅលើសមុទ្រ។ 
 
ការស្វែងរកសាកសពរបស់មន្រ្តីនេសាទកូរ៉េខាងត្បូង នៅតែបន្តដំណើរការ ដែលបេសកកម្មនេះ ត្រូវបានកូរ៉េខាងជើងចោទថា បំពានដែនទឹករបស់ខ្លួន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA កូរ៉េខាងត្បូង បានកេណ្ឌកងទ័ពជើងទឹក ទូក និងនាវាយោធារបស់ខ្លួនជាច្រើន ដើម្បីស្វែងរកសាកសព ហើយថែមទាំងអនុញ្ញាតឲ្យកងទ័ពជើងទឹករបស់ខ្លួនបំពានដែនទឹកកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែកញ្ញាថែមទៀត។ ការណ៍នេះ កូរ៉េខាងជើង ទាមទារឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បីបញ្ចៀសឧប្បទ្ទវហេតុជាមួយគ្នាណាមួយកើតឡើង។ 
 
«យើងមិនអាចឈរមើលការបំពានណាមួយ ក្នុងដែនទឹករបស់យើងកើតឡើងឡើយ ហើយយើងព្រមានភាគីកូរ៉េខាងត្បូង ពីការបំពាននេះ។ យើងទទូចឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពរុករកនេះជាបន្ទាន់ នៅតាមតំបន់ព្រំដែននៅក្នុងសមុទ្រខាងលិច ដែលអាចនាំឲ្យមានភាពតានតឹងកើតឡើង។ កូរ៉េខាងជើង បានលើកឡើងបែបនេះ ដោយបន្ថែមថា កូរ៉េខាងជើង ក៏មានគម្រោងស្វែងរកសាកសពនោះ ដោយខ្លួនឯងដែរហើយ ប្រសិនបើរកឃើញកូរ៉េខាងជើងនឹងប្រគស់សាកសពនោះត្រលប់ទៅវិញ។ 
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូង បានប្រើប្រាស់កប៉ាល់ចំនួន៣៩គ្រឿង ដោយរួមមាន នាវាយោធា១៦គ្រឿង និងយន្តហោះ ៦គ្រឿង ដើម្បីរកសាកសពបុរសកូរ៉េខាងត្បូងដែលបាត់។ កន្លងមក កូរ៉េខាងត្បូង បានស្នើឲ្យកូរ៉េខាងជើងស៊ើបអង្កេតលើការបាញ់សម្លាប់នេះ ហើយថែមទាំងស្នើឲ្យមានការស៊ើបអង្កេតរួមគ្នាថែមទៀត ប្រសិនបើអាច៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com