អន្តរជាតិ
អាមេរិក មើលស្រាលទណ្ឌកម្មចិនលើក្រុមហ៊ុនលក់អាវុធរបស់ខ្លួន រូបភាព៖ AFP
× មន្ត្រីជាន់ខ្ពស់អាមេរិក នៅថ្ងៃទី២៨ ខែតុលា បានមើលស្រាលការគំរាមកំហែងរបស់ចិន ដែលបានប្រកាសដាក់ទណ្ឌកម្មមកលើក្រុមហ៊ុនលក់អាវុធរបស់ខ្លួន ដោយផ្អែកលើហេតុផលថាវាធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។
ក្រសួងការបរទេសចិននៅពេលថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon បន្ទាប់ពីលក់អាវុធឲ្យតៃវ៉ាន់ជិត២ពាន់លានដុល្លារ។
ទាក់ទិននឹងទណ្ឌកម្មនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកក្នុងការលក់អាវុធ លោកRené Clarke Cooper បានលើកឡើងយ៉ាងដូច្នេះថា៖ «វាមិនមែនជាលើកដំបូងទេ ដែលក្រុងប៉េកាំងព្រមានដាក់ទណ្ឌកម្មមកលើក្រុមហ៊ុនអាមេរិក»។ បើតាមមន្ត្រីអាមេរិករូបនេះ វាមានការគំរាមកំហែង និងការញុះញង់ជុំវិញបញ្ហាលក់អាវុធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកCooper បានបន្ថែមថា ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ ផ្អែកទៅតាមច្បាប់ក្នុងស្រុករបស់ខ្លួន ដើម្បីឲ្យកោះតៃវ៉ាន់អាចការពារខ្លួនបាន ពីការគំរាមមួយចំនួន។ ម្យ៉ាងវិញទៀត ការលក់ឲ្យអាវុធបែបនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ដឹងរួចហើយថា អាមេរិក នឹងបន្តលក់អាវុធឲ្យតៃវ៉ាន់ក្នុងពេលទៅមុខទៀត។
តាមការយល់ឃើញរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ កោះតៃវ៉ាន់ គឺជាចំណុចកណ្តាលនៃស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក។ ចំណែកការទិញអាវុធរបស់តៃវ៉ាន់ទៀតសោត មិនមែនជាសកម្មភាពសម្លុតប្រទេសណាមួយឡើយ ផ្ទុយទៅវិញចិនទេ ដែលតែងតែបង្កសកម្មភាពគំរាមកំហែងដាក់អ្នកដទៃ និងប្រទេសជិតខាង។
បន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មរបស់ចិននេះ ក្រសួងការបរទេសអាមេរិកបានអនុម័តលក់អាវុធឲ្យតៃវ៉ាន់ ក្នុងតម្លៃ២,៤ពាន់លានដុល្លារបន្ថែមទៀត។ ប៉ុន្តែលើកនេះ ចិនបានចេញមកជំទាស់តែប៉ុណ្ណោះ និងមិនមែនទណ្ឌកម្មអ្វីបន្ថែមឡើយ។
សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅ ចិនក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com