COVID-19
ជាតិ
ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលជួបរដ្ឋមន្រ្តីការបរទេសហុងគ្រី មិនឆ្លងកូវីដឡើយ
05, Nov 2020 , 1:05 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា  និង Péter Szijjártó រដ្ឋមន្រ្តីការបរទេសហុងគ្រី ចូលរួមសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង Péter Szijjártó រដ្ឋមន្រ្តីការបរទេសហុងគ្រី ចូលរួមសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការបរទេស
ក្រសួងសុខាភិបាល ប្រាប់លទ្ធផលទៅក្រសួងការបរទេសថា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់នៃក្រសួងការបរទេសកម្ពុជា ដែលបានប្រាស្រ័យទាក់ទងជាមួយ Péter Szijjártó រដ្ឋមន្រ្តីការបរទេសហុងគ្រីនិងគណៈប្រតិភូរបស់លោក ថា មិនមានជំងឺកូវីដ-១៩នោះទេ។ ក្រសួងការបរទេស បានបង្ហាញលទ្ធផលអវិជ្ជមាននៃជំងឺកូវីដ-១៩នេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បន្ទាប់ពីទទួលបានចម្លើយពីក្រសួងសុខាភិបាល។



ក្រសួងការបរទេស បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទោះជាលទ្ធផលធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ក្តី តែថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់នៃក្រសួងការបរទេស នៅតែបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងរង់ចាំការធ្វើតេស្តបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល។

នា​ព្រឹកថ្ងៃទី​៥ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស៦២៨នាក់ ដែល​ប្រាស្រ័យ​ទាក់ទងដោយផ្ទាល់និងប្រយោល ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី បានឆ្លងកាត់ការធ្វើតេស្ត ហើយលទ្ធផល គឺ​អវិជ្ជមាន (មិនឆ្លងកូ​វីដ​-១៩)។ 

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសហុងគ្រីនិងគណៈប្រតិភូរបស់លោក បានជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ដោយរួមមានទាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសរួចហើយថា សម្តេច បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ តែសម្តេចត្រូវបន្តធ្វើចត្តាឡីស័ក។

រដ្ឋមន្រ្តីកម្ពុជា ដែលបានជួបរដ្ឋមន្រ្តីការបរទេសហុងគ្រី រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស លោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកតំណាងរាស្រ្ត សួស យ៉ារ៉ា ក៏បានជួបរដ្ឋមន្រ្តីការបរទេសហុងគ្រីដែរ។

រដ្ឋាភិបាល តម្រូវឲ្យថ្នាក់ដឹកនាំនិងមន្រ្តីកម្ពុជាទាំងអស់ ដែលបានប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក Péter Szijjártó ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក។

លោក Péter Szijjártó ត្រូវរកឃើញថា មានជំងឺកូវីដ-១៩ បន្ទាប់ពីលោក ចេញពីកម្ពុជា ហើយទៅដល់ថៃ ដើម្បីបន្តបេសកកម្មការទូតរបស់លោក។ ក្រោយលទ្ធផលបង្ហាញថាលោក មានជំងឺកូវីដ-១៩ ជំនួបរបស់លោក ជាមួយថ្នាក់ដឹកនាំថៃ ត្រូវលុបចោលទាំងអស់៕

អត្ថបទទាក់ទង

Tag:
 COVID-19
  មន្រ្តីការទូតកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com