COVID-19
ជាតិ
ស​.​ស​.​យ​.​ក បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩
03, Dec 2020 , 7:15 pm        
រូបភាព
ភ្នំពេញ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នៅតែ​បន្ត​ចូលរួម​យ៉ាង​សកម្មភាព​ជាមួយ​រដ្ឋាភិបាល ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ស​.​ស​.​យ​.​ក អះអាងថា ខ្លួន​បានធ្វើ​យុទ្ធនាការ    បញ្ជ្រាប​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​តាំងតែ​ពី​ខែមីនា​មក ហើយក៏​ធ្លាប់​ឧបត្ថម្ភ​សម្ភារ​ចាំបាច់ ដូចជា​ម៉ាស់ សម្លៀកបំពាក់​វេជ្ជសាស្ត្រ ជេ​ល​លាងដៃ ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ដែរ​។

 
 
ស​.​ស​.​យ​.​ក បាន និង​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការបន្ត​អនុវត្ត​យុទ្ធនាការ​បញ្ជ្រាប​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ យុទ្ធនាការ​នេះ បានចាប់ផ្តើម​តាំងពី​ខែមីនា​មក ដោយមាន​ការចូលរួម​ពី​យ៉ាង​ផុសផុល​ពី​សមាជិក និង​យុវជន​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក ទូទាំង​រាជធានី​-​ខេត្ត​។​
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ស​.​ស​.​យ​.​ក នៅថ្ងៃទី៣ធ្នូនេះ សកម្មភាព​ក្នុង​យុទ្ធនាការ​របស់ខ្លួនមានដូចជា  ការផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ពី​វិធាន​ការការពារ​ពី​ជំងឺ​កូ​វីដ​-១៩ តាម​មធ្យោបាយ​នានា ដូចជា​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​ចល័ត​, ការចង​បដា​តាម​ទីសាធារណៈ​, ការចែក​-​បិត​ខិ​ត្ត​បណ្ណ និង​ការចែក​សម្ភារ​ជាដើម សកម្មភាព​ដ៏​សំខាន់​មួយទៀត គឺ​ការចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត និង​រងគ្រោះ ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការបន្ត​សហ​ការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​ទីសាធារណៈ និង​រៀបចំ​ទីតាំង​ច​ត្តា​ឡី​ស័ក​ជាដើម​។ 
 


​ដើម្បី​ជំរុញ​ឲ្យ​យុទ្ធនាការ​នេះ ប្រព្រឹត្ត​ទៅដោយ​ប្រសិទ្ធភាព​ខ្ពស់ គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក កន្លងមក​បាន​គាំទ្រ​ទាំង​កម្លាំង និង​ស្មារតី ក៏ដូចជា​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​ចាំបាច់ រួមមាន​ម៉ាស់ ជែ​ល​លាងដៃ និង​បដា​ផ្សព្វផ្សាយ  ជូន​ដល់​គណៈកម្មាធិកា រស​.​ស​.​យ​.​ក រាជធានី​-​ខេត្ត​ទាំង ២៥​។ ហើយ​តាមរយៈ​មូលនិធិ ស​.​ស​.​យ​.​ក និង​តាមរយៈ​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន និង​ដៃគូ​សហការ​នានា  គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក គ្រោង​ឧបត្ថម្ភ​សម្ភារ​បន្ថែម រួមមាន ម៉ាស់ ៥០​ម៉ឺន​សន្លឹក​, សាប៊ូ​លាងដៃ ១,០៨០​ដុំ និង​បដា​ផ្សព្វផ្សាយ​ចំនួន ៣,០០០​ផ្ទាំង សម្រាប់​ជំហាន​បន្ទាប់  នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។ 

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាននោះ បាន​បន្ត​ជំរុញ និង​លើកទឹកចិត្ត​សមាជិក និង​យុវជន​ស្ម័គ្រចិត្ត​របស់ខ្លួន​ទាំងអស់ ឲ្យ​បន្ត​ការអនុវត្ត​យុទ្ធនាការ​នេះ ដល់​ពលរដ្ឋ​បន្ថែមទៀត ជាពិសេស​នៅ​ទីប្រជុំជន សាលារៀន និង​ផ្សារ​ជាដើម ធ្វើយ៉ាងណា​ឲ្យ​សារ​អប់រំ បាន​ជ្រួតជ្រាប​ទៅដល់​គ្រប់​មូលដ្ឋាន​។​
 


 
 
​គួរ​រំឭក​ដែរ​ថា កន្លងមក ស​.​ស​.​យ​.​ក ធ្លាប់​ឧបត្ថម្ភ​សម្ភារ​ចាំបាច់​ចំនួន​២​លើក​រួចហើយ ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ សម្ភារ​ទាំងនោះ មាន​ម៉ាស់​សរុប ១២,០៤០​ម៉ាស​, សម្លៀកបំពាក់​វេជ្ជសាស្ត្រ​ចំនួន ៣,៥០០​កំ​ប្លេ​, មួក​វេជ្ជសាស្ត្រ​ការពារ​ចំនួន ២,០០០​កំ​ប្លេ និង​ជេ​ល​លាងដៃ​ចំនួន ១,២៥០​ដប​។ ស​.​ស​.​យ​.​ក ក៏បាន​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​កូកាកូឡា ចុះ​អប់រំ ផ្សព្វផ្សាយ និង​ចែក​សម្ភារ​ជូន​បណ្តា​អង្គភាព និង​រដ្ឋបាល​ខណ្ឌ សង្កាត់ និង​មន្ទីរ​សុខាភិបាល ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣​ខែធ្នូ​នេះ អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ចំនួន ៣៣១​នាក់ ក្នុងនោះ​សះស្បើយ​៣០៤​នាក់​។ អ្នកជំងឺ​២២​នាក់ សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខ្មែរ​សូ​វៀត និង​៥​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com