សង្គមអន្តរជាតិ​
អន្តរជាតិ
សភា​ចិន ចេញមុខ​រិះគន់​អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​មន្ត្រី​ខ្លួន​១៤​នាក់​
10, Dec 2020 , 4:17 pm        
រូបភាព
លោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ដែលអមដោយអនុប្រធានជាច្រើននាក់ ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក។ រូបភាព Xinhua
លោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ដែលអមដោយអនុប្រធានជាច្រើននាក់ ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក។ រូបភាព Xinhua
​សភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​៩ ខែធ្នូ បាន​រិះគន់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន​១៤​នាក់ ទាក់ទង​ច្បាប់​សន្តិសុខ​ជាតិ​ដែល​អនុវត្ត​នៅ​ហុងកុង​។ តាមរយៈ​អ្នកនាំពាក្យ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន បាន​ការពារ​ច្បាប់​នេះ ហើយ​ព្រមាន​ដាក់ទណ្ឌកម្ម​សងសឹក​វិញ​។



អត្ថបទទាក់ទង

 
​ទណ្ឌកម្ម​អាមេរិក ដែល​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ចូល​ទឹកដី មកលើ​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ចំនួន ១៤​នាក់ បានធ្វើ​ឲ្យ​ស្ថាប័ន​ចិន ចេញមុខ​រិះគន់​ជា​បន្តបន្ទាប់​។ បន្ទាប់ពី​ក្រសួងការបរទេស​ចិន គណៈ​អចិ​ន្ត្រៃ៍​នៃ​សភា​ប្រជាជន​ចិន​ផ្ទាល់ បានចេញ​មុខការ​ពារ​សមាជិក​ជាន់ខ្ពស់​រប​ស់​ខ្លួន​វិញ​ម្ដង​។ អ្នកនាំពាក្យ​គណៈ​អចិ​ន្ត្រៃ៍​នៃ​សភា​ប្រជាជន​ចិន បាន​អះអាងថា ចិន​ជំទាស់​ជាដាច់ខាត លើ​ទណ្ឌ​កម្មនេះ​។ 
 
«​ចិន​នឹងដាក់​ទណ្ឌកម្ម​ត្រលប់​ទៅវិញ លើ​មន្ត្រី​អាមេរិក​ណា ដែល​លើកយក​បញ្ហា​ហុងកុង ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហុងកុង និង​បំផ្លាញ​សន្តិសុខ និង​អធិបតេយ្យ​របស់​ចិន​»​។ អ្នកនាំពាក្យ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បានលើកឡើង​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​Xinhua ។ 
 
​ដូច​ទៅនឹង​ការជំទាស់​របស់​ក្រសួងការបរទេស​ចិន​ដែរ អ្នកនាំពាក្យ​ដដែល អះអាងថា ហុងកុង ជា​ដែនដី​របស់​ចិន​សុទ្ធសាធ ព្រោះ​រដ្ឋធម្មនុញ្ញ​ចិន និង​ច្បាប់​មូលដ្ឋាន​ហុងកុង រួមបញ្ចូល​គ្នា បង្កើតជា​ច្បាប់​មូលដ្ឋាន​មួ​ួ​។ បើតាម​អ្នកនាំពាក្យ​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ ទណ្ឌកម្ម​អាមេរិក ជាការ​រករឿង​ផ្នែក​នយោបាយ និង​ការអនុវត្ត​បទដ្ឋាន​ពីរ​។ 
 
​ជាមួយគ្នានេះ គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន និយាយ​ការពារ​អនុម័ត​ច្បាប់​ខ្លួន​ទៀតថា សភា​ប្រជាជន​ចិន មានអំណាច​ក្នុងការ​ចាត់ចែង​ឲ្យ​ហុងកុង​អនុវត្ត​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» គោលនយោបាយ «​ប្រជាជន​ហុងកុង ដឹកនាំ​ហុងកុង​» និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដោយ​ផ្អែក​ទៅតាម​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​។ 
 
​អ្នកនាំពាក្យ​គណៈ​អចិ​ន្ត្រៃ៍​នៃ​សភា​ប្រជាជន​ចិន បាន​បកស្រាយ​ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺ​ផ្អែក​ទៅតាម​រដ្ឋធម្មនុញ្ញ​ចិន និង​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​។ ចំណែក​សេចក្តីសម្រេច​របស់​សភា​ប្រជាជន​ចិន ធ្វើឡើង ដើម្បី​កែលម្អ​ប្រព័ន្ធ​អនុវត្ត​ច្បាប់ នៅ​ហុងកុង​តែប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា សម្រាប់​ចិន ច្បាប់​ដែល​បានដាក់​ឲ្យ​អនុវត្ត​នៅ​ហុងកុង​ទាំងនោះ គឺ​ដើម្បី​ធានា​ពី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ហុងកុង ជាពិសេស គឺ​ដើម្បី​ការពារ​ផលប្រយោជន៍ ការជ្រៀតជ្រែក​របស់​ប​រទេស ការ​បំបែក​ទឹកដី និង​ការអភិវឌ្ឍ​ផ្សេងទៀត​ជាដើម​៕ 

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com