COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
​តំ​ណា​ង​ក​ម្ពុជា​ប្រ​ចាំ​U​N​ ​ព​ន្យល់​មូ​ល​ហេ​តុ​ដែ​ល​បង្ហាញ​អ​ត្តសញ្ញាណ​អ្នក​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ​ទៅ​អ្នករា​យ​កា​រ​ណ៍ពិសេ​ស​​
12, Dec 2020 , 3:18 pm        
រូបភាព
លោក អាន សុខខឿន ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាប្រចាំទីក្រុងហ្សឺណែវ
លោក អាន សុខខឿន ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាប្រចាំទីក្រុងហ្សឺណែវ
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាប្រចាំទីក្រុងហ្សឺណែវ ពន្យល់មូលហេតុដែលកម្ពុជា បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ទៅអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស ជុំវិញបញ្ហានេះ។ អ្នករាយការណ៍ពិសេស៣រូបនេះ ចេញមុខរិះគន់កម្ពុជាថា ការបង្ហាញមុខនិងអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ នាំឲ្យមានការរើសអើង និងប៉ះពាល់ដល់សិទ្ធិមនុស្ស ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានអះអាងថា ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជំងឺកូវីដ-១៩នេះ គឺមានសារៈសំខាន់ខ្លាំង និងចាំបាច់បំផុត ក្នុងកាលៈទេសៈតម្រូវឲ្យមានការទប់ស្កាត់ជាបន្ទាន់ នូវការឆ្លងចូលសហគមន៍ ដែលមិនទាន់រកឃើញប្រភពច្បាស់លាស់ ក្នុងគោលបំណងការពារសុវត្ថិភាពសុខភាពសាធារណៈ និងសន្តិសុខប្រជាជនទាំងមូល ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការឆ្លើយតបរបស់កម្ពុជាចំពោះវិធានការជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ធ្នូ យ៉ាងដូច្នេះថា៖«វិធានការបណ្ដោះអាសន្ននិងមានសមាមាត្រខាងលើ ត្រូវបានដាក់ចេញដើម្បីលើកទឹកចិត្ត និងជំរុញឲ្យមានការតាមរកធ្វើតេស្ត និងចត្តាឡីស័កឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាចំពោះបុគ្គលពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ទី៣ និងទី២៨ វិច្ឆិកា សំដៅរួមចំណែកទប់ស្កាត់ ការឆ្លងរាលដាលដែលមិនអាចគ្រប់គ្រងបាន ដូចដែលតំបន់ខ្លះក្នុងពិភពលោកកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ»។

កាលពីថ្ងៃទី៤ ធ្នូ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល បង្ហាញមុខមាត់អ្នកជំងឺកូវីដ-១៩ តាមរយៈរូបថត ឈ្មោះ អាយុ ភេទ និងទីកន្លែងស្នាក់នៅជាដើម ក្រោយពីមានជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កើនឡើងជាបន្តបន្ទាប់។ មូលហេតុដែលប្រមុខរដ្ឋាភិបាល ធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការរីករាលចូលសហគមន៍កាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែក្រោយអនុវត្តបាន១សប្ដាហ៍ ក្រសួងសុខាភិបាល ក៏ប្រកាសឈប់បង្ហាញរូបថតអ្នកជំងឺកូវីដ-១៩ ហើយ ប៉ុន្តែនៅរក្សាការបញ្ចេញឈ្មោះបុគ្គលនោះដដែល។
អត្ថបទទាក់ទង

ដ្បិតរដ្ឋាភិបាលសម្រេចឈប់បញ្ចេញរូបថតអ្នកជំងឺកូវីដ-១៩ក្តី ប៉ុន្តែរូបភាព និងអត្តសញ្ញាណអ្នកជំងឺកន្លងមកនេះ នៅតែដិតដាម និងបានបង្ហោះផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈបណ្ដាញសង្គម និងប្រព័ន្ធព័ត៌មាននានាទៅហើយ។ នេះជាការលើករបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សចំនួន៣រូប ដែលបានបន្ថែមថា ការបង្ហាញអត្តសញ្ញាណបុគ្គលបែបនេះ វាជារឿងគួរឲ្យព្រួយបារម្ភបំផុត ចំពោះសិទ្ធិបុគ្គល។

«ការបង្ហាញឈ្មោះ និងការធ្វើឲ្យភាពខ្មាស់អៀន ជាសាធារណចំពោះបុគ្គលដែលមានវិជ្ជមានកូវីដ-១៩ វាអាចនាំឲ្យមានការរើសអើង និងមាក់ងាយ ចំពោះពួកគេ។ ហើយវាក៏អាចរារាំងមនុស្សពីការធ្វើតេស្តដែរប្រសិនបើពួកគេមានរោគសញ្ញានៃកូវីដ-១៩ ឬ ប្រសិនបើពួកគេសង្ស័យថា ពួកគេមានហានិភ័យនៃការឆ្លងមេរោគ ពីអ្នកដែលបានធ្វើតេស្តវិជ្ជមានវីរុស»។ នេះជាការលើកឡើងរបស់អ្នករាយការណ៍ពិសេស។

អ្នករាយការណ៍ពិសេសទាំងនោះ ក៏បានលើកឡើងទៀតថា ការបង្ហាញមុខមាត់ និងអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ដោយគ្មានការព្រមព្រៀងគ្នា ក៏ជារឿងខុសឆ្គងផងដែរ។ ពួកគេ បានបន្ថែមថា ច្បាប់ស្តីពីការរក្សាការសម្ងាត់និងឯកជនភាព តម្រូវឱ្យមានការការពារសុវត្ថិភាព និងវិធីព្យាបាលសម្រាប់អ្នកដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដើម្បីធានាដល់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន និងសុខភាពប្រកបដោយសុវត្ថិភាព ។

«វាជារឿងគួរឲ្យព្រួយបារម្ភកាន់តែខ្លាំងទៀតនោះ ចំពោះអត្តសញ្ញាណបុគ្គល ដែលត្រូវបានប្រមូល និងផ្សព្វផ្សាយជាសាធារណដោយគ្មានការយល់ព្រម។ ហើយវាជារឿងមិនត្រឹមត្រូវនោះទេ ដែលអាជ្ញាធរប្រមូលព័ត៌មាន និងផ្សព្វផ្សាយជាសាធារណៈ នូវអត្តសញ្ញាណបុគ្គល ដែលពួកគេផ្ដល់ឱ្យនោះ។ នេះបើតាមអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

អ្នករាយការណ៍ទាំងនោះ រួមមានលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, លោកស្រី Tlaleng Mofokeng អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សគ្រប់រូប ក្នុងការទទួលបានសេចក្តីពេញចិត្តខ្ពស់ នៃសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងលោក Joseph Cannataci អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិឯកជន។

ឆ្លើយនឹងក្តីកង្វល់របស់អ្នករាយការណ៍ពិសេសទាំង៣នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា កម្ពុជា បានដាក់គុណតម្លៃនៃសិទ្ធិមនុស្ស នៅក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ក្នុងនោះសិទ្ធិចម្បង និងសំខាន់បំផុត គឺសិទ្ធិមានជីវិត សិទ្ធិរស់រាន និងសិទ្ធិទទួលបានការព្យាបាលសុខភាព។ មិនតែប៉ុណ្ណោះស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រាប់ទៅអ្នករាយការណ៍សិទ្ធិមនុស្សទៀតថា កិច្ចការពារសិទ្ធិរបស់បុគ្គលត្រូវបានដកហូតសេរីភាព នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ឆ្លៀតរិះគន់អ្នករាយការណ៍ទាំង៣រូបនោះវិញ យ៉ាងដូច្នេះ៖«អ្នករាយការណ៍ពិសេស ដែលបុគ្គលខ្លះមិនដែលស្គាល់ច្បាស់ពីកម្ពុជាផងនោះ គួរតែចូលរួមអបអរចំពោះសមិទ្ធផលខាងលើ ដែលមិនអាចប្រកែកបាន ទទួលស្គាល់នូវអាទិភាពរបស់កម្ពុជា និងបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវ តាមរយៈការជួយបន្ថែម ជាជាងបង្អាក់ ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការរីករាលដាលក្នុងទ្រង់ទ្រាយធំ»។

អ្នកជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍២៨ វិច្ឆិកា បានកើនឡើងដល់៤០នាក់ហើយ ខណៈមនុស្សរាប់ពាន់នាក់ទៀត ត្រូវបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តសុខភាពលើកទី៣ នៅថ្ងៃទី១២ ធ្នូនេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥៧នាក់ ក្នុងនោះជាសះស្បើយ៣០៧នាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ២៤នាក់ ,មណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ១១នាក់ និង៥នាក់ទៀត សម្រាក់ព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន៕
 
 
 


Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com