សង្គមអន្តរជាតិ​
អន្តរជាតិ
អូស្ត្រាលី​ថា ចិន​អាច​នឹង​បំពាន​ច្បាប់ WTO បើ​ហាមឃាត់​ការ​នាំចូល​ធ្យូងថ្ម​
16, Dec 2020 , 8:29 am        
រូបភាព
រថយន្តដឹកធ្យូងថ្មរបស់អូស្ត្រាលី។ រូបភាព៖Bloomberg
រថយន្តដឹកធ្យូងថ្មរបស់អូស្ត្រាលី។ រូបភាព៖Bloomberg
ដោយ:
​អូស្ត្រាលី​នៅ​ថ្ងៃទី​១៥ ធ្នូ ថ្កោលទោស​ចិន​ក្រោយ​ទទួល​ព័ត៌មាន​ថា ចិន​បាន​ហាមឃាត់​ការនាំ​ចូល​ធ្យូងថ្ម​ពី​អូស្ត្រាលី​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន លើកឡើងថា បើ​ព័ត៌មាន​នេះ​ជាការ​ពិត នោះ​ចិន​រំលោភច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។ បញ្ហា​នេះ ក៏​ស្ដែង​ពី​ការធ្លាក់ចុះ​ជាថ្មីទៀត​ក្នុង​ទំនាក់ទំនង​ចិន​-​អូស្ត្រាលី​ធ្លាក់​។​

 
​ធ្យូងថ្ម ជា​ផលិតផល​នាំចេញ​ដ៏​ចម្បង​មួយ​របស់​អូស្ត្រាលី​ទៅ​ចិន ដោយ​ការនាំចេញ​មានតម្លៃ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ខណៈ​ទំនាក់ទំនង​តែ​យ៉ាប់យ៉ឺន ក៏មាន​ព័ត៌មាន​ថា នាវា​ដឹក​ធ្យូងថ្ម​របស់​អូស្ត្រាលី ធ្លាប់​ត្រូវបាន​ហាម​មិន​ឲ្យ​ចូល​ចត​ក្នុង​កំពង់ផែ​ចិន​។ កាលពី​ខែតុលា​កន្លងទៅ​លោក Simon Birmingham រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី ធ្លាប់បាន​ទាមទារ​ចម្លើយ​ពី​ចិន​ម្តង​ហើយពី​ការហាម​នាំចូល​ធ្យូងថ្ម​អូស្ត្រាលី​។ 
 
​ការដេញដោល​ជាថ្មី​លើ​ការហាម​នាំចូល​ធ្យូងថ្ម​នេះ កើតឡើង​ក្រោយ​កាសែត​រដ្ឋ​ចិន Global Times ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ ធ្នូ​ថា ក្រុមហ៊ុន​ផលិត​អគ្គីសនី​ចិន​បង្វែរ​ទៅ​ទិញ​ធ្យូងថ្ម​ក្នុងស្រុក ក៏ដូចជា​ប្រទេស​ដទៃទៀត​ក្រៅពី​អូស្ត្រាលី​។ 
 
​ទាក់ទង​រឿងនេះ លោក ស្កុ​ត ម៉ូ​រី​សុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី​និយាយថា បើ​ការចុះផ្សាយ​ខាងលើ​ជាការ​ពិត នោះ​វា​ជាការ​ហាមឃាត់​ក្រៅផ្លូវការ ដែលជា​ការបំពានច្បាប់​នៃ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ប្រទេស​ទាំងពីរ​មាន​។ លោក ម៉ូ​រី​សុន អះអាងថា អូស្ត្រាលី​កំពុង​ស្វែងរក​ការបំភ្លឺ​ពី​រដ្ឋាភិបាល​ចិន​។ 
 
«​ចិន​អាច​នឹង​ខូច​កេរ្តិ៍ឈ្មោះ​ជា​ដៃគូ​ពាណិជ្ជកម្ម បើសិនជា​បន្ត​ប្រើ​សេដ្ឋកិច្ច​ដើម្បី​ដាក់ទោស​អូស្ត្រាលី​»​។ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជាក់​បែបនេះ មុន​បន្តថា អូស្ត្រាលី​ធ្លាប់​ព្យាយាម​ស្វែងរក​ការបញ្ជាក់​ពី​ចិន​ដែរ តែ​ទំនាក់ទំនង​ថ្នាក់​រដ្ឋមន្ត្រី​រវាង​ប្រទេស​ទាំងពីរ​នៅ​នឹងថ្កល់​លែង​ដំណើរការ​ដោយ​ចិន​ធ្វើ​មិនដឹងមិនលឺ​។​
 
​ក្រៅតែពី​ធ្យូងថ្ម យ៉ាងហោចណាស់​ក៏មាន​វិស័យ​ចំនួន​១៣​ផ្សេងទៀត​របស់​អូស្ត្រាលី​ដែល​រង​ការដាក់​ពន្ធ ឬ​ការរំខាន​ក្នុង​ការនាំ​ទំនិញ​ចូលទៅ​ចិន រួមមាន​ស្រូវ​សាលី​បាលី ស្រូវ​សាលី សាច់គោ ទង់ដែង កប្បាស រោមសត្វ បង្កង ស្ករ វិស័យ​ទេសចរណ៍ និង​សាកលវិទ្យាល័យ​។ ជារឿយៗ អាជ្ញាធរ​ចិន​តែង​អះអាងថា ការរំខាន​ទាំងអស់នេះ​បណ្តាលមកពី​បច្ចេកទេស ឬ​បញ្ហា​បរិស្ថាន​ជាដើម​។​
 
​កន្លងទៅ ចិន​បាន​ព្រមាន​ប្រជាជន​ខ្លួន​មិន​ឲ្យ​ទៅ​រៀន ឬ​កំសាន្ត​នៅ​អូស្ត្រាលី​ផងដែរ ដោយ​អះអាងថា​មានការ​រើសអើង​ពូជសាសន៍​។ វិស័យ​អប់រំ និង​ទេសចរណ៍​របស់​អូស្ត្រាលី អាស្រ័យ​មួយ​ភាគ​ធំ​លើ​ជន​ជាតិចិន ដែល​រួមចំណែក​ច្រើន​ដល់​សេដ្ឋកិច្ច​អូស្ត្រាលី​។ កាលពី​ខែវិច្ឆិកា ចិន​បានប្រកាសថា នឹង​ដំឡើង​ពន្ធ​នាំចូល​បណ្តោះអាសន្ន​លើ​ស្រា​អូស្ត្រាលី​រហូតដល់ ២១២​ភាគរយ​។​
 
​ចំពោះ​បញ្ហា​ធ្យូងថ្ម​នេះ​វិញ អូស្ត្រាលី​អាច​នឹង​នាំ​បញ្ហា​នេះ​ទៅ​ដោះស្រាយ​នៅ WTO ប៉ុន្តែ​នីតិវិធី​អាច​នឹងត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ ហើយក៏​អាច​ប្រឈម​ទៅនឹង​ការសង​សឹក​ពី​ចិន​ផងដែរ​។ បន្ថែម​ពីនេះ អូស្ត្រាលី​ក៏​ពុំទាន់​ឃើញ​មានការ​គាំទ្រ​ពី​បណ្តា​ប្រទេស​អឺរ៉ុប និង​អាមេរិក​ក្នុង​បញ្ហា​នេះដែរ​។​
 
 

Tag:
 អូស្ត្រាលី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com