កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Pele មិន​ទទួលស្គាល់​ឡើយ​ថា Ronaldo និង Messi បំបែក​កំណត់ត្រា​ខ្លួន​
06, Jan 2021 , 3:21 pm        
រូបភាព
​វីរបុរស​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Instagram ដោយ​បង្ហាញ​ពី​ការមិន​ពេញចិត្ត​ចំពោះ Cristiano Ronaldo និង Lionel Messi ដែល​បាន​បំបែក​កំណត់ត្រា​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​បំផុត​លើ​លោក​របស់ខ្លួន​នៅពេល​ថ្មីៗ​នេះ​។ Pele បដិសេធ​មិន​ទទួលស្គាល់​កំណត់ត្រា​ថ្មី​នេះឡើយ ហើយ​អះអាងថា លោក​រកបាន​គ្រាប់​បាល់​សរុប​ដល់​ទៅ ១២៨៣ គ្រាប់​ឯណោះ​ក្នុង​អាជីព​។​


​អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មកហើយ​ដែល​កំពូល​កីឡាករ​បាល់ទាត់ Pele បាន​កាន់​កំណត់ត្រា​អ្នករក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​អាជីព​ចំនួន ៧៥៧​គ្រាប់ ដោយ​ក្នុងនោះ​គ្រាប់​បាល់​ដែល​បុរស​វ័យ​៨០​ឆ្នាំ​រកបាន​ច្រើន​សម្រាប់​ក្លិប Santos ក្នុង​ចំនួន​៦៤៣​គ្រាប់​ក៏​ជា​កំណត់ត្រា​មួយ​ដែរ​។ យ៉ាងណាក៏ដោយ កំណត់ត្រា​ទាំងពីរ​នេះ​ត្រូវបាន​បំបែក​ទៅហើយ​នៅពេល​ថ្មីៗ​នេះ Cristiano Ronaldo និង Lionel Messi​។​
 
​កាលពី​ខែធ្នូ​កន្លងទៅ Messi បាន​បំបែក​កំណត់ត្រា Pele ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​សម្រាប់​ក្លិប​រៀងខ្លួន​។ ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​វ័យ​៣៣​ឆ្នាំ​រូបនេះ រក​គ្រាប់​បាល់​សរុប​ឲ្យ Barcelona ចំនួន​៦៤៤​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៧៤៩​ប្រកួត ដោយ​លើស​អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​ចំនួន​១​គ្រាប់​។ Pele រកបាន​៦៤៣​គ្រាប់ សម្រាប់​ការលេង​ឲ្យ​ក្លិប Santos របស់​ប្រេ​ស៊ី​ល រយៈពេល​១៩​រដូវ​កាល ចន្លោះ​ពី​ឆ្នាំ​១៩៥៦ ដល់​១៩៧៤ មុន​ចាក​ចេញទៅ​ក្រុម​ថ្មី New York Cosmos នៅ​ឆ្នាំ​១៩៧៥​។​
 
​ត្រឹម​រយៈពេល​មិន​ដល់​មួយខែ​ផង ខ្សែប្រយុទ្ធ​ឆ្នើម Ronaldo បាន​បន្ត​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់ Pele ដែល​រកបាន​សរុប ៧៥៧ គ្រាប់ សម្រាប់​ក្លិប Santos, New York Cosmos និជ​ម្រើ​ស​ជាតិ​ប្រេ​ស៊ី​ល​។ Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែល​រកបាន​ពីរ​គ្រាប់​ឲ្យ Juventus កាលពី​សប្តាហ៍​មុន​បាន​កើន​គ្រាប់​ស៊ុត​សរុប​ក្នុង​អាជីព​ចំនួន ៧៥៨ គ្រាប់​ហើយ​។​
 
​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ទាំង ៧៥៨ គ្រាប់ រកបាន​រួមបញ្ចូល​គ្នា​រវាង​ក្លិប Sporting Lisbon, Manchester United, Real Madrid, Juventus និង​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ចាប់ពី​ឆ្នាំ​២០០២ មក​។​
 
​អ្វីដែល​គួរ​ភ្ញាក់ផ្អើល​នោះ ការ​បំបែក​កណ​ត់​ត្រា​របស់ Ronaldo និង Messi មិនត្រូវ​បានទទួល​ស្គាល់​ពី​សំណាក់​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល​ឡើយ​។ 
 
Pele ដែល​ជួយ​ក្រុម​រហស្សនាម​សាំ​បា​ឈ្នះ World Cup ៣​សម័យ បាន​សរសេរ​លើ Instagram ផ្ទាល់​របស់ខ្លួន​ថា លោក​បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ១២៨៣ គ្រាប់​ឯណោះ ដែល​នេះ​ជា​ចំនួន​ច្រើន​ជិត​ពាក់កណ្តាល​ដែល​គេ​បាន​កត់​ត្រាទុក​។ 
 
​លើសពីនេះ​ទៀត ក្លិប​ប្រេ​ស៊ី​ល Santos មួយ​នេះ​បានចេញ​សេចក្តីប្រកាស​មួយ​ថា​ចំនួន​គ្រាប់​បាល់​សរុប​របស់ Pele សម្រាប់​ក្លិប​របស់​ពួកគេ​តាមពិត​មាន​ចំនួន​សរុប ១០៩១ គ្រាប់​។ Santos បន្ថែមថា​៖ «​គ្រាប់​បាល់ ៤៤៨​គ្រាប់​ផ្សេងទៀត​ដែល​មិនបាន​រាប់​ចូល គឺ Pele រកបាន​ក្នុង​ការប្រកួត​មិត្តភាព​ដោយ​ត្រូវ​ប៉ះ​ក្រុម​គូប្រជែង​ខ្សោយ និង​ក្រុម​តូចៗ​ក្នុង​តំបន់​»​។​
 
​ការអះអាង​តាមរយៈ​បណ្តាញ​សង្គម​ខាងលើនេះ មានន័យថា Pele មិនបាន​ទទួលស្គាល់ Ronaldo និង Messi បាន​បំបែក​កំណត់ត្រា​អ្នករក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​លើ​លោក​របស់ខ្លួន​ឡើយ​៕
 
 

Tag:
 Pele
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com