អន្តរជាតិ
មេដឹកនាំ​កូរ៉េខាងជើង ប្តេជ្ញា​កែប្រែ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ខាងក្រៅ​
08, Jan 2021 , 8:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសមាជបក្សពលករលើកទី៨។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសមាជបក្សពលករលើកទី៨។ រូបភាព៖ KCNA
​ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី​៧ ខែមករា បាន​សន្យា​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​ពិនិត្យមើល​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​។ ការសន្យា​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​បែបនេះ ទំនងជា​ចង់​បញ្ចៀស​ភាព​តានតឹង​មួយចំនួន ដែល​អាច​កើតឡើង​នៅក្នុង​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ក៏ដូចជា​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ជាច្រើន​។ 


​សមាជ​បក្ស​ពលករ​កូរ៉េខាងជើង​លើក​ទី​៨ បាន​ចូល​មកដល់​ថ្ងៃទី​៣ ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមករា​។ ក្នុង​របាយការណ៍​ទៅកាន់​មេដឹកនាំ​បក្ស និង​សមាជិក​សមាជ​ជាច្រើន​ពាន់​នាក់ លោក​គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បានលើកឡើង​ពី​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ខាងក្រៅ​នៅក្នុង​របាយការណ៍​មួយ និង​ស្ថានភាព​ក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ក្នុងស្ថានភាព​បច្ចុប្បន្ន និង​ពេលវេលា​កន្លងមក​ផងដែរ​។ 
 
«​របាយការណ៍ បានប្រកាស​ពី​គោលនយោបាយ​ទូទៅ​របស់​បក្ស ក្នុងការ​ពង្រីក និង​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​»​។ ទីភ្នាក់ងារ​ព័ត៌មាន KCNA  ផ្សាយ​បែបនេះ​ដោយ​ស្រង់​សម​ន្ដី​លោក គីម តែ​មិនបាន​ពន្យល់​អ្វី​ទៀតឡើយ​។ មេដឹកនាំ​កូរ៉េខាងជើង ក៏​មិនបាន​និយាយ​ឲ្យ​ច្បាស់​ពី​ជំហាន​បន្ទាប់​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ទំនាក់ទំនង​អន្តរ​កូរ៉េ ឬ​និយាយ​អ្វី​ទាក់ទង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែល​លោក ចូ បៃ​ឌិន ឈ្នះ​នោះដែរ​។​
 
​យ៉ាងណាមិញ ការលើកឡើង​ពី​គោលនយោបាយ​ថ្មី​ក្នុងការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ខាងក្រៅ អាចជា​សញ្ញា​វិជ្ជមាន​មួយ ខណៈ​លោក បៃ​ឌិន ក៏​ជិត​ដល់​ថ្ងៃ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី​២០ ខែមករា ខាងមុខ​។ ចាប់តាំងពី​ថ្ងៃទី​៣ ខែវិច្ឆិកា មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់បាន​និយាយ​អ្វី​ឡើយ ទាក់ទិន​នឹង​ការបោះឆ្នោត​អាមេរិក​។ ចំណែក​លោក បៃ​ឌិន ទៀតសោត ក៏​មិនទាន់​បានបង្ហាញ គោលនយោបាយ​ការបរទេស​របស់ខ្លួន​ទាក់ទិន​នឹង​កូរ៉េខាងជើង​ដែរ​។ 
 
​កន្លងមក លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួបគ្នា​រហូតដល់ ៣​ដង ដែល​ជជែក​ពី​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដើម្បី​ដោះដូរ​ជាមួយ​ផលប្រយោជន៍​សេដ្ឋកិច្ច​។ ក្រោយមក កិច្ចចរចា​នេះ ត្រូវ​ជាប់គាំង​។ 
 
​ដោយឡែក ចាប់តាំងពី​ភាពជាប់គាំង​នៃ​កិច្ចចរចា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ទំនាក់ទំនង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ហាក់ដូច​ជាមាន​បញ្ហា​ចម្រូងចម្រាស​ច្រើន ជុំវិញ​ការចែក​ចាយ​ខិត្តប័ណ្ណ​របស់​ជនភៀសខ្លួន​កូរ៉េខាងជើង​នៅ​តំបន់​ព្រំដែន​កូរ៉េ​, ការបំផ្លាញ​អាគារ​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​ករណី​បាញ់សម្លាប់​មន្ត្រី​ក្រសួង​នេសាទ​នៅក្នុង​ដែនទឹក​ក្បែរ​ព្រំដែន​ជាដើម​។ ខណៈ​កូរ៉េខាងត្បូង​នៅតែ​ប្រកាន់​ជំហរ​ទន់ភ្លន់​នោះ កូរ៉េខាងជើង ត្រូវបាន​រំពឹងថា អាច​កែប្រែ​ឥរិយាបថ​ផងដែរ​៕ 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com