វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ផែនដីនៅឆ្នាំ២០២០ មានសីតុណ្ហភាពក្តៅបំផុតដូចឆ្នាំ២០១៦ ដែរ
09, Jan 2021 , 9:30 am        
រូបភាព
ឧបករណ៍វាស់សីតុណ្ហភាព។ រូបតំណាង។ រូបភាព៖AFP
ឧបករណ៍វាស់សីតុណ្ហភាព។ រូបតំណាង។ រូបភាព៖AFP
ដោយ:
សេវាអាកាសធាតុអឺរ៉ុប អះអាងនៅថ្ងៃទី៨ មករា ថា ២០២០ ជាឆ្នាំដែលភពផែនដីមានសីតុណ្ហភាពក្តៅបំផុតដូចឆ្នាំ២០១៦  ដែលឆ្នាំដែលភពផែនដីមានសីតុណ្ហភាពក្តៅ។ កម្រិតសីតុណ្ហភាពឆ្នាំ២០២០ គឺក្ដៅជាង១,២៥អង្សា ធៀបនឹងកម្រិតសីតុណ្ហភាពអំឡុងបដិវត្តន៍ឧស្សាហកម្មនៅពាក់កណ្តាលសតវត្សទី១៩មក។ ឆ្នាំ២០២០ មានសីតុណ្ហភាព០,៤អង្សាក្តៅជាងឆ្នាំ២០១៩។



ការកើនឡើងសីតុណ្ហភាព បណ្តាលឲ្យឆ្នាំ២០២០ មានរលកកម្តៅ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងគ្រោះមហន្តរាយធម្មជាតិកាន់តែធ្ងន់ធ្ងរជាងមុន។ អ្វីកាន់តែធ្ងន់ធ្ងរជាងនេះគឺ ឆ្នាំ២០២០ ទទួលបាតុភូត La Nina នៅពាក់កណ្តាលឆ្នាំ ប៉ុន្តែសីតុណ្ហភាពមិនធ្លាក់ចុះឡើយ។ La Nina ជាបាតុភូតអាកាសធាតុ ដែលបណ្តាលឲ្យសីតុណ្ហភាពផ្ទៃខាងលើនៃសមុទ្រប៉ាស៊ីហ្វិក តាមខ្សែបណ្តោយអេក្វាទ័រចុះត្រជាក់ជាងធម្មតា។

អត្ថបទទាក់ទង
:

ឆ្នាំ២០២០ មានសីតុណ្ហភាពក្តៅដូចឆ្នាំ២០១៦ មែន ប៉ុន្តែឆ្នាំ២០១៦ មានបាតុភូត El Nino ដែលធ្វើឲ្យសីតុណ្ហភាពឆ្នាំ២០១៦ ក្តៅជាងឆ្នាំមុនៗ០,២អង្សាឯណោះ។ ផ្ទុយពី La Nina បាតុភូត El Nino បង្កើនសីតុណ្ហភាពភពផែនដី។ ក្នុងន័យនេះ បើសិនជាការគណនាអាកាសធាតុប្រចាំឆ្នាំពុំបញ្ចូលពីឥទ្ធិពលនៃបាតុភូត La Nina និង El Nino នោះឆ្នាំ២០២០ ជាឆ្នាំដែលក្តៅបំផុត។ នេះបើយោងតាមលោក Zeke Hausfather នាយកផ្នែកអាកាសធាតុ និងថាមពល នៃវិទ្យាស្ថាន Oakland អាមេរិក។

យោងតាមសេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប សីតុណ្ហភាពឆ្នាំ២០២០ មានសីតុណ្ហភាព ១,២៥អង្សាក្តៅជាងសីតុណ្ហភាពពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០ ដែលជាពេលវេលាមុនការរីកចម្រើនវិស័យឧស្សាហកម្ម និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ចំពោះការកើនឡើងសីតុណ្ហភាពនេះ តំបន់ផ្សេងៗនៅជុំវិញពិភពលោក ពុំរងផលប៉ះពាល់ដូចគ្នាឡើយ។ សម្រាប់ទ្វីបអឺរ៉ុប សីតុណ្ហភាពពុំប្រែប្រួលខ្លាំងឡើយ ចំណែកសីតុណ្ហភាពនៅទ្វីបអាមេរិកខាងជើងវិញកើនឡើងខ្ពស់ជាងសីតុណ្ហភាពមធ្យម ដែលនាំឲ្យមានភាពស្ងួតជាងមុន។ បាតុភូតនេះ រួមចំណែកធ្វើឲ្យភ្លើងឆេះព្រៃនៅរដ្ឋ California និង Colorado របស់អាមេរិកមានសភាពខ្លាំងខ្លា។

តំបន់អាក់ទិក រងផលប៉ះពាល់ពីការកើនឡើងសីតុណ្ហភាពនេះខ្លាំងជាងតំបន់ផ្សេង ដោយផ្នែកខ្លះនៃតំបន់នេះមានសីតុណ្ហភាពកើនឡើង៦អង្សាធៀបទៅនឹងសីតុណ្ហភាពមធ្យមដែលកំណត់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១០។ ការកើនឡើងសីតុណ្ហភាពនេះ នាំឲ្យមានភ្លើងឆេះព្រៃនៅផ្នែកខ្លះនៃតំបន់ស៊ីបេរីរបស់រុស្ស៊ីដែរ។ នៅតំបន់ភាគខាងត្បូងខ្សែអេក្វាទ័រវិញ សីតុណ្ហភាពទាបជាងកម្រិតមធ្យមបន្តិច ដែលអាចបណ្តាលមកពីការកើនឡើងឥទ្ធិពល La Nina នៅពាក់កណ្តាលឆ្នាំ២០២០។

លោកបណ្ឌិត Freja Vamborg អ្នកវិទ្យាសាស្ត្រនៅ C3S អះអាងថា ជារឿងពិបាកក្នុងការបង្ហាញពីឥទ្ធិពលដោយផ្ទាល់របស់បាតុភូត La Nina ទៅលើសីតុណ្ហភាពឆ្នាំ២០២០ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅពេលដែលបាតុភូត La Nina ឡើងដល់កម្រិតកំពូលក្នុងខែធ្នូ ឆ្នាំ២០២០ សីតុណ្ហភាពក្នុងខែធ្នូ គឺមានសភាពក្តៅលំដាប់ទី៦ ធៀបទៅនឹងខែផ្សេងដែលស្ថិតក្នុងសីតុណ្ហភាពក្តៅលំដាប់ទី៣ ដល់លំដាប់ទី១៕


Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com