ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន៖ «ខ្ញុំមិនជឿថា កម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនឡើយ»
× ភ្នំពេញ៖ កម្ពុជា មិនទាន់ជំពាក់បំណុលចិនវ័ណ្ឌក ហើយក៏មិនធ្លាក់ចូលក្នុងអន្ទាក់បំណុលចិនដែរ។ នេះជាការអះអាងជាថ្មីរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបនឹងការរិះគន់ និងក្តីព្រួយបារម្ភរបស់សាធារណៈជន លើបញ្ហាកម្ចីពីចិននេះ។
«ខ្ញុំមិនជឿថា កម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនឡើយ» ។ សម្ដេច ហ៊ុន សែន ហ៊ាននិយាយបែបនេះ ដោយសម្អាងថា រដ្ឋាភិបាលខ្លួន មានការគ្រប់គ្រង និងចាត់ចែងរាល់ប្រាក់កម្ចីពីបរទេសច្បាស់លាស់ ដែលមិនធ្វើឱ្យងាយផុងចូលអន្ទាក់បំណុលទេ។ ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានចិន ប្រមុខរដ្ឋាភិបាល បានអះអាងថា កម្ពុជាមិនទាន់ជំពាក់បំណុលបរទេស រួមទាំងចិន ដល់ចំណុចដែលគួរឱ្យព្រួយបារម្ភឡើយ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានបកស្រាយថា បំណុលដែលកម្ពុជាជំពាក់បរទេស គឺមានប្រមាណ២៣ភាគរយប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប(GDP) ជាង ២៤ពាន់លានដុល្លារអាមេរិក ហើយវាក៏មិនមែនជាសញ្ញាអវិជ្ជមានសម្រាប់កម្ពុជាឡើយ។ ក្នុងន័យនេះប្រមុខរដ្ឋភិបាល បានសង្កត់ធ្ងន់ថា កម្ពុជាអាចមានលទ្ធភាពខ្ចីបំណុលបរទេសបន្ថែមទៀត រហូត៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
អះអាងបែបនេះហើយ សម្ដេច ហ៊ុន សែន ក៏ឆ្លៀតលើកឡើងថា ការរិះគន់កម្ពុជា កំពុងធ្លាក់ចូលអន្ទាក់បំណុលចិននោះ គឺជាការមើលស្រាលកម្ពុជា។ តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានចិនចំនួន៣ គឺ CRI, CCTV, Xinhua និងសារព័ត៌មាន Fresh News លោកនាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយដូច្នេះថា៖«ខ្ញុំគួរតែជូនសារប្រាប់ទៅអ្នកបន្ទោសបង្អាប់កម្ពុជាថា កម្ពុជាកំពុងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន គឺជាអ្នកមិនប្រាកដនិយម ហើយអ្នកហាក់ដូចជាមើលស្រាលកម្ពុជា ក៏ដូចជាមើលស្រាលឥរិយាបថរបស់ចិន ក្នុងឋានៈជាអ្នកផ្តល់ទុន ទៅឱ្យបណ្ដាប្រទេសនានា ដែលទទួលបានការអភិវឌ្ឍ»។
យោងតាមព្រឹត្តិប័ត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជារៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជាជំពាក់បំណុលក្រៅប្រទេសចំនួនសរុបជាង ៧ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ ២០១៨។ បើតាមសម្ដេច ហ៊ុន សែន បំណុលកម្ពុជា២៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)នេះ គឺរាប់ទាំងបំណុលចាស់របស់អាមេរិក និងសហភាពសូវៀត (បច្ចុប្បន្ន ប្រទេសរុស្ស៊ី)។
កន្លងមកមានមតិសាធារណជនរិះគន់ និងព្រួយបារម្ភថា កម្ពុជានឹងធ្លាក់ចូលអន្ទាក់បំណុលចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី» របស់ចិន បើទោះគម្រោងនេះ ផ្ដល់ប្រយោជន៍ដល់ប្រទេសជាដៃគូសហការក្តី។បញ្ហានេះ វាអាចកើតឡើងមែន បើសិនជាមេដឹកនាំកម្ពុជា ខ្វះការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើបញ្ហាវិនិយោគចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី»។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលប្រាប់សារព័ត៌មានថ្មីៗ កន្លងមក។
លោក ឈាង វណ្ណារិទ្ធ បានមើលឃើញថា ការវិនិយោគតាមគម្រោងក្រោមគំនិតផ្ដួចផ្ដើមរបស់ចិន ក៏មានការបង្ករហានិភ័យដល់ប្រទេសខ្លះមកហើយ ដោយសារកង្វះតម្លាភាព និងគម្រោងវិនិយោគគ្មានគុណភាព។ ចំណែកការប្រើឥទ្ធិពលហិរញ្ញប្បទានរបស់ចិន សម្រាប់ប្រទេសជាដៃគូសហការក្នុងគម្រោងនេះ ក៏អាចជាហានិភ័យផងដែរ។ ត្រង់ចំណុចនេះ លោក ឈាង វណ្ណារិទ្ធ បានសង្កត់ធ្ងន់ថា ចិនបានផ្ដល់ប្រយោជន៍ជាវិជ្ជមានបណ្ដើរៗហើយដល់កម្ពុជាតាមរយៈគម្រោងនេះ ខណៈបំណុលកម្ពុជា ជំពាក់ចិន មិនទាន់ជាហានិភ័យនោះទេ។ ដូច្នេះបើមេដឹកនាំមានជំហរការពារប្រយោជន៍ជាតិច្បាស់ នោះក៏មិនជាប់អន្ទាក់បំណុលចិនឡើយ។
ជំហរការពារប្រយោជន៍ជាតិច្បាស់របស់មេដឹកនាំកម្ពុជា ដែលលោក ឈាង វណ្ណារិទ្ធ ចង់ឃើញនោះ គឺការចរចាដោយស្មើភាព និងផ្ដល់ប្រយោជន៍រួម ដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងចីរភាព ។ ជាពិសេសការបើកទូលាយឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សិក្សាស្រាវជ្រាវ និងពិភាក្សា រាល់ការវិនិយោគរបស់ចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី» ដើម្បីបញ្ចៀសហានិភ័យ និងភាពរងគ្រោះដល់ប្រជាពលរដ្ឋ។ បើតាមប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី រដ្ឋាភិបាលត្រូវគ្រប់គ្រងហិរញ្ញប្បទានសាងសង់គម្រោងនីមួយៗ ឲ្យមានតម្លាភាព និងគណនេយ្យភាព ទប់ស្កាត់អំពើពុករលួយ ដែលនាំឲ្យជាប់អន្ទាក់បំណុលបរទេសជាដើម៕
Tag:
ហ៊ុន សែន
បំណុល
ចិន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com