បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទាមទារឱ្យយោធាដោះលែងលោកស្រី ស៊ូជី
អន្តរជាតិ
បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទាមទារឱ្យយោធាដោះលែងលោកស្រី ស៊ូជី
02, Feb 2021 , 10:29 pm        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
លោកស្រីអ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
បន្ទាប់ពីមួយថ្ងៃនៃការចាប់ខ្លួន បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) បានទាមទារឱ្យក្រុមយោធា ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោក U Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា និងអ្នកដែលត្រូវបានចាប់ខ្លួនផ្សេងទៀត។ សេចក្តីថ្លែងការណ៍របស់បក្ស ដែលចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈនេះ ក៏បានទាមទារឱ្យក្រុមយោធាទទួលស្គាល់លទ្ធផលបោះឆ្នោតផងដែរ។

 
 
«ដោះលែងអ្នកជាប់ឃុំទាំងអស់ រួមទាំងប្រធានាធិបតី លោក Win Myint និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រីអ៊ុងសាន ស៊ូជី»។ នេះជាការទាមទារក្នុងសេចក្តីថ្លែងការណ៍មួយរបស់ គណៈកម្មាធិការប្រតិបត្តិកណ្តាលរបស់បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ 
 
លោកស្រី ស៊ូជី លោក Win Myint និងថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស NLD ជាច្រើន ត្រូវចាប់ខ្លួននៅព្រឹកព្រហាមថ្ងៃទី១ ខែកុម្ភៈ ប៉ុន្មានម៉ោងមុនយោធាប្រកាសពីការកាន់កាប់អំណាច។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា លោកស្រី ស៊ូជី និងលោក Win Myint កំពុងជាប់ឃុំនៅក្នុងផ្ទះនៅក្នុងរដ្ឋធានីណៃពិដោ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះលើបណ្តាញសង្គមFacebook ដដែលនេះ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអះអាងថា ការធ្វើរដ្ឋប្រហារយោធា ជាសកម្មភាពបំពានរដ្ឋធម្មនុញ្ញ និងមិនគោរពសិទ្ធិរបស់ប្រជាជន ដែលបោះឆ្នោតឱ្យបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ក្នុងន័យនេះ បក្សរបស់លោកស្រី ស៊ូជី បានទាមទារឱ្យក្រុមយោធា ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា។ 
 
មិនត្រឹមតែទាមទារឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតទេ បក្ស NLD ក៏បានចាត់ទុកសកម្មភាពយោធាមីយ៉ាន់ម៉ា ជាការប្រឆាំងនឹងការផ្ទេរអំណាច ប្រកបលទ្ធិប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែងក្នុងការកសាងលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ 
 
ដោយឡែក សមាជិកសភារបស់បក្ស NLD ប្រមាណ ៤០០នាក់ និងមកពីបក្សមួយចំនួនទៀត ត្រូវបានឃុំខ្លួននៅនិវេសដ្ឋានសម្រាប់សមាជិកសភាក្នុងទីក្រុងណៃពិដោ។ យ៉ាងណាមិញ មន្រ្តីយោធាមីយ៉ាន់ម៉ាម្នាក់ បានបង្ហើបថា មេដឹកនាំសំខាន់ក្នុងរដ្ឋាភិបាល, ប្រធានរដ្ឋមន្រ្តីនៅតាមតំបន់ និងរដ្ឋ និងសមាជិកគណៈកម្មាធិការប្រតិបត្តិកណ្តាលរបស់បក្ស NLD ជាច្រើននាក់ ត្រូវបានដោះលែងហើយ នៅថ្ងៃទី២ ខែកុម្ភៈ។ 
 
ខណៈរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ យោធាមីយ៉ាន់ម៉ា ហាក់មិនខ្វល់ខ្វាយឡើយ ហើយថែមទាំងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នទៀតផង។ ឧត្តសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានប្រកាសតែងតាំងគណៈរដ្ឋមន្រ្តីថ្មីចំនួន ១១នាក់ ដែលជាមន្រ្តីយោធាបច្ចុប្បន្ន, អតីតយោធា និងមន្រ្តីបក្សបក្សអភិវឌ្ឍន៍ និងបង្រួបបង្រួមសហភាព (USDP)។ 
 
ឧត្តមសេនីយ៍ឯក Soe Htut ជារដ្ឋមន្រ្តីមហាផ្ទៃ, នាយឧត្តមសេនីយ៍ Mya Tun Oo ជារដ្ឋមន្រ្តីការពារជាតិ, និងឧត្តមសេនីយ៍ឯក Tun Tun Naing ជារដ្ឋមន្រ្តីកិច្ចការព្រំដែន។ អ្នកទាំងបីនេះ សុទ្ធតែពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ។ ចំណែកលោក Wunna Maung Lwin សមាជិកគណៈកម្មាធិការប្រតិបត្តិកណ្តាលរបស់បក្សអភិវឌ្ឍន៍ និងបង្រួបបង្រួមសហភាព ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេស។ លោក ក៏ជាប្រមុខការទូតមីយ៉ាន់ម៉ាក្នុងអាណត្តិប្រធានាធិបតី ថេន សេន ផងដែរ៕
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com