អន្តរជាតិ
ចិននិងរុស្ស៊ី សុំពេលបន្ថែមដើម្បីពិភាក្សាពីស្ថានការណ៍មីយ៉ាន់ម៉ានាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ
03, Feb 2021 , 2:30 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ រូបភាព៖ AFP
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ រូបភាព៖ AFP
ដោយ:
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំជាបន្ទាន់ និងសម្ងាត់នៅថ្ងៃទី២ ខែកុម្ភៈ ដើម្បីពិភាក្សាពីស្ថានការណ៍រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ យ៉ាងណាក្តី ក្រុមប្រឹក្សាដែលមានសមាជិកចំនួន១៥ប្រទេសនេះ ពុំទាន់មូលមតិគ្នាដើម្បីអាចចេញសេចក្តីថ្លែងការណ៍បាននៅឡើយទេ ហើយការចរចាកំពុងតែបន្ត។

 
ការបើកកិច្ចប្រជុំជាបន្ទាន់ និងបិទទ្វាររយៈពេលជាង២ម៉ោងរបស់ក្រុមប្រឹក្សាសន្តិសុខលើបញ្ហាមីយ៉ាន់ម៉ា មិនទាន់មានលទ្ធផលឡើយ។ ចក្រភពអង់គ្លេសដែលជាប្រធានឆ្លាស់វេនសម្រាប់ខែកុម្ភៈ ជាអ្នកកោះប្រជុំ។ ក្នុងសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ អង់គ្លេសបានទាមទារឱ្យយោធាដោះលែងជាបន្ទាន់ថ្នាក់ដឹកនាំស៊ីវិលដែលឃាត់ខ្លួនដោយខុសច្បាប់។
 
«ចិន និងរុស្ស៊ីទាមទារពេលបន្ថែមទៀត» ។ នេះជាការបង្ហើបរបស់អ្នកការទូតមួយរូបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ។ ចំណែកអ្នកការទូតមួយរូបផ្សេងទៀត បញ្ជាក់ថា សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ កំពុងស្ថិតក្នុងការចរចាបន្ថែមទៀត។ ក្នុងសេចក្តីព្រាងនោះ ក្រុមប្រឹក្សាសន្តិសុខ ទាមទារឱ្យយោធាមីយ៉ាន់ម៉ាប្រគល់អំណាចគ្រប់គ្រងរដ្ឋ ទៅរដ្ឋាភិបាលស៊ីវិលវិញ។ 
 
ដើម្បីអាចអនុម័តសេចក្តីថ្លែងការណ៍ ឬសេចក្តីសម្រេចចិត្តបាន ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវការ ការយល់ព្រមពីសមាជិកអចិន្ត្រៃយ៍ទាំង៥ ដែលមានអាមេរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស។ ក្នុងឆ្នាំ២០១៧ ចិនប្រើសិទ្ធិវេតូ ជំទាស់គំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះការបង្ក្រាបលើជនជាតិភាគតិចរូហ៊ីងយ៉ា ដោយអះអាងថាជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។
 
លោកស្រី Christine Schraner Burgener អ្នកការទូតស្វ៊ីស និងជាប្រសិតអង្គការសហប្រជាតិសម្រាប់មីយ៉ាន់ម៉ា ទទូចឱ្យសមាជិកក្រុមប្រឹក្សារួមគ្នា ដើម្បីបញ្ជូនសារមួយយ៉ាងច្បាស់លាស់ដល់យោធាមីយ៉ានម៉ាថា ស្ថាប័នមួយនេះគាំទ្រដំណើរការប្រជាធិបតេយ្យក្នុងប្រទេសនេះ។ នេះបើយោងតាមលោក Stephane Dujarric អ្នកនាំពាក្យ UN។
 
ចំណែកលោកស្រី  Barbara Woodward ឯកអគ្គរាជទូតអង់គ្លេសប្រចាំ UN ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា លោកស្រីសង្ឃឹមថា ក្រុមប្រឹក្សាអាចនឹងនិយាយក្នុងសំឡេងតែមួយចំពោះបញ្ហានេះ។ លោកស្រីសង្កត់ធ្ងន់ថា ការពិភាក្សាកំពុងបន្តសម្រាប់ដំណាក់កាលបន្ទាប់ទៀត។
 
អង្គការលើកលែងទោសអន្តរជាតិ (AI) និងឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខបង្ហាញជំហររឹងមាំចំពោះស្ថានការណ៍នេះ។ លោកស្រី Sherine Tadros ប្រធានការិយាល័យ AI ក្រុងញូវយ៉ក ទាមទារឱ្យដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមេដឹកនាំយោធា និងហាមឃាត់ការលក់អាវុធជាសាកលទៅកាន់ប្រទេសនេះ។ ដូចគ្នានេះដែរ លោក Louis Charbonneau ប្រធាន HRW ប្រចាំ UN ទាមទារឱ្យដាក់ទណ្ឌកម្មលើមេដឹកនាំរដ្ឋប្រហារ៕
 
 
 

Tag:
 មីយ៉ាន់ម៉ា
  UN
  អាមេរិក
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com