ភ្នំពេញ៖ ពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីស្ទើតែប្រភេទ ពិសេសអ្នកត្រី«ឆ្តោ» កំពុងប្រឈមការខាតបង់ជាខ្លាំងព្រោះតែគ្មានទីផ្សារ។ បច្ចុប្បន្ន ត្រី«ឆ្តោ»ចាប់ចេញពីស្រះមានតម្លៃត្រឹម១ម៉ឺន៧រយរៀលប៉ុណ្ណោះ ហើយថែមទាំងលក់មិនចេញទៀត ព្រោះតែឈ្មួញមិនព្រមទិញត្រីពីពលរដ្ឋចិញ្ចឹមក្នុងស្រុក បែរជានាំចូលត្រីរបស់វៀតណាម មកផ្គត់ផ្គង់លើទីផ្សារខ្មែរទៅវិញ។ វារីវប្បករដែលចិញ្ចឹមត្រីឆ្តោ ជាច្រើនបានខ្ចីប្រាក់ពីស្ថាប័នហិរញ្ញាវត្ថុនានា សម្រាប់ប្រកបមុខរបរមួយនេះ។
កសិករនីមួយៗដែលចិញ្ចឹមត្រីឆ្តោ បានចំណាយពេលយ៉ាងហោចណាស់៨ខែ ក្នុងការថែទាំ និងផ្តល់ចំណី ឱ្យបានគ្រប់គ្រាន់សម្រាប់លក់នៅលើទីផ្សារ។ «ខ្ញុំមិនដែលជួបបញ្ហាទីផ្សារ និងខាតខ្លាំងដូចឆ្នាំនេះទេ»។ នេះជាការលើកឡើងរបស់លោក ម៉េត គន្ធា អ្នកចិញ្ចឹមត្រីអស់រយៈពេលជិត៧ឆ្នាំមកហើយ នៅភូមិច្រនៀង ឃុំកំពង់ឃ្លាំង ស្រកសូទ្រនិគម ខេត្តសៀមរាប។
ត្រីឆ្តោដែលមាននៅក្នុងស្រះប្រមាណ៣០តោន របស់លោក គន្ធា បើមានឈ្មួញមកទិញក្នុងតម្លៃខ្ពស់បំផុត១ម៉ឺន៨រៀលក្នុងមួយគីឡូក្រាម គឺខាតយ៉ាងហោចណាស់ជាង១ម៉ឺនដុល្លារ។ «ត្រីនេះ លក់បានមួយគីឡូ១ម៉ឺន២ពាន់រៀល បានអាចរួចខ្លួន ឬរួចដើម»។ លោកបន្តនិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ឆ្នាំនេះ ចំណីត្រី[កូនត្រីឬ ត្រីនុយ] សម្រាប់ឱ្យត្រីឆ្តោស៊ី ថ្លៃជាងរាល់ឆ្នាំ ប៉ុន្តែត្រីដែលយើងចិញ្ចឹមបានផលបែរជាមានតម្លៃថោកខ្លាំងទៅវិញ ហើយថែមទៀតគ្មានអ្នកមកទិញទៀត»។
បច្ចុប្បន្នកូនត្រីតូចៗ ដែលគេហៅថាត្រីនុយសម្រាប់ធ្វើជាចំណីត្រីឆ្តោមានតម្លៃជាង២ពាន់រៀល បើធៀបនឹងពីឆ្នាំមុនមានតម្លៃត្រឹម១ពាន់រៀល ឬលើសតិចតួចប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ វារីវប្បកររូបនេះ បន្ថែមថា សម្រាប់ដើមទុននៃការចិញ្ចឹមត្រីនេះ គឺលោកបានខ្ចីពីធនគារ ដោយបច្ចុប្បន្នទំហំការប្រាក់កើនជិត១ម៉ឺនដុល្លារហើយ ខណៈវារីវប្បករ តាន់ កូឈិន ក៏កំពុងជាប់បំណុលធនាគារ១ម៉ឺនដុល្លារ ក្នុងការចិញ្ចឹមត្រីឆ្តោ ផងដែរ។
«ត្រីឆ្តោមួយគីឡូ បើលក់បានតម្លៃ១ម៉ឺន២ពាន់រៀលអី យើងបានរួចខ្លួន ឬចំណេញតែតិចទេ ប៉ុន្តែយើងខ្ចីលុយការគេមកចិញ្ចឹមនោះ គឺមិនចំណេញទេ! ឱ្យតែបានរួចខ្លួនក៏ខ្ញុំអរដែរ»។ អ្នកស្រីតាន់ កូឈិន បន្ត រៀបរាប់ដូច្នេះ៖« សព្វថ្ងៃនេះ បើមានឈ្មួញមកចាប់ត្រីខ្ញុំតម្លៃតែ១ម៉ឺន៧០០រៀលក្នុងមួយគីឡូក្រាម ក៏ខ្ញុំលក់ដែរ។ តម្លៃថោកប៉ុណ្ណោះហ្នឹងហើយ នៅគ្មានអ្នកមកចាប់ទៀត! ឈ្មួញទៅទិញត្រីវៀតណាមអស់ហើយ»។
ជាង១០ឆ្នាំមកហើយ ដែលអ្នកស្រី កូឈិន ប្រកបមុខរបរចិញ្ចឹមត្រីឆ្តោនៅភូមិច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយមានឆ្នាំខ្លះក៏ទទួលបានប្រាក់ចំណេញ, ឆ្នាំខ្លះទៀតនោះ ក៏ខាតទាំងដើមទាំងចុង។ ចំពោះការចិញ្ចឹមត្រីរបស់វារីវប្បករវ័យ៣៨ឆ្នាំរូបនេះ ចាប់ពីពាក់កណ្តាលឆ្នាំ២០២០មកដល់បច្ចុប្បន្ននៃវិបត្តិកូវីដ-១៩នេះ ក៏ប្រឈមខ្លាំងនៃការខាតថវិកា និងពេលវេលាផងដែរ។
ការបង់ថវិកានិងពេលវេលាជាច្រើននៃការចិញ្ចឹត្រី ពីមួយឆ្នាំទៅមួយឆ្នាំនេះ អ្នកស្រី កូឈិន ក៏មានគំនិតចង់បោះបង់មុខរបរនេះចោល។ អ្នកស្រីបាននិយាយដូច្នេះ៖«ទៅថ្ងៃមុខ ខ្ញុំបោះបង់មុខរបរនេះចោលហើយ ដោយខ្ញុំកាត់បន្ថយទំហំការចិញ្ចឹមត្រីម្តងតិចៗ ដើម្បីឈប់ចិញ្ចឹមតែម្តង»។
បើតាមលោក សុខ រ៉ាដែន ប្រធានសមាគមវវារីវប្បករកម្ពុជា បច្ចុប្បន្នមិនមែនតែពលរដ្ឋចិញ្ចឹមត្រីឆ្តោ ដែលខាតនិងជំពាក់បំណុលគេនោះទេ គឺពលរដ្ឋឬវារីវប្បករចិញ្ចឹមត្រីស្ទើទាំងអស់នៅកម្ពុជា កំពុងជួបឬប្រឈមបញ្ហានេះ ព្រោះតែឈ្មួញធំៗនាំគ្នាទៅនាំចូលត្រីពីប្រទេសវៀតណាម។
លោកបញ្ជាក់ថា៖« ត្រីឆ្តោដែលដឹកពីវៀតណាមដឹកដល់ផ្សារព្រែកព្នៅ រាជធានីភ្នំពេញ គឺមានតម្លៃបោះដុំមិនដល់១ម៉ឺនរៀលទេ ក្នុងមួយគីឡូក្រាម។ អ៊ីចឹង! គ្មានឈ្មួញឯណាមកទិញត្រីរបស់វារីវប្បករយើងទេ! ទោះជាយើងខំអំពាវនាវឱ្យជួយទិញត្រីពី ពលរដ្ឋយើងដែលចិញ្ចឹមបានឱ្យអស់សិន ចាំបន្តការនាំចូលត្រីពីវៀតណាម ក៏ឈ្មួញធំៗទាំងនោះមិនព្រមទិញ ដោយលើកហេតុផលមិនចេះចប់»។
ក្នុងនាមជាប្រធានសមាគមវវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន នៅបន្តស្នើសុំឱ្យក្រុមអាជីវករ ឬឈ្មួញទាំងអស់ឱ្យជួយទិញត្រីរបស់វារីវប្បករនៅក្នុងស្រុក ពិសេសគឺជួយសម្របសម្រួលទិញត្រីខ្នាតធំដែលកំពុងកកស្ទះ នៅតាមស្រះនីមួយៗ។
បច្ចុប្បន្នសមាគមវវារីវប្បករកម្ពុជា កំពុងបង្កើនការយកចិត្តទុកដាក់ក្នុងការភ្ញាស់កូនត្រីក្នុងស្រុកបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសិក្សាជាមួយអ្នកជំនាញនៅក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីលទ្ធភាពធ្វើឱ្យខ្សែច្រវាក់ផ្នែកវារីវប្បករទាប ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការនាំចូលពីវៀតណាម។
កន្លងមក ដើម្បីដោះស្រោយបញ្ហាកកស្ទះត្រីរបស់វារីវប្បករ ក្រសួងកសិកម្មបានផ្អាកការនាំចូលត្រីអណ្តែង ត្រីប្រា ត្រីពោ និងត្រីឆ្តោ ពីប្រទេសវៀតណាម បានក្នុងរយៈពេលមួយខែ រហូតដល់ថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២១ បានសក្រសួងសម្រេចអនុញ្ញាតឱ្យនាំចូលត្រីទាំង៤ប្រភេទនោះ ពីវៀតណាមវិញរហូតដល់សព្វថ្ងៃនេះ។
ក្រសួងកសិកម្មអះអាងថា ការអនុញ្ញាតឱ្យមានការនាំចូលត្រីពីវៀតណាមនេះ គឺត្រូវធ្វើឡើងស្របតាមតម្រូវការជាក់ស្តែងនៅក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕