ជាតិ
សង្គមជាតិ
លោក ផែង វណ្ណៈ សុំទោស​ព្រះសង្ឃ​ទូទាំងប្រទេស ក្រោយពី​ក្រសួង​ព័ត៌មាន​លុប​អាជ្ញា​បណ្ណ​
18, Mar 2021 , 9:31 pm        
រូបភាព
ភ្នំពេញ​៖ ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១៨​មីនា លោក ផែង វណ្ណៈ បានចេញ​លិខិត​សុំទោស​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​នៅ​ទូទាំងប្រទេស លើ​កំហុស​របស់ខ្លួន​ដែលមាន​ជេរប្រមាថ​ព្រះមហា​វិមលធម្ម ពិន សែម ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌ ខេត្តសៀមរាប ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​ព្រះពុទ្ធសាសនា​។  ការសុំ​ទោស​ជា​សាធារណៈ​ពី​លោក ផែង វណ្ណៈ នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ព័ត៌មាន បាន​លុប​អាជ្ញា​បណ្ណ​លើ​អាជីវកម្ម​គេហទំព័រ phengvannaknews.com  នា​រសៀល​ថ្ងៃនេះ។
 
«​ជាប់គុក​ជាប់​ទៅ​ខ្ញុំ​លេង​វិញ​ហើយ ខ្ញុំ​អត់​យកទៅ​ប្តឹងផ្តល់​អ្វី​ទេ​និយាយ​ដោយស្មោះ​ត្រង់​។ ប្រសិនបើ​វ៉ៃ​កូន​ខ្ញុំ​ដល់​របៀប​អ៊ីចឹង ខ្ញុំ​អត់​វ៉ៃ​ទេ ខ្ញុំ​ទៅ​បាញ់ចោល​តែម្តង និយាយ​ត្រង់ អត់​អនុវត្ត​ច្បាប់​ទេ​»​។ នេះ​ជាការ​ស្រង់​សំដី​របស់លោក ផែង វណ្ណៈ ក្នុង​ហ្វេ​ស​ប៊ុ​ក Live របស់ខ្លួន កាលពី​ថ្ងៃទី​១៥​មីនា ឆ្នាំ​២០២១ ពេល​ប្រតិកម្ម​នឹង​វិធានការ​របស់​ព្រះអង្គ ពិន សែម ដែល​ប្រើ​រំពាត់ផ្តៅ​វាយ​សិស្ស​៩​អង្គ​ដែល​បាន​ប្រព្រឹត្ត​ខុស​។ 
 
​លោក ផែង វណ្ណៈ បាន​រៀបរាប់​នៅក្នុង​លិខិត​សុំទោស​របស់ខ្លួន​ថា​៖« ដោយ​មើលឃើញ​មន្ត្រី​ពាក់ព័ន្ធ​ចុះទៅ មិនមាន​ចំណាត់ការ​ច្បាប់​ចំពោះ​បុគ្គល​សង្ឃ​[​ព្រះអង្គ ពិន សែម​] ដែល​ប្រព្រឹត្តខុស​។ ម្យ៉ា​ង​ទៀត ដោយមាន​ចិត្ត​អាណិតអាសូរ​ចំពោះ​ជនរងគ្រោះ​ដែល​ទទួលរង​របួសធ្ងន់​ធ្ង​រ​នោះ និង​ដោយសារតែ​ខ្ញុំបាទ ពុំបាន​យល់​ពី​វិន័យ​ផ្ទៃក្នុង​របស់​ព្រះសង្ឃ ដែល​តម្រូវឱ្យ​អប់រំ​ដោយ​ប្រើ​អំពើហិង្សា​មិន​ខុសច្បាប់ ខ្ញុំ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​មន្ត្រី​មួយចំនួន ដែល​ចុះទៅ​សម្របសម្រួល និង​បុគ្គល​សង្ស័យ​ដែល​ប្រើ​អំពើហិង្សា រហូត​ប្រើពាក្យ​ប្រមាថ​ធ្ងន់ធ្ងរ ទៅលើ​បុគ្គល​សង្ឃ​អង្គ​នោះ​»​។​
​លោក ផែង វណ្ណៈ បាន​បញ្ជាក់ថា ការ​រិះគន់  និង​ប្រមាថ​លើ​ព្រះអង្គ ពិន សែម ដែល​ប្រើ​អំពើហិង្សា​នោះ គឺ​លោក គ្មាន​ចេតនា​ប្រមាថ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ នៅ​ទូទាំងប្រទេស ឬ​ធ្វើឱ្យប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​ទេ  ដោយ​គ្រាន់​ចង់បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​តែប៉ុណ្ណោះ​។ 

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណអាជីវកម្មគេហទំព័រលោក ផែង វណ្ណៈនេះ ជាការវិនិច្ឆយដោយផ្ទាល់ របស់លោក ខៀវ កាញ់ រិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមើលឃើញថា ការជេរប្រមាថររបស់ លោកផែង វណ្ណៈ ទៅលើព្រះមហាវិមលធម្ម ពិន សែម  គឺជាការរំលោភបំពាន និងធ្វើឱ្យប៉ះពាល់ដល់សាសនា។ លោក ផុស សុវណ្ណ  អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន  មានប្រសាសន៍ដូច្នេះប្រាប់សារព័ត៌មានថ្មីៗ ដោយបានលើកឡើងថា៖«ការពិតទៅយើងធ្លាប់ទទួលពាក្យបណ្តឹងពីស្ថាប័នផ្សេងៗចំពោះគេហទំព័ររបស់លោកផែង វណ្ណៈហ្នឹង ប៉ុន្តែក្រសួងមិនដែលចាត់ការទេ។ ប៉ុន្តែលើកនេះ[លុបអាជ្ញាបណ្ណរបស់លោក ផែង វណ្ណៈ] មិនមែនជាការអនុវត្តតាមពាក្យបណ្តឹងរបស់អ្នកណាទេ គឺទៅតាមឆន្ទានុសិទ្ធ់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ទាល់»។
 
​សូមជម្រាបថា លោក ផែង វណ្ណៈ  ក្រៅពី​ក្រសួង​ព័ត៌មាន​ដក​អាជ្ញា​បណ្ណ​លើ​អាជីវកម្ម​គេហទំព័រ ក៏ត្រូវ​បាន ព្រះអង្គ ជុំ គឹម​ឡេង មេគណ​ខេត្តសៀមរាប បាន​សរសេរ​លិខិត​ថ្វាយ​សម្តេច ន​ន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យជួយ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ដើម្បី​មាន​ចំណាត់ការ​លើ​លោក ផែង វណ្ណៈ បន្ទាប់ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​រូបនេះ បាន​និយាយ​ពាក្យ​មិន​សមរម្យ​សំដៅទៅ​ព្រះគ្រូ​ចៅអធិការ​វត្តរាជ​បូ​ណ៌ ព្រះអង្គ ពិន សែម ជុំវិញ​សកម្មភាព​ប្រៀនប្រដៅ​លើ​សិស្សគណ​ដែល​បានធ្វើ​ខុស​វិន័យ កាលពី​ថ្ងៃទី​១៧ ខែមីនា ម្សិលមិញ ផងដែរ​៕

Tag:
 ផែង វណ្ណៈ​
  ព្រះសង្ឃ​
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com