COVID-19
ជាតិ
កម្ពុជា រកឃើញ​វីរុសបំប្លែងថ្មី៣៩ករណីទៀត ដែល៨នាក់ ឆ្លងក្នុងសហគមន៍​
27, Jul 2021 , 8:45 am        
រូបភាព
កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta លើអ្នកជំងឺចំនួន ៣៩នាក់ទៀត នៅថ្ងៃទី២២ និងថ្ងៃទី២៥ ខែកក្កដា។ បើតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកមានវីរុសបំប្លែងថ្មីនោះ មានករណីឆ្លងក្នុងសហគមន៍ ៨នាក់ , អ្នក​ត្រឡប់មកពីប្រទេសថៃចំនួន ២១នាក់, បុគ្គលិកសុខាភិបាលខេត្ត៤នាក់ និងលើពលរដ្ឋក្នុងសហគមន៍ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកត្រឡប់មកពីថៃ ៦នាក់។ ​



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា នៅថ្ងៃទី ២២ ខែកក្កដា លទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីបំប្លែងថ្មី​នេះ លើមនុស្សចំនយន ១៥នាក់ ក្នុងនោះ ១៤នាក់ជាពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអូរបីជាន់, ម៉ាឡៃ, អូរស្មាច់ និងច្រកព្រំ។ ចំណែក១ករណីទៀត រកឃើញលើបុគ្គលិកសុខាភិបាល ដែលមានទីលំនៅក្នុងខេត្តឧត្តរមានជ័យ។ 

នៅថ្ងៃទី២៥ ខែកក្កដា វីរុសបំប្លែងថ្មី ២៤ករណីទៀត ត្រូវបានរកឃើញ ​ក្នុងនោះមានពលករខ្មែរ៧នាក់បន្ថែមទៀត ដែលចូលកម្ពុជាតាមច្រកអូរបីជាន់ ,ច្រកអូរស្មាច់ និងច្រកព្រំ និង បុគ្គលិកសុខាភិបាលខេត្តឧត្តរមានជ័យ ៣នាក់ទៀតដែរ។  ចំណែកពលរដ្ឋ ៦នាក់ទៀត  ដែលបានប៉ះពាល់ជាមួយអ្នកដំណើរតាមព្រំដែន ក៏រកឃើញថាបានឆ្លងវីរុសបំប្លែងថ្មីនេះដែរ។ ក្រសួងសុខាភិបាល ក៏បន្តរកឃើញវីរុសបំប្លែងថ្មីលើ មនុស្ស៨នាក់ទៀតក្នុងសហគមន៍ ដែលមិនធ្លាប់ប៉ះពាល់ ជាមួយអ្នកដំណើរមកពីក្រៅប្រទេសទាល់តែសោះដែរ។ ក្នុងចំណោមអ្នកទាំង៨នាក់នេះ មាន២នាក់ជាអ្នកខេត្តសៀមរាប, ១នាក់ ជាអ្នកខេត្តកំពង់ធំ និង៥នាក់ជាអ្នកខេត្តឧត្តរមានជ័យ។ 

គិតចាប់ពិថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី ២៥ ខែកក្កដា ​កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ Delta សរុប ១១៤ករណីហើយ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តរំឭកពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី និងអនុវត្តន៍វិធានការ៣ការពារ និង៣កុំឱ្យខ្ជាប់ខ្ជួន៕

អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com