COVID-19
ជាតិ
អ្នកបឹងសាឡាង៥នាក់ វិជ្ជមានកូវីដ-១៩ ក្នុងចំណោមសំណាកជាង៣០០នាក់កាលពីយប់មិញ
02, Aug 2021 , 3:40 pm        
រូបភាព
ទិដ្ឋភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកំពុងយកសំណាកពលរដ្ឋក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ រូបភាពពីTYDA
ទិដ្ឋភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកំពុងយកសំណាកពលរដ្ឋក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ រូបភាពពីTYDA
ដោយ:
ភ្នំពេញ៖ ពលរដ្ឋនៅភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញជាង៣០០នាក់ ត្រូវបានយកសំណាកកូវីដ-១៩ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រោយពីពាក់ព័ន្ធផ្ទាល់ និងប្រយាលជាមួយអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីDeltaម្នាក់។ ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ គឺមាន៥នាក់វិជ្ជមានកូវីដ-១៩។ នេះបើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ប្រាប់អ្នកសារព័ត៌មានថ្មីៗ។ 



លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា មូលហេតុឈានដល់ការយកសំណាកពលរដ្ឋជាង៣០០នាក់នោះ គឺដោយសារតែពួកគេជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយាលជាមួយអ្នកជំងឺកូវីដ-១៩បំប្លែងថ្មី Delta ម្នាក់ដែលជាបុគ្គលិកអនាម័យក្នុងមន្ទីរពេទ្យខ្មែរសូវៀតដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ក្នុងភូមិ៥ សង្កាត់បឹងសាឡាង។ 
 
«មានបុគ្គលិកពេទ្យរុស្សីម្នាក់ គឺគាត់ឈឺ ហើយគាត់សុំសម្រាកព្យាបាលនៅផ្ទះ។ ក៏ប៉ុន្តែលទ្ធផលចេញមក គឺគាត់មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី»។ នេះជាការលើកឡើងរបស់លោកអភិបាលខណ្ឌទួលគោក ដោយបញ្ជាក់ថា ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ ដែលធ្វើតេស្តរហ័សកាលពីយប់ថ្ងៃទី១ ខែសីហា គឺមាន៥នាក់ មានវិជ្ជមានកូវីដ-១៩។


ទិដ្ឋភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកំពុងយកសំណាកពលរដ្ឋក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ រូបភាពពីTYDA 
 
បើតាមលោកអភិបាលខណ្ឌទួលគោក សំណាករបស់ពួកគេទាំងអស់ ក៏នឹងយកទៅត្រួតពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបន្តទៀត ដើម្បីបញ្ជាក់ថា មានវីរុសកូវីដ-១៩បំប្លែងថ្មី ដែលតា ឬអត់។ 
 
អភិបាលខណ្ឌទួលគោក គូសបញ្ជាក់ដែរថា អាជ្ញាធរបានបិទខ្ទប់ផ្ទះរបស់អ្នកពាក់ព័ន្ធទាំងអស់ជិត២០០គ្រួសារ និងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ក្នុងអំឡុងបិទខ្ទប់ភូមិ៥ សង្កាត់បឹងសាឡាងនេះ អាជ្ញាធរ នឹងចុះចែកស្បៀងអាហារដល់ពួកគេផងដែរ។ នេះជាលើកឡើងរបស់លោកអភិបាលខណ្ឌទួលគោក ដោយរៀបរាប់ដូច្នេះថា៖ «ខាងខណ្ឌ កំពុងតែរៀបចំចែកស្បៀងជូនពួកគាត់ ដូចជាអង្ករ ត្រីខ មី និងទឹកស៊ីអ៊ីវ»៕ 
 
 
 
 

Tag:
 សង្កាត់បឹងសាឡាង
 ឯក ឃុនដឿន
  មេរោគបំប្លែងថ្មី
  Delta
© រក្សាសិទ្ធិដោយ thmeythmey.com