ជាតិ
សេដ្ឋកិច្ច
លោក យ៉ង សាំងកុមារ៖​ រដ្ឋគួរប្រមូលទិញមៀនប៉ៃលិនពីកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ
17, Aug 2021 , 9:47 am        
រូបភាព
ភ្នំពេញ៖ មៀនប៉ៃលិនរបស់ប្រជាកសិករយ៉ាងហោចណាស់៥ម៉ឺនតោន កំពុងជួបនឹងបញ្ហាទីផ្សារ ព្រោះតែប្រទេសថៃបិទច្រកព្រំដែន មិនឱ្យនាំចូល។ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម ស្នើឱ្យរដ្ឋាភិបាល ជួយប្រមូលទិញមៀនប៉ៃលិនពីកសិករ ​ហើយត្រូវពន្លឿនច្បាប់ ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវដល់ពលរដ្ឋក្នុងស្រុកឱ្យជួយគាំទ្រមៀនប៉ៃលិន​ ស្របពេលថៃបិទការនាំចូល ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩។ ប៉ុន្តែទីផ្សារមៀនប៉ៃលិនក្នុងស្រុកបច្ចុប្បន្ន មានទំហំតូច ខណៈដែលពលរដ្ឋ កំពុងជួបវិបត្តិសេដ្ឋកិច្ច ឬបាត់បង់ប្រភពចំណូល ដោយសារការរាតត្បាតជំងឺកាចសាហាវនេះ។
 
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម បានលើកឡើងថា ការអំពាវនាវរបស់ក្រសួងកសិកម្ម​ គ្រាន់តែជាដំណោះស្រាយចំពោះមុខប៉ុណ្ណោះ។ ប៉ុន្តែមិនមែនដំណោះស្រាយបញ្ចប់ត្រឹមតែការអំពាវនាវនោះទេ។ បើតាមអ្នកជំនាញកសិកររូបនេះ រដ្ឋាភិបាលត្រូវចំណាយទុន ក្នុងការប្រមូលទិញមៀនពីកសិករ រួមទាំងជួយឧបត្ថម្ភធន ​ដល់កសិករផងដែរ។ 
 
លោក យ៉ង សាំងកុមារ ​បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទដូច្នេះ៖«ជាដំណោះស្រាយចំពោះមុខរដ្ឋាភិបាលខ្លួនឯងផ្ទាល់ ត្រូវជួយប្រមូលទិញមៀនប៉ៃលិនពីកសិករ»។ លើសពីនេះ រដ្ឋត្រូវជួយសម្រួលផ្នែកឧបត្តម្ភធន និងពន្យារពេលប្រាក់សងរបស់កសិករទៅធនាគារវិញជាដើម...ដើម្បីឱ្យកសិករបន្តលទ្ធភាពក្នុងការដំាំដុះ ដើម្បីអនាគតវែងឆ្ងាយ សម្រាប់នាំមៀនទៅទីផ្សារចិនដោយខ្លួនឯង»។  
 
ជាមួយគ្នានេះលោក យ៉ង សាំងកុមារ ក៏ស្នើឱ្យក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវពន្លឿន​ឬដោះស្រាយនូវនិតីវិធីនានា ក្នុងការនាំចេញមៀនប៉ៃលិន ទៅទីផ្សារប្រទេសចិន ខណៈភាគីទាំងពីរ បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជិត១ឆ្នាំមកហើយ។ បណ្ឌិតកសិកម្មរូបនេះ បានបន្តនិយាយបែបនេះថា៖«​ រដ្ឋាភិបាលខ្លួនឯងផ្ទាល់ត្រូវដឹងពីការលំបាករបស់ខ្លួន ថាមានអ្វីខ្លះ ឬអ្វីខ្លះជាការប្រឈម ដែលយើងមិនអាចចូលទីផ្សារចិនបាន។​ បញ្ហាស្តង់ដារ​ បញ្ហាភូតគាមអនាម័យ ​ ឬបញ្ហាគុណភាពជាដើម ដែលទាមទារឱ្យយើងដោះស្រាយម្តងមួយៗ ដើម្បីឈានដល់ការសម្រេចឆាប់ៗ ​ក្នុងការនាំមៀនទីផ្សារចិន»។ 
 
ប្រសិនរដ្ឋាភិបាល តាមរយៈក្រសួងជំនាញ នៅតែមិនអាចរៀបចំនិតីវិធីឬច្បាប់ នាំចេញមៀនប៉ៃលិនទៅទីផ្សារចិនទេ នោះប្រជាកសិករនឹងនៅតែប្រឈមមុខបញ្ហា ហើយអស់ជំនឿក្នុងការដាំដុះមៀនប៉ៃលិនបន្តទៀត ។ នេះបើតាមលោក យ៉ង សាំងកុមារ ដែលបានបន្ថែមថា បញ្ហាទីផ្សារមៀនប៉ៃលិនរបស់កសិករខ្មែរនេះ គឺមិនមែនលើកដំបូងឡើយ ពោលគឺកើតឡើងរៀងរាល់ឆ្នាំ ពិសេសចំរដូវដែលកសិករថៃ ប្រមូលផលមៀន ដែរ។ 
 
លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានសន្និដ្ឋានមុនថា មៀនប៉ៃលិនរបស់ប្រជាសហគមន៍ ជាង៥ម៉ឺនតោន អាចប្រឈមការខូចខាតចោល ដោយសារតែថៃបិទទីផ្សារនាំចូលពីកម្ពុជានេះ។ បើតាមលោក ចំរើន មៀនប៉ៃលិនដែលប្រឈមទុំចោលនោះ មានតម្លៃយ៉ាងទាប៤,០០០រៀល(១ដុល្លារ) ក្នុងមួយគីឡូក្រាម។ 
 
រដូវប្រមូលផលផ្លែមៀនប៉ៃលិន មានរយៈពេលប្រមាណ៧ខែ គឺចាប់ពីដើមខែសីហា ២០២១ ដល់ខែកុម្ភៈ ២០២២។នេះបើតាមលោក សារ ចំរើន។
 
ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី១៤សីហា ថា ៖«មៀនប៉ៃលិនរបស់ប្រជាកសិករទាំងអស់ដែលកំពុងប្រមូល និងត្រៀមប្រមូលផល មាន ចំនួន៥ម៉ឺនតោននៅក្នុងដៃរបស់ខ្ញុំ។ មៀនទាំងនេះ កំពុងប្រឈមទីផ្សារ ពីព្រោះថៃមិនមែនជាដៃយុទ្ធសាស្ត្រជាមួយយើងទេ ក្នុងការឱ្យយើងនាំចូលមៀនទៅដោយស្រួល។ ដោយឡែកជិត១០ឆ្នាំកន្លងមក ដែលយើងអាចនាំមៀនប៉ៃលិនទៅថៃបានហ្នឹង គឺយើងលួចនាំចូលទៅតាមច្រករបៀង ដែលខាងថៃគេព្រមបិទភ្នែកម្ខាង បើកភ្នែកម្ខាង។ តែសម្រាប់ឆ្នាំនេះ ថៃបិទតែម្តង»។ 
 
អត្ថបទទាក់ទង
 
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសុំការអត្ថាធិប្បាយពីដំណោះស្រាយលើបញ្ហាទីផ្សារមៀនប៉ៃលិននេះដែរ ប៉ុន្តែលោកប្រាប់ថា រវល់ជាប់ប្រជុំ។ ដោយឡែកលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងចេញសេចក្តីប្រកាសព័ត៌មានជុំវិញករណីទីផ្សារផ្លែមៀនប៉ៃលិននេះ។
 
កន្លងមក សហគមន៍មៀនប៉ៃលិន រួមទាំងប្រជាកសិករ ក៏បានទាមទារឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពនឿនច្បាប់នាំចេញ«មៀនប៉ៃលិន» ទៅប្រទេសចិន ដើម្បីបញ្ចៀសនូវការខាតបង់ដើមទុនរបស់ពួកគេ។ កសិករបានបោះទុនច្រើន លើកសិផល«មៀនប៉ែលិន» ក្រោយឮដំណឹងថា ក្រសួងរៀបចំច្បាប់នាំចេញនេះ៕
 
 
 
 

Tag:
 កសិកម្ម
  មៀនប៉ៃលិន
  លោក យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com