ជាតិ
រាជធានី-ខេត្តចំនួន១៣ នឹងរៀបចំសង្រ្កាន្ត នៅថ្ងៃចូលឆ្នាំ
13, Apr 2022 , 5:39 pm        
រូបភាព
រដ្ឋបាលរាជធានី-ខេត្តចំនួន១៣ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ចាប់ពីថ្ងៃស្អែកនេះតទៅ។ សង្ក្រាន្តតាមខេត្តទាំងនោះ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសានេះ។


 
តាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តចំនួន១៣ទៀត បានបញ្ជាក់ដូចគ្នាថា នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយខកខាន២ឆ្នាំ។ 
 
ចំពោះរាជធានីភ្នំពេញ នឹងរៀបចំសង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ ចំណែកឯ ខេត្តចំនួន១២ទៀត មានសៀមរាប បាត់ដំបង ស្វាយរៀង កោះកុង កែប កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ បន្ទាយមានជ័យ និងរតនគិរី។
 
សង្រ្កាន្តសៀមរាប នឹងរៀបចំតាមដងស្ទឹងសៀមរាប ដោយមានការប្រគុំតន្រ្តី ៣ទៅ៤ទីតាំងកម្មវិធីសាសនានៅតាមប្រាសាទផងដែរ។ ចំពោះខេត្តបាត់ដំបង នឹងរៀបចំនៅមុខសាលាខេត្តបាត់ដំបង,កំពង់ចាម ក៏រៀបចំនៅមុខសាលាខេត្តកំពង់ចាម សង្រ្កាន្តកំពង់ឆ្នាំង រៀបចំ២ទីតាំង គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ និងនៅសួនឈ្វាំងសែនជ័យ។ 
 
ចំណែកឯ សង្រ្កាន្តត្បូងឃ្មុំ នឹងរៀបចំធ្វើនៅទីតាំងចំនួន២ នៅមាត់ទន្លេមុខរដ្ឋបាលខេត្ត និងនៅរមណីយដ្ឋានហ្លួងព្រះស្ដេចកន (វត្តព្រះអង្គរក្នុង) និងពោធិ៍សាត់ នឹងរៀបចំ សង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់នៅលើដងផ្លូវលេខ១០១ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ 
 
ក្រៅពីនេះ សង្រ្កាន្តកំពង់ស្ពឺ នឹងរៀបចំធ្វើនៅបរិវេណសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ទីរួមខេត្តកំពង់ស្ពឺ,ស្វាយរៀង ធ្វើនៅទីរួមខេត្តស្វាយរៀង,បន្ទាយមានជ័យ រៀបចំនៅបរិវេណសួនមានជ័យ និងរតនគិរី នឹងធ្វើនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តផងដែរ។
ដោយឡែក រដ្ឋបាលខេត្តព្រះវិហារ និងកំពត បានប្រកាសមិនរៀបចំសង្រ្កាន្តឡើយ៕
 

Tag:
 សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com