ជាតិ
រថយន្ត
លោក ហ្វ៊ូសា ស មានរថយន្តបុរាណសរុប២១គ្រឿង ក្នុងនោះម៉ាក PANHARD ប្រភេទ PL 17 ដល់ទៅ៥គ្រឿង 
×![]()
បារាំង៖ នៅឯប្រទេសបារាំង មានអ្នកស្នេហារថយន្ដបុរាណជាច្រើន។ នៅអំឡុងឆ្នាំ១៩៩៤ លោកតា ហ្វ៊ូសា ស បានឡាន ១គ្រឿង ដែលមានអាយុកាល ៣០ឆ្នាំហើយ។ បន្ទាប់មកជាមួយប្អូនប្រុសបង្កើតរបស់គាត់ ព្រមទាំងកូនប្រុសរបស់គាត់ គាត់បន្តប្រមូលរថយន្ដចាស់ៗ រហូតដល់ ២១គ្រឿង ដែលត្រូវបានផលិតពីឆ្នាំ១៩៣៩ ទៅឆ្នាំ១៩៩០។ ដោយសារគាត់មានឡានច្រើនពេក ឆ្នាំ២០១៥ គាត់ទិញអតីតរោងចក្រត្បាញមួយអគារ ក្នុងភូមិរបស់គាត់ ដើម្បីចត និងជួសជុលឡានបុរាណទាំងអស់នោះ។ ក្នុងឃ្លាំងនេះ មានទាំងរថយន្ដម៉ាក CITROËN ៥គ្រឿង ទាំងរថយន្ដម៉ាក SIMCA ៣គ្រឿង ទាំងរថយន្ដម៉ាក PEUGEOT ៣គ្រឿង ទាំងរថយន្ដម៉ាក BMW ៣គ្រឿង ទាំងរថយន្ដម៉ាក MINI ១គ្រឿង ទាំងរថយន្ដម៉ាក PANHARD (ប៉ង់អា) ៥គ្រឿង ២ប្រភេទផ្សេងពីគ្នា : PANHARD ប្រភេទ PL 17 ម៉ូឌែល b និង PANHARD ប្រភេទ 24 ម៉ូឌែល CT ផលិតឆ្នាំ១៩៦៤។
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
លោក ស មានឡាន PANHARD ប្រភេទ PL 17 ៥គ្រឿងតែម្ដង ផលិតឆ្នាំ១៩៦៣ ទាំង៥។ លោក ស ទិញ PANHARD PL 17 ផលិតឆ្នាំដូចគ្នាទាំងអស់ ដើម្បីគ្រឿងទាំងអស់ត្រូវនឹងឡាន១ណាក៏បាន ក្នុងចំណោមឡាន ៥គ្រឿងនោះ។ គាត់គិតដូចនេះ ព្រោះគាត់ជំនាញណាស់ ក្នុងការយករថយន្ដបុរាណ មកធ្វើទំនើបកម្ម។ កាលពីនៅធ្វើការ លោក ស ជាបុគ្គលិករោងចក្រត្បាញ់។ គាត់ចូលនិវត្តន៍ប្រហែល២០ឆ្នាំហើយ។ ពេលនោះ គាត់មានឡានចាស់ៗ ពីរបីគ្រឿងហើយ។ នេះជាមូលហេតុដែលបានធ្វើឱ្យគាត់រៀនមេកានិកបុរាណ ដោយខ្លួនឯង ព្រោះតាំងយូរមកហើយ គាត់ចាប់ចិត្តខ្លាំងនឹងរថយន្ដបុរាណ។ យូរៗ លោក ស ទិញឡានកញ្ចាស់ច្រើនគ្រឿង ដែលស្ទើរតែទាំងអស់ជិះមិនកើតទេ។ ដោយប្រើរយៈពេល ១ឆ្នាំ គាត់អាចធ្វើឱ្យឡានខូចទាំងស្រុង ១គ្រឿង ក្លាយទៅជាឡានស្អាតដូចពីដើម និងដែលអាចជិះបានថែមទៀត។ ទោះបីជាលោក ស មិនមែនជាជាងឡានអាជីពក៏ដោយ តែគាត់មិនជួសជុលបែបសើចលេងទេ។
ផ្ទុយទៅវិញ គាត់ធ្វើទំនើបកម្ម ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត និងដោយមានឆន្ទៈខ្ពស់ណាស់។ សម្រាប់ប្រភេទរថយន្ដនីមួយៗ ដែលគាត់ត្រូវជួសជុល គាត់ទិញសៀវភៅបច្ចេកទេស ដែលណែនាំអំពីលក្ខណៈនៃរថយន្ដ និងអំពីគ្រប់គ្រឿងទាំងអស់ ដោយមានសេចក្ដីពន្យល់លំអិតផង និងរូបភាពប្លង់ច្បាស់លាស់ទៀតផង។

រៀងរាល់ដង ដែលលោក ស ចាប់ផ្ដើមធ្វើទំនើបកម្ម គាត់ដកគ្រឿងចេញទាំងអស់ ទុកវានៅកន្លែងទូលាយល្មម ដោយមានរបៀបរៀបរយ។ រួចហើយ គាត់ពិនិត្យមើលគ្រប់គ្រឿងនីមួយៗ ដើម្បីដឹងគ្រឿងខ្លះ ដែលត្រូវជួសជុល និងគ្រឿងខ្លះ ដែលត្រូវដូរ។ គ្រឿងដែលត្រូវទុក គាត់សម្អាតវាយ៉ាងជាក់លាក់។ សម្រាប់ខ្លះ គាត់ប្រើតែអេប៉ុងធម្មតា អេប៉ុងដែក ឬច្រាស ជាមួយទឹកសាប៊ូប៉ុណ្ណោះ។ តែខ្លះទៀត គាត់ត្រូវខាត់វា។ ហើយសម្រាប់គ្រឿងខ្លះៗទៀត គាត់ប្រើសាំង ឬគីមី ឧទាហរណ៍ដើម្បីសម្អាតសំណល់ប្រេង ឬខ្លាញ់។ ប្រសិនជាច្រែះស៊ីដែក គាត់ប្រើម៉ូទ័រជាមួយច្រាសរោមរឹង និងថ្នាំ ដើម្បីដកច្រែះចេញ។ បើសិនជាត្រូវការក្រូមេឡើងវិញ គាត់ឱ្យជាងធ្វើ។ កិច្ចការមួយទៀត ដែលគាត់ទុកឱ្យជាងធ្វើ គឺសម្អាតម៉ាស៊ីន តាមរបៀបពិសេស។ គឺជាបច្ចេកទេសបាញ់គ្រាប់ឈើតូចៗខ្លាំងៗ ! វាថ្លៃបន្តិច ប៉ុន្តែវាធ្វើឱ្យមើលទៅ សម្អាតហើយ ទោះបីជាម៉ាស៊ីនពីប៉ុន្មានឆ្នាំមុនក៏ដោយ ផ្ទៃវាចេញមកមានសភាពដូចទំនើបវិញ មិនគួរឱ្យជឿ ។
លោក ស មិនព្រមធ្វើតាមលទ្ធភាពទេ។ គ្រឿងណា ដែលមិនអាចជួសជុលឱ្យបានល្អប្រសើរ គាត់ដូរវាតែម្ដង។ ឧទាហរណ៍ទ្រង់ទ្រាយ គាត់មិនតោនទេ។ បើសិនជាត្រូវការ គាត់រកផ្នែកទ្រង់ទ្រាយពីឡានប្រភេទដូចគ្នាទៅដូរវិញ។ ជម្រើសទីមួយ គាត់យកគ្រឿងពីឡានដទៃ ប្រភេទដូចគ្នា ឆ្នាំដូចគ្នា ដែលគាត់បានទិញទុកយកគ្រឿងបន្លាស់។ ជម្រើសទី២ គាត់រកទិញគ្រឿងបន្លាស់ប្រើប្រាស់ហើយពីឡានដទៃ ប្រភេទដូចគ្នា ឆ្នាំដូចគ្នា។ ជម្រើសទី៣ គាត់ទិញគ្រឿងបន្លាស់ថ្មី ដែលក្រុមហ៊ុនមួយចំនួនផលិតសម្រាប់ជួសជុលរថយន្ដបុរាណ។ សូមបញ្ជាក់ថា គឺជាគ្រឿងបន្លាស់ ដែលផលិតថ្មី ក៏ប៉ុន្តែដែលដូចគ្រឿងដើម។
ជាចុងក្រោយ បន្ទាប់ពីបាញ់ថ្នាំពណ៌ដូចពីដើម ឬលាបថ្នាំការពារច្រែះសម្រាប់គ្រឿងខាងក្រោម លោក ស ដំឡើងឡានឡើងវិញ។ ប្រសិនបើគេបានបន្ថែមគ្រឿងខ្លះ ឧទាហរណ៍សម្រាប់សោភ័ណភាព តាំងពីយូរមកហើយ គាត់ទុកវាបន្តប្រើ។ ក៏ប៉ុន្តែបើសិនជាគេបាន បន្ថែមគ្រឿងខុសសម័យ គាត់យកវាទៅបោះចោល មិនបន្តប្រើទេ។ ដល់ជំហាននេះ គាត់មានតែគ្រឿងស្អាតបំផុត ដូច្នេះគាត់ដំឡើងរថយន្ដឡើងវិញ ដោយប្រុងប្រយ័ត្នណាស់ កុំឱ្យធ្វើកាយវិការខុសនាំឱ្យខូចអ្វីមួយ សូម្បីតែស្នាមតិចតួច។ នេះជាមូលហេតុដែលធ្វើឱ្យគាត់ដំឡើងមួយៗ ដោយប្រើក្រដាសកាសែត ក្រដាសកាតុង ឬពូក ដើម្បីការពាររហូត។ អំពីផ្លាកលេខ លេខចាស់ ឬលេខថ្មីក៏ដោយ គាត់កុម្ម៉ង់ផ្លាកថ្មី តាមស្តង់ដារនៃសម័យរថយន្ដ ដើម្បីកុំឱ្យខុសសម័យ។ នៅសហភាពអឺរ៉ុប ច្បាប់ចរាចរណ៍អនុញ្ញាតឱ្យធ្វើបែបនេះ សម្រាប់ឡានដែលមានអាយុកាល ៣០ឆ្នាំឡើងទៅ។
លោក ស មិនដែលទិញរថយន្ដបុរាណ ដែលគេបានកែច្នៃ។ យ៉ាងណាក៏ដោយ នៅទ្វីបអឺរ៉ុប មិនសូវមានទេ។ អ្វីដែលគាត់ពេញចិត្ត គឺជាឡានចាស់ៗ ដែលរក្សាសភាពដូចកាលពីនៅថ្មី។ ហេតុនេះ គាត់មានរបៀបក្នុងការប្រើប្រាស់រថយន្ដ ដែលគាត់បានសង្គ្រោះហើយ។ ទីមួយ បើមិនជិះ មួយសប្ដាហ៍ម្ដង គាត់បញ្ឆេះម៉ាស៊ីន។ ទីពីរ គាត់មិនយកទៅបើកបរនៅពេលដែលអាកាសធាតុត្រជាក់ពេក ឬនៅពេលដែលភ្លៀង។ ទីបី មុននឹងបើកបរ គាត់ពិនិត្យកំរិតប្រេង កំរិតទឹក និងបន្លឺហ្វារ និងស៊ីញ៉ូ។ ទីបួន បន្ទាប់ពីបានប្រើហើយ គាត់សម្អាតឡានតាមក្រោយ។
ប្រសិនបើត្រូវការលាងទឹក លាងហើយ គាត់ជូត ឬបាញ់ខ្យល់ ដើម្បីវាស្ងួត។ ជាការពិត ភាពសើមគឺជាខ្មាំងនៃលោហធាតុ។ ជាទូទៅ រៀងរាល់ដង ដែល លោក ស បើកបររថយន្ដបុរាណណាមួយរបស់គាត់ គាត់មិនប្រញាប់ប្រញាល់ឱ្យសោះ។ គាត់ប្រើពេលច្រើន ដោយធ្វើគ្រប់កាយវិការមួយៗ។ គាត់ថែរក្សាស្នាដៃរបស់គាត់គ្រប់យ៉ាង ដោយការពារវាជានិច្ច និងថែទាំវាឱ្យបានល្អបំផុត។
រថយន្ដ PANHARD PL 17 ត្រូវបានផលិតអស់ ១៦៦ ១៩២ គ្រឿង ពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៦៥ នៅក្នុងរោងចក្រមួយ ស្ថិតនៅទីក្រុងប៉ារី ប្រទេសបារាំង។
រថយន្ដ PANHARD 24 CT ត្រូវបានផលិតអស់ ២៨ ៦៥១ គ្រឿងប៉ុណ្ណោះ ពីឆ្នាំ១៩៦៣ រហូតដល់ឆ្នាំ១៩៦៧ នៅក្នុងរោងចក្រដូចគ្នា ស្ថិតនៅទីក្រុងប៉ារីស។ ដោយឡែក ឆ្នាំ១៩៦៧ ក្រុមហ៊ុន CITROËN ទិញ PANHARD និងរំលាយឈ្មោះនោះតែម្ដង។ គួរឱ្យស្ដាយ ពីព្រោះ PANHARD គឺជាក្រុមហ៊ុនផលិតឡាន ដែលត្រូវបានបង្កើតឡើង ឆ្នាំ១៨៩០ មុនគេទាំងអស់ទូទាំងពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com