ជាតិ
​​​ន​យោ​បាយ​ជាតិ​
បម្រាមធ្វើនយោបាយ៥ឆ្នាំលើអតីតមេដឹកនាំ និងមន្ត្រីCNRP ផុតកំណត់ នៅថ្ងៃនេះ
16, Nov 2022 , 8:29 am        
រូបភាព
បម្រាមហាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ លើមេដឹកនាំ និងមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ បានផុតកំណត់នៅថ្ងៃទី១៦ វិច្ឆិកានេះហើយ។ កាលពី៥ឆ្នាំមុន តុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្ត្រី ១១៨នាក់ ធ្វើសកម្មភាពនយោបាយ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។



អ្នកនយោបាយជាប់បម្រាមទាំងនោះ អាចមានសិទ្ធិធ្វើសកម្មភាពវិញ ខណៈសំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការភ្នំពេញ ប្រកាសបិទបញ្ចប់ការសួរដេញដោលលើអង្គហេតុគ្រប់បែបយ៉ាង កាលពីថ្ងៃទី១៩ តុលា កន្លងមក។ ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានឆ្លងកាត់សវនាការ៦៣លើក ក្នុងរយៈពេល៥ឆ្នាំ។ 
 
លោក ចាន់ ចេន ប្រធានក្រុមមេធាវីលោក កឹម សុខា ធ្លាប់បានបញ្ជាក់ថា តុលាការទុកពេលជាង២ខែ ឱ្យភាគីនីមួយៗ សរសេរសារណា ឬសេចក្តីសន្និដ្ឋានការពារខ្លួន ដើម្បីដាក់ជូនតុលាការ។ បើតាមមេធាវីរូបនេះ តុលាការ នឹងបើកសវនាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា។ 

បើផុតអាយុកាល៥ឆ្នាំ នៃការអនុវត្តបម្រាមធ្វើសកម្មភាពនយោបាយនេះ តើមន្ត្រីជាប់បម្រាមអាចធ្វើសកម្មភាពវិញបានមែនទេ? អ្នកស្រី ម៉េង សុភាវី មេធាវីលោក កឹម សុខា ឆ្លើយតបថា ពួកគេអាចធ្វើសកម្មភាពវិញបាន ដោយមិនចាំបាច់សុំសម្បទានយោបាយឡើយ។

«យោងតាមមាត្រា៤៥ថ្មីស្ទួនមួយ ចំណុច (ក )នៃច្បាប់គណបក្សនយោបាយ ការទទួលសិទ្ធិនយោបាយពេញលេញឡើងវិញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីកាតុលាការកំពូល»។ នេះជាការបញ្ជាក់របស់អ្នកស្រី ម៉េង សុភារី។
 
ដោយឡែកករណីលោក កឹម សុខា មេដឹកនាំអតីតបក្សសង្គ្រោះជាតិ អាចធ្វើនយោបាយឡើងវិញបាន លុះត្រាតុលាការប្រកាសសាលក្រម ហើយគ្មានទោស។ នេះបើតាមមេធាវីលោក កឹម សុខា ដោយបន្ថែមថា «យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា៣៥២ ការត្រួតពិនិត្យតាមផ្លូវតុលាការនឹងបញ្ចប់នៅពេលប្រកាសសាលក្រម»។
 
ដ្បិតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ អាចមានសិទ្ធិធ្វើសកម្មភាពនយោបាយវិញមែនក្តី ប៉ុន្តែក៏មានអ្នកខ្លះមិនអាចធ្វើសកម្មភាពបានដែរ ដោយសារបញ្ហាក្តីក្ដាំ។ តួយ៉ាង ដូចលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះ ដែលកំពុងគេចខ្លួនរស់នៅប្រទេសបារាំង ជាប់ពាក់ព័ន្ធក្តីក្ដាំច្រើននោះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់«ពន្ធនាគារមួយជីវិត»ផងដែរ។ ក្រៅពីនេះ ក៏មានអ្នកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ ជាដើម ដែលកំពុងរស់នៅក្រៅប្រទេស ក៏មានជាប់ក្តីក្ដាំនៅក្នុងតុលាការផ្សេងទៀត ក្រៅពីបម្រាមធ្វើសកម្មភាពនយោបាយ។

ប៉ុន្តែមន្ត្រីបក្សប្រឆាំង ដែលជាប់ក្តីក្ដាំ ក្រៅពីបម្រាមនយោបាយ ហើយគេចខ្លួនរស់នៅប្រទេសនោះ នៅមានឱកាសធ្វើនយោបាយឡើងវិញ។ សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសកាលពីខែតុលាកន្លងមកថា សម្ដេច នឹងស្នើទៅព្រះមហាក្សត្រ សុំការលើកលែងទោស និងផ្ដល់សិទ្ធិធ្វើនយោបាយឱ្យពួកគេវិញ បើសិនជាពួកគេព្រមផ្ដាច់ខ្លួនដើរចេញពីលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ។ 
  
 
កន្លងមកក៏មាន មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ មិនតិចជាង៣០រូបឡើយ ដែលបានធ្វើនយោបាយឡើងវិញ ក្រោយស្នើទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយទូលថ្វាយព្រះមហាក្សត្រ ប្រោសប្រទានសិទ្ធិធ្វើសកម្មភាពវិញនេះ។ ក្រោយទទួលបានសិទ្ធិធ្វើនយោបាយនេះ មន្ត្រីអតីតគណបក្សប្រឆាំងទាំងនោះ ក៏សម្រេចទៅបង្កើតគណបក្សថ្មី ហើយខ្លះទៀត ទៅចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃផ្សេងទៀតផងដែរ។
 
គួរបញ្ជាក់ថា ការរំលាយបក្សង្គ្រោះជាតិ និងបម្រាម​មន្ត្រី១១៨នាក់ ធ្វើសកម្មភាពនយោបាយនេះ ត្រូវបានសម្រេច​ដោយតុលាការ​ដែលបានចោទប្រកាន់​លោក កឹម សុខា ពីបទ «គប់គិតជាមួយបរទេស» ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ៥ឆ្នាំមុននោះ លោក កឹម សុខា ត្រូវបានកងកម្លាំងចូលចាប់ខ្លួនទាំងយប់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២ កញ្ញា ២០១៧។
 
ក្រោយចាប់ខ្លួនលោក កឹម សុខា ហើយ មេធាវីតំណាងក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក គី តិច បានបង្ហាញភស្តុតាងចំនួន២៦កញ្ចប់ ដែលមានវីដេអូជាង១០ឃ្លីប ព្រមទាំងឯកសារ និងរូបថតពាក់ព័ន្ធផ្សេងទៀត ទៅតុលាការ ។ លោក គី តិច ប្រាប់តុលាការថា សកម្មភាពលោក កឹម សុខា ជាការធ្វើបដិវត្តពណ៌។ វីដេអូទាំងនោះ បានបង្ហាញពីសកម្មភាពបាតុកម្មកាលពីដើមឆ្នាំ២០១៣ ដោយមានសម្តីលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រ ដើម្បីបង្ហាញពីផែនការសកម្មបក្ស ដោយមានផ្សារភ្ជាប់ជាមួយបរទេសផងដែរ។
 
ដោយសារចំណុចនេះហើយ ទើបមានការចាប់ខ្លួន នឹងអនុវត្តច្បាប់លើលោក កឹម សុខា ដែលឈានដល់ការរំលាយបក្ស និងហាមមន្ត្រី១១៨នាក់ (ស្លាប់១នាក់) ធ្វើសកម្មភាព៥ឆ្នាំ ចាប់ពីថ្ងៃទី១៦ វិច្ឆិកា ២០១៧មក៕
 

Tag:
 នយោបាយ
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com