អន្តរជាតិ
អុីស្រាអែល មិនចង់ឱ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់កាហ្សាវិញឡើយ
13, Nov 2023 , 10:23 am        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល (ឆ្វេង) និងលោក Mahmoud Abbas ប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន។ រូបភាព AFP
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល (ឆ្វេង) និងលោក Mahmoud Abbas ប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន។ រូបភាព AFP
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី១២ ខែវិច្ឆិកា បានបញ្ជាក់យ៉ាងច្បាស់ថា អុីស្រាអែល មិនចង់ឱ្យអាជ្ញាធរប៉ាឡេស្ទីន(PA) ត្រលប់មកគ្រប់គ្រងតំបន់កាហ្សាវិញឡើយ ហើយអុីស្រាអែល នឹងគ្រប់គ្រងសន្តិសុខនៅតំបន់នោះ។

អត្ថបទទាក់ទង
 
ក្នុងរយៈពេលជាង១ខែមកនេះ ប្រតិបត្តិការយោធាអុីស្រាអែល បានចូលកាន់តែជ្រៅទៅក្នុងតំបន់កាហ្សាភាគខាងជើង ដើម្បីបោសសម្អាតក្រុមហាម៉ាស ដែលជាសត្រូវដ៏ធំរបស់ខ្លួន។ ដោយមើលឃើញពីវាសនារបស់ក្រុមហាម៉ាសអាចត្រូវបានកម្ចាត់ចោល លោក Mahmoud Abbas ប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន (PA) បានអះអាងថា អាជ្ញាធរប៉ាឡេស្ទីន អាចនឹងដើរតួនាទីដ៏សំខាន់លើតំបន់កាហ្សា នៅពេលអនាគត។ 
 
អាជ្ញាធរប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រងនៅតំបន់ត្រើយខាងលិច (West Bank) ធ្លាប់គ្រប់គ្រងតំបន់កាហ្សាមុនឆ្នាំ២០០៧ មុនត្រូវបានបណ្ដេញចេញដោយក្រុមហាម៉ាសក្នុងការប្រយុទ្ធរវាងក្រុមដ៌មានឥទ្ធិពលទាំង២។
 
យ៉ាងណាមិញ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល នៅថ្ងៃទី១២ ខែវិច្ឆិកា បានច្រានចោលវត្តមានអាជ្ញាធរប៉ាឡេស្ទីននៅតំបន់កាហ្សា។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មានប្រមុខរដ្ឋាភិបាលអុីស្រាអែល បានសង្កត់ធ្ងន់ថា លោក មិនចង់ឱ្យអាជ្ញាធរប៉ាឡេស្ទីន វិលមកគ្រប់គ្រងតំបន់កាហ្សាឡើយ ដោយសារការបណ្តុះសម្អប់លើអុីស្រាអែល និងគោលនយោបាយផ្តល់ប្រាក់បៀវត្សចំពោះគ្រួសារដែលមានសមាជិកជាប់ពន្ធនាគារនៅអុីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«យើងត្រូវការអាជ្ញាធរខុសប្លែកពីគេមួយ។ យើងត្រូវការរដ្ឋបាលដែលខុសពីគេ»។ នាយករដ្ឋមន្រ្តីអុីស្រាអែល បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយបន្តថា លោកមិនទាន់អាចបញ្ជាក់ពីរដ្ឋបាលថ្មី ដែលត្រូវគ្រប់គ្រងនៅតំបន់កាហ្សាបានឡើយ ដោយសារវាលឿនពេកក្នុងការនិយាយពីរចនាសម្ព័ន្ធដឹកនាំនៅតំបន់កាហ្សា។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីនៃអាជ្ញាធរប៉ាឡេស្ទីន បានចោទអុីស្រាអែលមានចេតនាចង់បំបែកតំបន់កាហ្សាពីប៉ាឡេស្ទីន។ ត្រង់ចំណុចនេះ មន្រ្តីប៉ាឡេស្ទីន បានព្រមានថា ការប៉ុនប៉ងរបស់រដ្ឋាភិបាលអុីស្រាអែល នឹងមិនទទួលបានជោគជ័យឡើយ ហើយប៉ាឡេស្ទីន មិនអនុញ្ញាតឱ្យកើតឡើងដែរ មិនថាត្រូវរងសម្ពាធអ្វីឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១១ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលអុីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់ថា អុីស្រាអែលមិនបានស្វះស្វែងរកការគ្រប់គ្រង ឬធ្វើអភិបាលតំបន់ាកាហ្សាឡើយ ប៉ុន្តែអុីស្រាអែល នឹងគ្រប់គ្រងផ្នែកសន្តិសុខលើតំបន់កាហ្សា ដើម្បីបញ្ចៀសករណីវាយប្រហារជាថ្មីមកលើខ្លួន ដូចថ្ងៃទី៧ ខែតុលា ដែលហាម៉ាសលួចវាយឆ្មក់ និងបានបង្កឱ្យប្រជាជននៅប្រទេសខ្លួនយ៉ាងហោចណាស់ ១៤០០នាក់ ត្រូវបានសម្លាប់។ 
 
ទន្ទឹមនេះ លោក​ណេតាន់យ៉ាហ៊ូ បានបង្ហើបពីលទ្ធភាពក្នុងការលុបចោលយោធានៅក្នុងតំបន់កាហ្សាផងដែរ ដើម្បីអាចធានាសន្តិសុខខ្លួន។ មិនតែប៉ុណ្ណោះ មេដឹកនាំអុីស្រាអែលរូបនេះ បានថ្លែងថា កម្លាំងក្រុមហាម៉ាសបានបាត់បង់ឥទ្ធិពលនៅតំបន់កាហ្សាជិតអស់ហើយ ក្រោមប្រតិបត្តិការយោធារបស់ខ្លួនន។ 
 
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន NBC News នាយករដ្ឋមន្រ្តីអុីស្រាអែល បានបង្ហើបពីលទ្ធភាពដែលរដ្ឋាភិបាលរបស់ខ្លួន អាចនឹងមានកិច្ចព្រមព្រៀងរំដោះចំណាប់ខ្មាំងមួយជាមួយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត នៅក្នុងតំបន់កាហ្សាផងដែរ។ 
 
កន្លងមក បណ្តាប្រទេសជាច្រើន និងសហគមន៍អន្តរជាតិ បានអំពាវនាវឱ្យអុីស្រាអែលមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបង្ការវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់កាហ្សា ដែលមានប្រជាជនភៀសខ្លួនជាច្រើនម៉ឺននាក់។ ចំណែកមេដឹកនាំបណ្តាប្រទេសអារ៉ាប់ និងមូស្លីម បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើអ៊ីស្រាអែល។ មនុស្សនៅតំបន់កាហ្សាលើសពី ១១០០០នាក់​ ត្រូវបានសម្លាប់៕ 

Tag:
 អុីស្រាអែល
  កាហ្សា
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com