ជាតិ
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយឡាន Jeep ភាគីរងគ្រោះទទួលសំណង ៩៥ ០០០​ដុល្លារ
03, Feb 2024 , 10:30 am        
រូបភាព
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត Jeep និងម៉ូតូ ដែលបណ្តាលឱ្យភាគីម៉ូតូបាត់​បង់​ជីវិត ភាគីទាំង២ បានព្រមព្រៀងផ្តល់ និងទទួលយកសំណងរដ្ឋប្បវេណី ៩៥ ០០០​ដុល្លារ ក្រោមការសម្របសម្រួលពី លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និង​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្តសម្តេច ហ៊ុន សែន។

 
ក្រៅពីព្រមព្រៀងលើសំណងរដ្ឋប្បវេណីដោយគ្មានការ​បង្ខំ ភាគីទាំង២ ​ក៏​មានឆន្ទៈ​បញ្ចប់​សំណុំរឿងព្រហ្មទណ្ឌ​ផងដែរ ទន្ទឹមនឹងការ​សន្យាបញ្ឈប់​ការឆ្លើយ​ឆ្លងតាម​បណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយ​ដែលនាំឲ្យប៉ះពាល់ដល់គ្នា  និងមិនបង្កជាបញ្ហា​វិវាទណាមួយ​​ទាក់​ទងនឹងសំណុំរឿងនេះ​ទៀតទេ។ នេះបើយោងតាម​កិច្ចព្រមព្រៀងជាសះ លើសំណងរដ្ឋប្ប​វេណីរវាង​ភាគីទាំង២។ 
 
សូមរំឭកថា ​​គ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត Jeep និងម៉ូតូ ដែលបណ្តាលឱ្យ​ភាគី​ម៉ូតូ​​បាត់​បង់​​ជីវិតនេះ​ ​កើតឡើងកាលពីយប់ថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៣ នៅក្នុងខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ក្នុងសំណុំរឿងនេះ អ្នកបើកបររថយន្តត្រូវបានចៅក្រមស៊ើប​សួរសាលាដំបូង​រាជ​ធានីភ្នំពេញ ដាក់ត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ«បើកបរដោយ​ធ្វេស​ប្រ​ហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ​បណ្តាលឱ្យស្លាប់អ្នកដទៃ និ​ង​បទរត់គេច​ខ្លួន តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ៕
 
អត្ថបទទាក់ទង
 

Tag:
 ចរាចរណ៍
  គ្រោះថ្នាក់
© រក្សាសិទ្ធិដោយ thmeythmey.com