ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សប្បាយគ្រប់កន្លែង! ២៥រាជធានី-ខេត្ត រៀបចំកម្មវិធីកម្សាន្ត ក្នុងសង្ក្រាន្តឆ្នាំថ្មី
13, Apr 2024 , 10:39 am        
រូបភាព
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ខាងមុខនេះ នៅតាមបណ្ដារាជធានី-ខេត្ត នឹងរៀបចំព្រឹត្តិការណ៍«សង្រ្កាន្ត» និងកម្មវិធីកម្សាន្តសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី។ រាជធានី-ខេត្តខ្លះ រៀបចំរយៈពេល ៣ថ្ងៃ ខ្លះ ៤ថ្ងៃ និងខ្លះ ៥ថ្ងៃ។


 
ចលនានៃការបង្កើតព្រឹត្តិការណ៍សង្រ្កាន្ត និងកម្មវិធីកម្សាន្តសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានការកើនឡើង។ រាជធានី-ខេត្តខ្លះ ដាក់ឈ្មោះថា «ព្រឹត្តិការណ៍សង្រ្កាន្តដោយភ្ជាប់នឹងខេត្ត» និងខេត្តខ្លះ ដាក់ឈ្មោះថា «កម្មវិធីកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី»។
 
ដើម្បីផ្ដល់ភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខេត្តបាត់ដំបង និងព្រៃវែង នឹងរៀបចំ រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៦ ខែមេសា។ រីឯភ្នំពេញ, កណ្ដាល, កំពង់ធំ, កោះកុង, ព្រះសីហនុ, កែប, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, មណ្ឌលគិរី, រតនគិរី, ក្រចេះ, ស្ទឹងត្រែង, តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង និងកំពង់ចាម នឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា។ 
 
ដោយឡែក ខេត្តត្បូងឃ្មុំ, កំពត និងស្វាយរៀង នឹងរៀបចំសង្រ្កាន្តរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា។ បើតាមសេចក្ដីជូនដំណឹងរបស់រាជធានី-ខេត្តនីមួយៗ ក្នុងព្រឹត្តិការណ៍សង្រ្កាន្ត និងកម្មវិធីកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី សុទ្ធតែមានកម្មវិធីលេងល្បែងប្រជាប្រិយ ពិធីសាសនា និងការរាំលេងកម្សាន្ត។ 
 
អត្ថបទទាក់ទង
គួរជម្រាបថា ខេត្តមួយចំនួន បង្កើតព្រឹត្តិការណ៍សង្រ្កាន្ត ក្រោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផ្ដល់អនុសាសន៍ឱ្យរៀបចំ។ ក្នុងឆ្នាំនេះ ក្រៅពីព្រឹត្តិការណ៍សង្រ្កាន្ត និងកម្មវិធីកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី នៅតាមបណ្ដារាជធានី-ខេត្តនេះ នៅតាមសាលារៀន វត្តអារាម និងភូមិឃុំស្រុកភាគច្រើន ក៏បានរៀបចំផងដែរ៕



















Tag:
 សង្រ្កាន្តឆ្នាំថ្មី
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com