ជាតិ
យ៉ានតាមដងផ្លូវ
ធុងឈើមួយ ពីសតវត្សទី២០ ក្លាយទៅជាតុសម្រាប់ DJ
× ភ្នំពេញ៖ ធុងបុរាណធ្វើអំពីឈើ១គ្រឿង ត្រូវបានគេដាក់តាងលម្អ នៅជាន់លើនៃសាខាហាងកាហ្វេ TEMPLE ដែលស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ គ្មាននរណាដឹងច្បាស់ថា ធុងឈើចាស់នេះមានអាយុកាលប៉ុន្មាន ពីព្រោះតាំងពីដើមមក រហូតដល់សព្វថ្ងៃនេះ ធុងប្រភេទនេះមានរាងស៊ីឡាំងប៉ោងដូចគ្នា។
យ៉ាងណាក៏ដោយ អាចសន្និដ្ឋានថា គេបានផលិតធុងឈើ នៅហាងកាហ្វេ TEMPLEនេះ នាសតវត្សទី២០ ពីព្រោះតាមធម្មតាគេធ្វើធុងឈើ មិនលាបថ្នាំការពារវែនី មិនលាបថ្នាំពណ៌លើកង់ដែកទេ។ ក៏ប៉ុន្តែធុងនេះ ឈើវាចាស់ ហើយគេបានលាបថ្នាំវែនីផង លាបពណ៌ក្រហមលើដែកផង តាំងពីយូរហើយព្រោះសភាពវាមិនមែនថ្មីទេ។ ធុងឈើនេះមានកម្ពស់ប្រហែល១ម៉ែត្រ និងទទឹងប្រហែល៦០សង់ទីម៉ែត្រ។ គេធ្វើធុងឈើ ដើម្បីផ្ទុកធាតុរាវ ប៉ុន្តែធុងឈើនេះក្លាយទៅជាតុ សម្រាប់ DJ ចាក់ឌីសវិញ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
បុរាណវិទូបានឃើញរូបគំនូរ ដែលមានធុងឈើរក្សាអាយុ គូរកាលពីសតវត្សទី៦ មុនគ្រឹស្តសករាជ។ គឺជនជាតិដើម រែត ដែលបានបង្កើតធុងប្រភេទនេះ។ ជនជាតិនេះមានវត្តមានលើជួរភ្នំអាល នៅទ្វីបអឺរ៉ុប។ ដោយឡែកជនជាតិ រែត បានបាត់បង់អស់រលីង ក្នុងសតវត្សទី១។ ពីដើមគេប្រើធុងឈើ ដើម្បីរក្សាអាយុ និងដើម្បីដឹកធាតុរាវ។ កាលពី២០០០ឆ្នាំមុន ដោយសារអធិរាជរ៉ូម៉ាំង ការប្រើធុងឈើបានរាលដាលជុំវិញសមុទ្រមេឌីទែរ៉ាណេ។
រយៈពេល ១ ០០០ឆ្នាំ ការប្រើធុងឈើបានរីកសាយដល់ទូទាំងទ្វីបអឺរ៉ុប។ ហើយកាលពីពេលពលរដ្ឋនៅអឺរ៉ុប ចាប់ផ្ដើមជិះសំពៅ ធ្វើដំណើរជុំវិញពិភពលោក គេបែរទៅប្រើធុងឈើទូទាំងពិភពលោក។ សម័យនោះគេមិនមែនប្រើធុងឈើសម្រាប់ដឹកស្រាប៊ីយែរ ស្រាទំពាំងបាយជូរ ឬទឹកផឹកប៉ុណ្ណោះទេ គឺគេប្រើដឹកទំនិញគ្រប់មុខទាំងអស់ ពីព្រោះដោយសាររាងមូលវាស្រួលរុញ។ ក៏ប៉ុន្តែមកដល់សតវត្សទី២០ គេបង្កើតប៉ាលែត និងកុងតឺណ័រ ដែលស្រួលប្រើជាងទៅទៀត។ នេះជាមូលហេតុដែលបានធ្វើឱ្យបច្ចុប្បន្ន គេប្រើធុងឈើសម្រាប់តម្រូវការដូចបុរាណកាល គឺដើម្បីផ្ទុកស្រាទំពាំងបាយជូរ ពីព្រោះឈើជាធាតុធម្មជាតិ ដែលជួយឱ្យស្រាទំពាំងបាយជូរមានរសជាតិឆ្ងាញ់។
ហាង TEMPLE ជាអាហារដ្ឋាន ហាងកាហ្វេ និងឌីស្កូទែក ដែលតុបតែងជា មួយវត្ថុបុរាណ។ Temple គឺជាពាក្យបារាំង ដែលបកប្រែជាភាសាខ្មែរថា ប្រា សាទ៕
Tag:
ធុងឈើ
វត្ថុចាស់ៗ
វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com