ជាតិ
បោះឆ្នោតព្រឹទ្ធសភា៖ លោក ពេជ្រ ស្រស់ ដែលមានអង្គបោះឆ្នោត៣នាក់ បើកយុទ្ធនាការឃោសនា រូបពីហ្វេសប៊ុកលោក ពេជ្រ ស្រស់
× ភ្នំពេញ៖ ដូចការគ្រោងទុកគណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាទ្រង់ទ្រាយធំជាលើកដំបូង នៅក្នុងខេត្តត្បូងឃុំ នៅព្រឹកថ្ងៃទី១៣ កុម្ភៈនេះ ដើម្បីផ្ដល់សេចក្តីទុកចិត្តដល់អង្គបោះឆ្នោត។
ក្នុងយុទ្ធនាការឃោសនានេះ លោក ពេជ្រ ស្រស់ បានដាក់ចេញសកម្មភាព ៣ ចំណុច ដើម្បីសង្គ្រោះជីវភាពរបស់ម្ចាស់ឆ្នោត ដោយក្នុងនោះរួមមាន ទី១, រឹបអូសមកវិញចំពោះដីសម្បទានខុសច្បាប់ ដើម្បីផ្តល់ជូនម្ចាស់ឆ្នោតណាដែលគ្មានដី ទី២, ជំរុញឲ្យមានការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញឲ្យបានម៉ឹងមាត់ ដើម្បីសង្គ្រោះជីវភាពម្ចាស់ឆ្នោត និងទី៣, បង្កើតកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់នូវតម្លៃកសិកម្មជូនម្ចាស់ឆ្នោត។
តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនលោក ពេជ្រ ស្រស់ បានបញ្ជាក់ដូច្នេះ៖«បេសកកម្ម ៣ ចំណុចខាងលើអាចអនុវត្តបាននៅពេលគណបក្សយុវជនកម្ពុជាទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាជាតិ និងរដ្ឋសភាជាតិ។បន្ថែមពីនេះទៅទៀត ខ្ញុំបានសន្យាចំពោះមុខជនរួមជាតិថា ខ្ញុំ ពេជ្រ ស្រស់ មិនធ្វើនយោបាយតាមគន្លងអ្នកនយោបាយជើងចាស់នោះឡើយ ដោយអ្នកនយោបាយមុនៗបានដើរបោកប្រាស់ម្ចាស់ឆ្នោត ដើម្បីតែសន្លឹកឆ្នោតតែប៉ុណ្ណោះ»។
គណបក្សយុវជនកម្ពុជាបានជួបជុំសមាជិកជាង១,៧០០នាក់ ដើម្បីឃោសនាគោលនយោបាយរបស់គណបក្សយុវជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ។ សម្រាប់ការបោះឆ្នោតសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នៅថ្ងៃទី២៥ កុម្ភៈខាងមុខនេះ គណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះ ចំនួន៣៨នាក់ នៅក្នុងភូមិភាគចំនួន៣ រួមមាន ភូមិភាគទី១ រាជធានីភ្នំពេញ , ទី២ កំពង់ចាម និងត្បូងឃ្មុំ និងទី៣ កណ្ដាល ។ ក្នុងភូមិភាគទាំង៣នេះ គណបក្សយុវជនកម្ពុជា មានអង្គបោះឆ្នោតពីក្រុមប្រឹក្សាឃុំ-សង្កាត់ តែ៣ប៉ណ្ណោះ ដែលទទួលបានពីការបែងចែកអាសនៈអតីតគណបក្សសង្គ្រោះជាតិ។ លទ្ធភាពទទួលបានអាសនៈព្រឹទ្ធសភារបស់គណបក្សយុវជននេះ ទំនងគ្មានឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗកន្លងមក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ធ្លាប់ទទួលស្គាល់ថា គណបក្សលោកនឹងមិនទទួលបានកៅអីព្រឹទ្ធសភានោះទេ ព្រោះតែអង្គបោះឆ្នោតគ្មានសំឡេងគ្រប់គ្រាន់។ ប៉ុន្តែមូលហេតុដែលលោក សម្រេចចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ ដើម្បីបំពេញសិទ្ធិអង្គបោះឆ្នោតខ្លួន ពោលគឺមិនចង់បោះបង់ការចូលរួម ដូចគណបក្សដទៃ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ មានគណបក្សចំនួន៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវជ្រើសដោយការបោះឆ្នោតអសកល ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែងក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ អង្គបោះឆ្នោតទាំង២៥រាជធានី-ខេត្ត សរុបចំនួន ១១,៦៩៥នាក់៕
Tag:
ពេជ្រ ស្រស់
ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com