ចិន​ប្រាប់​អន្តរជាតិ​ឲ្យ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​
ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ចិន​ប្រាប់​អន្តរជាតិ​ឲ្យ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​
01, Aug 2018 , 9:52 am        
រូបភាព
លោក ស៊ី ជិនភីង និង​សម្តេច ហ៊ុន សែន នាជំនួបនៅភ្នំពេញកាលពីឆ្នាំ២០១៦។ រូបថត AFP
លោក ស៊ី ជិនភីង និង​សម្តេច ហ៊ុន សែន នាជំនួបនៅភ្នំពេញកាលពីឆ្នាំ២០១៦។ រូបថត AFP
​អាមេរិក និង​សហភាព​អឺរ៉ុប ចាត់ទុក​ការបោះឆ្នោត​នៅ​កម្ពុជា​ជាការ​បោះឆ្នោត​ដែល​គ្មាន​ការប្រកួតប្រជែង និង​មិនទាន់​ស្របច្បាប់​ព្រោះ​បក្សប្រឆាំង​ធំជាងគេ​អវត្តមាន ប៉ុន្តែ​ចិន​យល់ឃើញ​ខុសពី​នេះ​។ បន្ទាប់ពី​បាន​សាទរ​ការរៀបចំ​ការបោះ​ឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា​ហើយ​នោះ ចិន​ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​។

 
​ក្រោយ​កម្ពុជា​រៀបចំ​ការបោះ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ អាមេរិក ចេញមុខ​រិះគន់​មុនគេ លើ​ការបោះឆ្នោត​នេះ ហើយ​តម​ក​ក៏​បណ្ដា​ប្រទេស​ខ្លះទៀត​រិះគន់​ជា​បន្តបន្ទាប់​ដូចជា កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ បារាំង និង​សហភាព​អឺរ៉ុប​។ ពាក្យរិះគន់​មាន​ជាអាទិ៍ ការបោះឆ្នោត​ធ្វើឡើង​ក្នុង​បរិយាកាស​តានតឹង​បំផុត អាជ្ញាធរ​កម្ពុជា​ប្រើ​ប្រព័ន្ធតុលាការ​ដាក់​សម្ពាធមក​លើ​ក្រុម​គណបក្សប្រឆាំង និង​អ្នក​តវ៉ា​រិះគន់​រដ្ឋាភិបាល រួមទាំង​ការហាម​សកម្មភាព​នយោបាយ និង​រំលាយ​បក្សប្រឆាំង​។​

អត្ថបទទាក់ទង
 
​បន្ថែម​ពីលើ​ការរិះគន់ អាមេរិក​ឯណោះ ក៏​គំរាម​រឹតបន្តឹង​ទិដ្ឋាការ​លើ​កម្ពុជា​ទៅទៀត​។ ជុំវិញ​បញ្ហា​នេះ ចិន​មាន​ជំហរ​ខុសពី​អន្តរជាតិ​ខាងលើ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៣១ ខែកក្កដា លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា ការបោះឆ្នោត​ទូទៅ​នៅ​កម្ពុជា​ជា​រឿង​ផ្ទៃក្នុង​កម្ពុជា​។ លោក​ក៏បាន​ប្រាប់​ឲ្យ​សហគមន៍​អន្តរជាតិ​គោរព​ជម្រើស​របស់​ប្រជាជន​កម្ពុជា និង​ដើរតួនាទី​សំខាន់​ក្នុង​ជួយ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន រក្សា​ស្ថិរភាព​សង្គម ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​ជាតិ​។​
 
​ជាថ្មី​ម្ដងទៀត អ្នកនាំពាក្យ​ខាងលើ​ក៏​សាទរ​ជ័យជម្នះ​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន ។ 
 
​យោងតាម​លទ្ធផល​បណ្ដោះ​អាសន្ន​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អ្នកបោះឆ្នោត​មាន​ចំនួន​ដល់​ទៅ​៨២.៨៩​ភាគរយ​។ យ៉ាងណាមិញ សេត​វិមាន​អាមេរិក ចាត់ទុកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មិន​សេរី និង​យុត្តិធម៌ ហើយ​មិនអាច​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​នោះឡើយ​៕ 
 
 

Tag:
 កម្ពុជា​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67455 [1] => 9,78,17 [2] => ចិន​ប្រាប់​អន្តរជាតិ​ឲ្យ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​ [3] => content [4] => [5] => កម្ពុជា​, ចិន​ [6] => 70 [7] => 0 [8] => )