ជាតិ
នយោបាយជាតិ
តុលាការកោះហៅលោក គឹម សុខ ចូលបំភ្លឺ នៅថ្ងៃទី១៤ កញ្ញា
× ភ្នំពេញ៖ តុលាការចេញដីកាកោះលោក គឹម សុខ អ្នកវិភាគនយោបាយ ឲ្យចូលបំភ្លឺជុំវិញបទចោទ«បរិហាកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី១៤ កញ្ញា ខាងមុខ។ ដីកាកោះហៅនេះ ធ្វើឡើងក្រោយពីអ្នកវិភាគរូបនេះ នៅបន្តការរិះគន់ឥសំចៃមាត់ទៅលើរដ្ឋាភិបាល ក្រោយចេញពីពន្ធនាគារកាលពីថ្ងៃទី១៧ សីហាកន្លងមក។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាក់ បានបញ្ជាក់ថា លោក គឹម សុខ ជាប់បទចោទ«បរិហាកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងករណីលោក គឹម សុខ មិនចូលខ្លួនតាមការកំណត់ខាងលើទេ តុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន។ នេះបើតាមលិខិតតុលាការចុះថ្ងៃទី២៨ សីហា។
ដីកាកោះហៅរបស់តុលាការនេះ ធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន បានប្រកាសកាលពីពេលថ្មីៗពីបំណងទារសំណងជំងឺចិត្ត៨០០លានរៀល ពីលោក គឹម សុខ ដែលជាប់ពន្ធនាគារពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមរយៈការសម្រេចរបស់តុលាការ។ មូលហេតុដែលប្រមុខរដ្ឋាភិបាល រំឭកពីប្រាក់សំណងនេះ ដោយសារតែទណ្ឌិតទើបចេញពីពន្ធនាគាររូបនេះ បានប្រើប្រាស់ពាក្យពេចន៍លើសលោះមកលើរដ្ឋាភិបាល។ សម្ដេច ហ៊ុន សែន ចាត់ទុកពាក្យសម្ដីបុគ្គលរូបនេះ ជាការប្រមាថដល់ខ្លួន។
តែយ៉ាងណាលោក គឹម សុខ ត្រូវបានគេដឹងថា បានគេចខ្លួនពីកម្ពុជា ទៅក្រៅប្រទេសហើយ កាលពីពេលថ្មីៗនេះ។ លោក គឹម សុខ ត្រូវបានតុលាការដោះលែងវិញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ អស់រយៈពេលប្រមាណ ១៨ខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com