ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ត្រៀម​កាត់ក្តី​លោក សម រង្ស៊ី ពីបទ​ញុះញង់​កងទ័ព
18, Feb 2019 , 10:19 pm        
រូបភាព
រូបពី AFP៖ លោក សម រង្ស៊ី ដាក់កម្រងផ្កានៅមុខរូបសំណាកលោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២0១៥ ដែលជាថ្ងៃរម្លឹកខួប១១ឆ្នាំនៃការបាញ់សម្លាប់លោក ជា ​វិជ្ជា
រូបពី AFP៖ លោក សម រង្ស៊ី ដាក់កម្រងផ្កានៅមុខរូបសំណាកលោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២0១៥ ដែលជាថ្ងៃរម្លឹកខួប១១ឆ្នាំនៃការបាញ់សម្លាប់លោក ជា ​វិជ្ជា
ដោយ: ថ្មីៗ
​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​លិខិត​ជូនដំណឹង​ពីរ​ផ្សេងគ្នា កាលពី​ចុងខែ​មករា ឆ្នាំ​២0១៩ ស្តីពី​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​លើ​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ និង​បទល្មើស​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បញ្ជា ដែលមាន​លោក សម រង្ស៊ី ជា​ជន​ត្រូវ​ចោទ​។ លិខិត​ជូនដំណឹង​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច យកទៅ​បិទ​នៅ​ទីស្នាក់កា​ល​កណ្តាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ​២0១៩​នេះ​។​


 
​លោក សំ សុ​គង់ មេធាវី​របស់លោក សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា សម្រាប់​សំណុំរឿង​ញុះញង់​យោធា​មិន​ឲ្យ​ស្តាប់​បញ្ជា ក្រៅពី​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបញ្ចប់​ការ​ស៊ើបសួរ​ហើយ ចៅក្រម​ស៊ើបសួរ ក៏បាន​ចេញ​ដីកា​ដំណោះស្រាយ​ដែរ ដោយ​សម្រេច​បញ្ជូន​សំណុំរឿង ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ លោក អះអាងថា ដីកា​ដំណោះស្រាយ​នោះ មិនទាន់​កំណត់​កាលបរិច្ឆេទ​នៃ​ការជំនុំជម្រះ​ឡើយ​។ 
 
​ទាក់ទង​នឹង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ លោក​មេធាវី លើកឡើងថា លោក សម រង្ស៊ី ពុំបាន​ពឹងពាក់​លោក​ឲ្យ​ការពារ​ក្តី​នោះទេ​។ លោក​មេធាវី និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រហែលជា​គាត់ គិតថា​សំណុំរឿង​ច្រើន​និងរ​ញេ​រ​ញៃ​ពេក ទើប​គាត់​ខ្ជិល​ខ្វាយខ្វល់​នឹង​តុលាការ​»​។​
 
​យ៉ាងណាក៏ដោយ ចៅក្រម​ស៊ើបសួរ បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង ដែល​លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ​។ តែ គេ មិនទាន់​ឃើញ​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ដំណោះស្រាយ ដែល​ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​នៅឡើយ​ទេ​។  
 
​លោក សម រង្ស៊ី រង​បទ​ចោទ​ញុះញង់​យោធា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ និង​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ  កាល​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨​។ 
 
​បើ​សរុបទៅ លោក សម រង្ស៊ី បាន​រង​បណ្តឹង​មិនតិចជាង​១០​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕
 
អត្ថបទទាក់ទង
 
 

Tag:
 សម រង្ស៊ី​
  សំ សុ​គង់​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com