អន្តរជាតិ
ថៃ​៖ អ្នកបើកបរ​លើស​ល្បឿន​កំណត់ និង​មាន​ជាតិ​ស្រវឹង ប្រឈម​នឹង​បទ​ចោទ​មនុស្សឃាត​
05, Apr 2019 , 9:59 pm        
រូបភាព
រូបថត៖ Bangkok Post
រូបថត៖ Bangkok Post
ដោយ:
​ឧបនាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwon  បាន​និយាយថា លោក​បានចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចោទប្រកាន់​បទល្មើស​មនុស្ស​ឃាត ចំពោះ​អ្នកបើកបរ​ជិះ​លើស​ល្បឿន​កំណត់ និង​មាន​ជាតិ​ស្រវឹង ដែល​បង្ក​ឲ្យ​អ្នកដទៃ​ស្លាប់​ក្នុងអំឡុងពេល​ថ្ងៃ​ចូលឆ្នាំថ្មី​ខាងមុខនេះ​។

 
​ថ្លែង​នៅឯ​ក្រសួងការពារជាតិ​ថៃ នៅ​ថ្ងៃ​សុក្រ​ទី​៥ ខែមេសា លោក Prawit លើកឡើងថា​៖«​ខ្ញុំ​ព្រួយបារម្ភ​ថា ការបើកបរ​ដោយមាន​ផ្ទុក​ជាតិ​ស្រវឹង និង​លឿ​ស​ល្បឿន​កំណត់ អាច​សម្លាប់​អ្នកដទៃ​។ យើង​ត្រូវ​ព្យាយាម​កាត់បន្ថយ​ការស្លាប់​ដោយសារ​មូលហេតុ​ទាំងនេះ​។ ដូច្នេះហើយ មនុស្ស​គ្រប់គ្នា​ដែល​ល្មើ​សនឹង​ល្បឿន​កំណត់ ឬ​បើកបរ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ហើយ​ធ្វើ​ឲ្យ​អ្នកដទៃ​ស្លាប់​នោះ ពួកគេ​នឹង​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​មនុស្សឃាត​»​។ 
 
​ចំណាត់ការ​ថ្មី​នេះ នឹងដាក់​បន្ថែម​ជាមួយ​ចំណាត់ការ​ដទៃទៀត ដែល​ត្រូវបាន​ដាក់ចេញ​កាលពី​ថ្មីៗ​នេះ ក្នុង​គោលដៅ​ពង្រឹង​សុវត្ថិភាព​ផ្លូវថ្នល់​អំឡុងពេល​ចូលឆ្នាំថ្មី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Prawit ដោយ​បន្ថែមថា ចំណាត់ការ​ផ្សេងទៀត​នោះ​គឺ​រួមមាន ដកហូត​យានជំនិះ​របស់​អ្នកបើកបរ​ដែលមាន​ផ្ទុក​ជាតិ​ស្រវឹង​ជាដើម​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post លោក Prawit ដែលមាន​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ផង​នោះ បានបញ្ជាក់​ជាថ្មី​ថា អ្នក​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ក្នុងពេល​ចូលឆ្នាំថ្មី នឹងត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​នៅ​ពី​បាំង​ក្រោយ​នៃ​រថយន្ត Pickup ដូច​ធម្មតា​។ 
 
អត្ថបទទាក់ទង
 
 
​សួ​ម​បញ្ជាក់ថា ទោះបី​ជាមាន​យុទ្ធនា​ការធានា​សុវត្ថិភាព​ផ្លូវថ្នល់​សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ក៏ដោយ​ក្តី គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​កើត​ឡើងដល់ ៣៧២៤ ករណី កាលពី​ឆ្នាំមុន ដែល​សម្លាប់​មនុស្ស ៤១៨​នាក់ និង​របួស ៣៨៩៧​នាក់​ផ្សេងទៀត​។ 
 
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តា​លពី​មក​បើកបរ​ដោយមាន​ផ្ទុក​ជាតិ​ស្រវឹង និង​ហួស​ល្បឿន​កំណត់​។ យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ថៃ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស ២០ ១៦៩​នាក់ កាលពី​ឆ្នាំ​២០១៨៕
 

Tag:
 ថៃ​
  Prawit Wongsuwon
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com