ជាតិ
សង្គមជាតិ
មិន​បំភ្លេច​ឡើយ​! សង្ឃ​ជប៉ុន​បន្ត​អង្គាស​បាន​ជាង​១​ម៉ឺន​ដុល្លារ​ជួយ​ដល់​គ្រួសារ​សព​ដែល​ជនជាតិ​ខ្លួន​សម្លាប់​
17, May 2019 , 12:44 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​មិត្តភាព​អ៊ិម​ពិ​គុ (The Enpuku Friendship Association/EFA) ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ Kosei Fujimoto រៃអង្គាសប្រាក់​បាន​ចំនួន​១១,០០០​ដុល្លារ ជូន​គ្រួសារ​សព លោក ហ៊ឹម ចាន់ ដែល​ជនជាតិ​ជប៉ុន​២​នាក់​ប្លន់​សម្លាប់ កាលពី​ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​នៅ​ភូមិសាស្ត្រ​ស្រុក​ពួក ខេត្តសៀមរាប​។ ព្រះសង្ឃ Fujimoto ជាមួយ​សមាជិក​១៦​រូប បាន​ប្រគល់ឱ្យ​គ្រួសារ​សព នៅ​ថ្ងៃទី​១៦ ខែឧសភា​។ ជាមួយគ្នានេះ ព្រះអង្គ និង​ព្រះសង្ឃ​ខ្មែរ ក៏បាន​និមន្ត ដើម្បី​សូត្រមន្ត​បង្សុកូល ឧទ្ទិស​កុសល ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​ផងដែរ​។

 
 
អត្ថបទទាក់ទង

 
«​ថវិកា​នេះ បានមកពី​ការ​រៃអង្គាស​ពី​ជនជាតិ​ជប៉ុន​ប្រមាណ​២០០​នាក់​នៅ​រស់នៅ​ជប៉ុន ដោយ​ពួកគាត់​មាន​ទឹកចិត្ត​អាណិតអាសូរ សោកស្តាយ និង​ចង់​សុំ​ការ​អភ័យទោស​ពី​គ្រួសារ​សព​»​។ នេះ​ជា​ដីកា​អះអាង​របស់​ព្រះអង្គ Kosei Fukimoto តាមរយៈ​អ្នកបកប្រែ​ភាសា ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន ThmeyThmey ។​


 
​ប្រធាន​សមាគម​មិត្តភាព​អ៊ិម​ពិ​គុ​អង្គ​នេះ រំពឹងថា ថវិកា​ជាង​១​ម៉ឺន​ដុល្លារ​បន្ថែមទៀត​នេះ អាចជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​សព ជាពិសេស​ការរៀនសូត្រ​របស់​កូនៗ​ពួកគាត់​។  ព្រះអង្គ Fujimoto បាន​អះអាងថា ព្រះសង្ឃ ក៏ដូចជា​ជនជាតិ​ជប៉ុន​ផ្សេងទៀត នឹង​បន្ត​យកចិត្តទុកដាក់​លើ​គ្រួសារ​សព​។​
 
​ព្រះអង្គ​មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​៖ «​ការប្រមូល​ថវិកា វា​មិនមែនជា​បញ្ហា​នោះទេ​។ អ្វី​ជា​បញ្ហា​នោះ តើ​ថវិកា​ដែល​ខ្ញុំ​ប្រមូល​បានឱ្យ​គ្រួសារ​សព​បន្តទៀត​នោះ​...​តើ​ភរិយា​សព​ប្រើប្រាស់​ថវិកា​ទាំងនេះ​ដោយ​របៀប​ណា​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព ឬ​សម្រាប់​ឱ្យ​កូនចៅ​បន្ត​ការសិក្សា​ដល់​កម្រិតណា​។ ថ្វី​ដ្បិត ការប្រមូលប្រាក់​នេះ មិនអាច​ឱ្យ​ជនរងគ្រោះ​រស់​ឡើងវិញ ក៏ដោយ ប៉ុន្តែ​វា​នឹង​ជួយ​ឱ្យ​គ្រួសារ​សព​រស់នៅ​បានល្អ​ប្រសើរ​ក្នុង​រយៈពេល​ណាមួយ​»​។ 

 
 
​សូម​រម្លឹកថា ក្រោយ​មាន​ករណី​ប្លន់​សម្លាប់ ដែល​បង្កឡើង​ដោយ​ជនជាតិ​ជប៉ុន​២​រូប នៅក្នុង​ទឹកដី​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៧​មីនា ឆ្នាំ​២០១៩ មាន​សប្បុរសជន​ជប៉ុន អង្គការ សមាគម​ជប៉ុន ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្លិប​កីឡាបាលទាត់ បាន​ចូលរួម​រំលែក​ទុក្ខ និង​ជួយឧបត្ថម្ភ​ថវិកា ដល់​គ្រួសារ​សព​ជា​ហូរហែរ ។ 

រូបភាពផ្តល់ដោយ លោកSophat Keo​។
 
​ដោយឡែក ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់ ដែល​បាន​ប្លន់​សម្លាប់ លោក ហ៊ឹម ចាន់  មាន​ឈ្មោះថា Reimon Ishi មកពី Chiba និង ឈ្មោះ Ryuji Nakakuki មកពី Fukushima បាន​សារភាពថា ពូកគេ​ប្លន់​សម្លាប់​អ្នកបើក​តាក់ស៊ី​ដើម្បី​រកលុយ​ដោះបំណុល​ធនាគារ​នៅ​ជប៉ុន​៕


រូបភាពផ្តល់ដោយ លោកSophat Keo​។
 

Tag:
 ជប៉ុន​
 ​ប្លន់
© រក្សាសិទ្ធិដោយ thmeythmey.com