កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA សុខចិត្ត​ប្តូរ​ច្បាប់​ខ្លះ​ដើម្បី​បើកផ្លូវ​ឲ្យ​ចិន​អាច​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup ២០៣០
06, Jun 2019 , 9:19 pm        
រូបភាព
​លោក Gianni Infantino ដែល​ទើប​ជាប់ឆ្នោត​ធ្វើ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) អាណត្តិ​ទី​២ បាន​បើកទ្វារ​ឲ្យ​ចិន​អាច​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត World Cup ឆ្នាំ​២០៣០ តាមរយៈ​ការប្តូរ​ច្បាប់​របស់ FIFA មួយចំនួន​។ ការផ្តល់​ឱកាស​បែបនេះ នឹងធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ដែល​រំពឹង​ធ្វើ​ម្ចាស់ផ្ទះ​ដែរនោះ​ស្ថិតក្នុង​ភាពស្រពិចស្រពិល​ព្រោះ​ត្រូវ​ប្រជែង​ជាមួយ​ប្រទេស​ដែលមាន​មហិច្ឆតា​ខ្លាំង​បែបនេះ​។​


 
​ប្រសិនបើ FIFA នៅតែ​អនុវត្ត​តាមច្បាប់​ចាស់​ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ប្រទេស​ក្នុង​ទ្វីប​តែមួយ​ដេញថ្លៃ​ដឹកនាំ​ព្រឹត្តិការណ៍ World Cup នៅ​២​លើក​បន្ទាប់​នោះ ចិន​នឹង​មិនអាច​ចូលរួម​ដេញថ្លៃ​បានឡើយ ដ្បិត​កាតា​ដែល​ស្ថិតនៅ​តំបន់​អាស៊ី​ដូចគ្នា​ត្រូវ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២​រួចហើយ​។​
 
​ប៉ុន្តែ​នៅពេលនេះ​លោក Infantino ដែល​ជាប់ឆ្នោត​ដឹកនាំ​ស្ថាប័ន​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​ពិភពលោក​រយៈពេល​៤​ឆ្នាំ​ទៀត នៅឯ​សមាជ FIFA លើក​ទី​៦៩ នៅ​ក្រុងប៉ារីស បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា​ច្បាប់​ខាងលើ​អាច​ត្រូវ​ផ្លាស់ប្តូរ​វិញ​ដើម្បី​បើកផ្លូវ​ឲ្យ​មហា​យក្ស​ចិន​អាច​ដេញថ្លៃ​បាន ប្រសិនបើ​ពួកគេ​ពិតជា​ចង់​ធ្វើ​មែន​នោះ​។​
 
​នៅពេល​សួរ​អំពី​ការកែប្រែ​ច្បាប់ និង​ការកំណត់​ពេលវេលា​សម្រាប់​ដំណើរការ​ដេញថ្លៃ​នោះ បុរស​សញ្ជាតិ​ស្វ៊ី​សវ័យ​៤៩​ឆ្នាំ​បញ្ជាក់ថា​៖«​ខ្ញុំ​មិនទាន់​ដឹង​ទេ ពីព្រោះ​ការសម្រេចចិត្ត​ទាំងនេះ​ត្រូវធ្វើឡើង​ដោយ​ក្រុមប្រឹក្សារដ្ឋ​របស់ FIFA ហើយ​យើង​នឹង​ពិភាក្សាគ្នា​នៅ​កិច្ចប្រជុំ​បន្ទាប់​របស់​យើង​ក្នុង​ខែតុលា​ខាងមុខ នៅឯ​សៀង​ហៃ​»​។​
 
​និយាយ​អំពី​ចិន​វិញ មហាអំណាច​សេ​ដ្ខ​កិច្ច​លំដាប់​ទី​២​ពិភពលោក​មួយ​នេះ​ពិតជា​បានបង្ហាញ​មហិច្ឆតា​របស់​ពួកគេ​ក្នុងការ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ World Cup នៅ​ឆ្នាំ​២០២៦ ឬ​២០៣០ ពិតមែន​។ អ្វីដែល​យើង​មើលឃើញ ប្រទេស​យក្ស​មួយ​នេះ បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​ដើម្បី​អភិ​វ​ឍ្ឍ​វិស័យ​កីឡាបាល់ទាត់​របស់ខ្លួន​តាមរយៈ​ការនាំយក​បុគ្គល​មានឈ្មោះ​ល្បីៗ​ទៅ​បំផុសគំនិត​កីឡាករ​របស់​ពួកគេ​ដើម្បី​ឈានដល់​កម្រិត​ខ្ពស់​មួយ​។ តួយ៉ាង​ដូចជា​លោក Marcello Lippi នេះ​គឺ​ចិន​ត្រូវ​ចំណាយ​ប្រាក់​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​សម្រាប់​តួនាទី​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិចិន​។​
 
​តាមរយៈ​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការចង់បាន​របស់​ចិន​ក្នុង​ការទទួល​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ ប្រាកដជា​ជះឥទ្ធិពល​ដល់​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​មិន​ខាន​ស្របពេល​ប្រទេស​អឺរ៉ុប​ទាំងពីរ​ចង់បាន​តំណែង​នេះដែរ​។​
 
​ចិន​ក៏​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី AFC Asian Cup ឆ្នាំ ២០២៣ ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Gianni Infantino
  FIFA World Cup
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com